កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo រំពឹងថា មានឱកាស​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ Messi
30, Aug 2019 , 9:39 pm        
រូបភាព
រូបភាព៖ វេបសាយផ្លូវការរបស់ UEFA
រូបភាព៖ វេបសាយផ្លូវការរបស់ UEFA
​វត្តមាន Cristiano Ronaldo និង Lionel Messi ក្នុង​កម្មវិធី​ប្រកាស​ជ័យលាភី​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់​អឺរ៉ុប (UEFA Men's Player of the Year) និង​ចាប់ឆ្នោត​រើស​ពូ​ល​ក្របខណ្ឌ Champions League ឆ្នាំនេះ ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកចូលរួម និង​អ្នកតាមដាន​ជុំវិញ​ពិភពលោក​។​


 
​អ្នក​ទាំងពីរ បាន​និយាយ​អំពី​ការ​ប្រជែង​គ្នា​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមក​ក្នុង​វិស័យ​បាល់ទាត់ អំឡុង​ចូលរួម​កម្មវិធី​ខាងលើ ដែល​រៀបចំ​នៅ​ប្រទេស​ម៉ូ​ណា​កូ នា​យប់​ថ្ងៃទី​២៩ ខែសីហា​។ ក្នុង​បទសម្ភាសន៍​បែប​សប្បាយៗ​ពី​សំណាក់​ពិ​ការិនី Ronaldo ថែមទាំង​បង្ហើប​សំដី​ថា​រូបគេ​ចង់​បបួល Messi ញ៉ាំ​អាហារ​ពេល​ល្ងាច​ម្តង​នៅ​ថ្ងៃ​ណាមួយ​។ 


 
​ខ្សែប្រយុទ្ធ Juventus និង​ខ្សែបម្រើ​របស់ Barcelona ជាប់​ឈ្មោះ​បេក្ខភាព​៣​រូប​ចុងក្រោយ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ UEFA សម្រាប់​សមិទ្ធផល​រដូវ​កាល​មុន​។ យ៉ាងណា បើ​ទោះ​ខ្សែការពារ Virgil van Dijk របស់​ក្រុម Liverpool ជា​អ្នក​គ្រង​ពាន​នេះ​ក៏ដោយ ប៉ុន្តែ​ក៏​មិនបាន​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​ខូច​អារម្មណ៍​នោះដែរ​។ ផ្ទុយទៅវិញ Ronaldo និង Messi បែ​ជា​ញ៉ាំង​ឲ្យ​កម្មវិធី​ទាំងមូល​កាន់​តែមាន​ភាពសប្បាយ​រីករាយ​ទៅវិញ​។​
 
​អំឡុងពេល Ronaldo ប្រកប​អាជីព​នៅ Real Madrid ជិត​១០​ឆ្នាំ ពោលគឺ​មុនពេល​ចេញទៅ Juventus ជា​សម័យកាល​ដ៏​ក្តៅគគុក​សម្រាប់​ការ​ប្រជែង​គ្នា​ជាមួយ Barca ដែលមាន Messi​។ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ និង​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន​តែងតែ​ត្រូវបាន​គេ​ប្រៀបធៀប​ពី​ទម្រង់​លេង ជាពិសេស​អ្នកការ​សែត​កីឡា​នៅ​ជុំវិញ​ពិភពលោក​តែម្តង ដែល​នាំ​ឲ្យ​ពួ​គេ​ទាំងពីរ​ទើសទាល់​នឹង​គ្នា​។​

 
 
​យ៉ាងណាក៏ដោយ នៅពេល​ឆ្លើយ​សំណួរ​របស់​ពិធី​ការិនី​ថា​ហេតុអ្វី​អ្នក​ទាំងពីរ​មិនសូវ​បាន​និយាយ​គ្នាច្រើន​សោះ បើ​ទោះ​មាន​វត្តមាន និង​អង្គុយ​ជិតគ្នា​នៅទីនេះ​ស្ទើរ​រាល់​ឆ្នាំ Ronaldo ឆ្លើយ​ទាំង​ញញឹម​បន្ទាប់ពី​ការបកស្រាយ​របស់ Messi ថា​៖«​ជាការ​ពិត​យើង​មាន​ទំនាក់ទំនង​ល្អ​។ យើង​មិនដែល​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយគ្នា​នៅឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា​នាពេល​អនាគត​យើង​អាច​។ គាត់​បាន​ជំរុញ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជា​អ្នកជំរុញ​គាត់​ដែរ​ក្នុងការ​ក្លាយជា​កីឡាករ​លំដាប់​ពិភពលោក​ដល់​សព្វថ្ងៃ​។ វា​ពិតជា​អស្ចារ្យ ដែល​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​បាល់ទាត់​»​។ 
​ការបកស្រាយ​របស់ Ronaldo បែបនេះ បានទទួល​ការ​សាទរ​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកចូលរួម​ទាំងអស់​ក្នុង​កម្មវិធី​ប្រចាំឆ្នាំ​របស់ UEFA នេះ​៕
 

Tag:
 Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com