ជាតិ
គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បើក​ប្រកួត​ស្នាដៃ​ស្ថាបត្យកម្ម​«​វិថី​លក់​ម្ហូបអាហារ​» សម្រាប់​ខេត្ត​កែប​
31, Aug 2019 , 8:59 am        
រូបភាព
​ដោយ​៖ ឆាយ រង្សី​
 
​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាលខេត្ត​កែប និង​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា ដាក់ចេញ​នូវ​កម្មវិធី​ប្រកួតប្រជែង គម្រោង​ប្លង់​ស្ថាបត្យកម្ម លើ​គម្រោង​ស្ថាបត្យកម្ម​វិថី​លក់​ម្ហូបអាហារ (FOOD STREET) សម្រាប់​ក្រុងកែប​។ នេះ​បើតាម​ការចុះផ្សាយ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​។

 
​កម្មវិធី​ប្រកួតប្រជែង​នេះ គឺ​ដើម្បី​បង្កើន​គុណភាព និង​ភាព​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​របស់​ខេត្ត​កែប ដែលជា​ខេត្ត​ជ័យលាភី​ទីក្រុង​ស្អាត​ចំណាត់ថ្នាក់​ផ្ការំដួល​បី​ទង​ថ្នាក់ជាតិ និង​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ក៏ដូចជា​ចូលរួមចំណែក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន ពិសេស​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​«​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​»​។​
 
​ប្រភព​ដដែល បញ្ជាក់ទៀតថា ការប្រកួតប្រជែង​ស្នាដៃ​ស្ថាបត្យកម្ម​នេះ គឺ​សម្រាប់តែ​និស្សិត ដែល​កំពុង​សិក្សា​ឆ្នាំ​ទី​៣ ទី​៤ និង​ទី​៥ នៅតាម​បណ្តា​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ដែលមាន​ជំនាញ​ស្ថាបត្យកម្ម និង​នគ​រោ​ប​នី​យ​វិទ្យា ឬ​ទេសចរណ៍ និង​ជំនាញ​ពាក់ព័ន្ធ​។ ក្រុម​នីមួយ ត្រូវមាន​សមាជិក​៣​រូប​។ 
 
​ក្រសួងទេសចរណ៍​បញ្ជា​ក់ទៀត​ថា ស្នាដៃ​របស់​បេក្ខជន​ទាំងអស់ ត្រូវមាន​សោភណភាព​ល្អ បង្ហាញ​ពី​អត្តសញ្ញាណ​ស្ថាបត្យកម្ម​បែប​ខ្មែរ​, បែប​ទំនើប ឬ​ស្ថាបត្យកម្ម​បែប​សហស្ស​វត្សរ៍ ដោយ​គោរព​នូវ​បទដ្ឋាន និង​ក្បូន​ខ្នាត​ច្បាស់លាស់​។ គម្រោង​ប្លង់​នេះ ក៏ត្រូវ​តែមាន​ការ​រចនា​ទាក់ទង​ពី​ការអភិវឌ្ឍន៍​បៃតង និង​លក្ខណៈ​នៃ​បែបបទ​ទូទៅ នៃ​ស្ថាបត្យកម្ម​ទាក់ទង​នឹង​ទីតាំង​ភូមិសាស្ត្រ នៃ​ទីក្រុង រួមទាំង​គិតគូរ​ពី​ការអភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​ភាព​ឆ្លាត​វៃ (Smart City)​។​
 
​ជ័យលាភី​លេខ​១ នឹង​ទទួលបាន​ថវិកា​ចំនួន ៤​លាន​រៀល​, លេខ​២ ថវិកា​ចំនួន ៣​លាន​រៀល និង​លេខ​៣ ថវិកា​ចំនួន ២​លាន​រៀល រួមទាំង​វិញ្ញាបនបត្រ​បញ្ជាក់​ជ័យលាភី​ម្នាក់​មួយ​។ នេះ​បើតាម​ក្រសួងទេសចរណ៍ ដែល​បាន​បន្តថា ការទទួល​ពាក្យ​ចូលរួម​ប្រកួតប្រជែង ចាប់ផ្តើម​ពីថ្ងៃ​នេះ ដល់​ថ្ងៃទី​២២ ខែកញ្ញា​។ 
 
​និស្សិត អាចដាក់​ពាក្យសុំ​ប្រកួតប្រជែង​ស្នាដៃ នៅ​នាយកដ្ឋាន​សណ្ឋាគារ និង​ម្ហូបអាហារ​នៃ​ក្រសួងទេសចរណ៍ ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៣A ផ្លូវ​១៦៩ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ (​ជាន់​ទី​៤) និង​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ​តាម​Online : https://forms.gle/kM38ReNmVEM5xHTG8​។ នេះ​បើតាម​ក្រសួងទេសចរណ៍​ដដែល​៕

Tag:
 ប្រកួតប្រជែង​
 ​កែប​
 ​ក្រសួងទេសចរណ៍​
 ​ស្ថាបត្យកម្ម​
  FOOD STREET
  Smart City
© រក្សាសិទ្ធិដោយ thmeythmey.com