ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​ភ្ញៀវទេសចរ​ខ្មែរ និង​បរទេស និយាយ​អ្វីខ្លះ​ពី​ផ្សារ​ទួល​ទំពូង​?
31, Aug 2019 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ជា​រៀងរាល់ថ្ងៃ ផ្សារ​ទួល​ទំពូង ឬ​ផ្សារ​រុស្សី មាន​សកម្មភាព​លក់ដូ​រ​យ៉ាង​មមាញឹក ដោយមាន​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចេញចូល​ទិញ​ទំនិញ និង​វត្ថុ​អនុស្សាវរីយ៍​បណ្តាក់​គ្នា​ឥត​ដាច់​។ តើ​ផ្សារ​ទួល​ទំពូង​មាន​លក្ខណៈពិសេស​អ្វីខ្លះ​? តើ​អ្នកទេសចរ​បរទេស និង​អតិថិជន​ខ្មែរ និយាយ​អ្វីខ្លះ​ពី​ផ្សារ​ទួល​ទំពូង​? 


 
​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍ ដែល​រៀបចំ ដោយ លោក រ៉ឹ​ម ភា​រី នៃ​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖ 



 
​ផ្សារ​ទួល​ទំពូង ឬ​ផ្សារ​រុស្សី មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ផ្សារ​ដ៏​ចំណាស់​មួយ​នេះ ក្លាយជា​កន្លែង​លក់ទំនិញ​ចម្រុះ ប៉ុន្តែ​អ្វីដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅទីនេះ​នោះ គឺ​ការលក់​សម្លៀកបំពាក់​យ៉ាង​សម្បូរបែប និង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ច្រើនសន្ធឹក​សន្ធាប់​។ 
 
​លោក Thomas Lazaridis ជា​ភ្ញៀវទេសចរ​ម្នាក់ ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​ជាច្រើន​ទៀត ដែល​ដើរ​ទិញ​ទំនិញ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​នៅក្នុង​ផ្សារ​ទួល​ទំពូង​។ ទេសចរ​ជនជាតិ​បារាំង​រូបនេះ ស្គាល់​ផ្សារ​ទួល​ទំពូង​តាមរយៈ​មិត្តភក្តិ​។ Thomas Lazaridis ដែល​ពាក់អាវ​ក្រណាត់​ដៃខ្លី និង​ខោ​ខូវ​ប៊ូ​យ ដៃ​ទាំងសងខាង​កាន់​ថង់​សំពីងសំពោង​ដែល​ក្នុងនោះ​មាន​សុទ្ធតែ​សម្លៀកបំពាក់​នោះ បានចាត់ទុក​ផ្សារ​ទួល​ទំពូង​ថា ជា​កន្លែង​ដ៏​ល្អ​នៅក្នុង​ការទិញ​សម្លៀកបំពាក់ និង​វត្ថុ​អនុស្សាវរីយ៍​។ 


 
​លោក Thomas Lazaridis បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​នៅទីនេះ​មាន​របស់របរ​គ្រប់យ៉ាង​។ ខ្ញុំ​អាច​ទិញ​អ្វីៗ​បាន​គ្រប់យ៉ាង ដូចជា​វត្ថុ​អនុស្សាវរីយ៍ និង​សម្លៀកបំពាក់​ជាដើម​។ ទីនេះ ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការទិញ​អីវ៉ាន់ ហើយ​តម្លៃ​ទៀតសោត​ក៏​សមរម្យ​។ ផ្សារ​ទួល​ទំពូង​ជា​កន្លែង​ដ៏​ល្អ​មួយ​»​។​
 
​ចេញពី​តូប​សម្លៀកបំពាក់​តែ​បន្តិច គេ​សង្កេតឃើញ​មាន​តូប​លក់​វត្ថុ​អនុស្សាវរីយ៍​តម្រៀប​គ្នា​ស្អេកស្កះ​។ តូប​នីមួយៗ បានដាក់​តាំង​វត្ថុ​ធ្វើ​ពី​ឈើ ថ្ម ស្ពាន់ និង​ប្រាក់​ជាដើម ដែល​បាន​រចនា​ម៉ូដ​ផ្សេងៗ​គ្នា ដោយ​ខ្លះ​ដាក់​ផ្ទាល់​លើ​ឥដ្ឋការ៉ូ និង​ខ្លះទៀត​ព្យួរ​តាម​ជញ្ជាំង​តូប លាយឡំ​នឹង​សម្រស់​អំពូង​ភ្លើងពណ៌​លឿង ក្រហម​យ៉ាង​ស្រស់ស្អាត ប្រកបដោយ​របៀបរៀបរយ​។​
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​អំពី​ទិដ្ឋភាព​ទូទៅ​របស់​ផ្សារ ទួល​ទំពូង ខាងក្រោម​នេះ​៖  
 
 
​កំពុង​ដើរ​មើល​នាឡិកា​ក្នុង​តូប​មួយ​ជាមួយ​នារី​ម្នាក់ ទាំង​មិនទាន់បាន​ទិញ​អ្វី​នៅឡើយ លោក Faith Kim ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ ដែលមាន​សក់ស្លូត រាង​ខ្ពស់ និង​សម្បុរ​ស បាន​រៀបរាប់ថា​៖ «​ខ្ញុំ​ស្រឡាញ់​នាឡិកា​នៅ​ផ្សារ​ទូល​ទំពូង​។ វា​មាន​នាឡិកា​ច្រើនណាស់​នៅ​ផ្សារ​ទួល​ទំពូង​។ ខ្ញុំ​មាន​អារម្មណ៍​ថា​រំភើប​ណាស់​»​។​
 
​ក្នុង​វ័យ​២៧​ឆ្នាំ Faith Kim បានមក​លេង​នៅ​កម្ពុជា​ចំនួន​២​ថ្ងៃ ប៉ុន្តែ មុន​ត្រឡប់​ទៅ​កូរ៉េ​វិញ លោក​ក៏​ឆ្លៀត​ចូល​ទិញ​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​។ មិន​ខុសពី​ភ្ញៀវទេសចរ​ដទៃ​ប៉ុន្មាន​ទេ ការ​មក​ផ្សារ​ទួល​ទំពូង ក៏​ព្រោះ​នៅទីនេះ ក្រៅពី​មាន​ទំនិញ​ច្រើន​ងាយស្រួល​ជ្រើសរើស និង​មានតម្លៃ​ធូរ​ថ្លៃ ចំណែក​អាជីវករ​មួយចំនួន ក៏​អាច​និយាយ​ភាសា​អង់គ្លេស​បាន ដែល​បង្កើត​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនង​។  
 
​អ្នកស្រី Agnes ភ្ញៀវទេសចរ​ជនជាតិ​បារាំង ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​រយៈពេល​២​សប្តាហ៍ ហើយ​បានមក​ផ្សារ​ទូល​ទំពូង អំឡុងពេល​អ្នកស្រី​ស្នាក់នៅ​ភ្នំពេញ បន្ទាប់ពី​បាន​ទៅ​ទស្សនា​តំបន់​អង្គរ កំពត និង​ខេត្ត​កែប​ជាមួយ​សមាជិកគ្រួសារ និង​មិត្តភក្តិ​៦​នាក់​ទៀត​។ ដើរ​បណ្តើរ ជជែក​គ្នា​បណ្តើរ អ្នកស្រី Agnes ដែលមាន​វ័យ​៦៣​ឆ្នាំ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖ «​ចាស​! មិត្តភក្តិ​ខ្ញុំ​មក​ទីនេះ គាត់​បាន​ទិញ​អាវយឺត​។ តែ​សម្រាប់ ខ្ញុំ​មិន​ទិញ​អ្វី​ទេ​។ ពេល​ខ្ញុំ​មក​ទីនេះ ខ្ញុំ​មាន​អារម្មណ៍​ថា​រីករាយ​»​។    


 
​តាមពិតទៅ ផ្សារ​ទួល​ទំពូង ក្រៅពី​ជាទី​ចូលចិត្ត​របស់​អ្នកទេសចរ​បរទេស តែ​ផ្សារ​នេះ ក៏​ជាទី​ពេញនិយម​របស់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផងដែរ​។ អ្នកស្រី សៀ សុធី​មុនី​រម្យ ដែលមាន​ផ្ទះ​ម្តុំ​ផ្សារ​ហេង​លី ប៉ុន្តែ អ្នកស្រី​បែរ​ធ្វើដំណើរ​ឆ្ងាយ​គួរសម ដើម្បី​មក​ទិញ​ទំនិញ​កូនក្មេង​នៅ​ផ្សារ​ទួល​ទំពូង​នេះដែរ​។ 
 
​កំពុង​រើស​ខោអាវ​កូនក្មេង ជាមួយ​កូនតូច​ដែល​គេង​ក្នុង​រទេះរុញ អ្នកស្រី សៀ សុធី​មុនី​រម្យ ដែលមាន​វ័យ​២៩​ឆ្នាំ មាន​រាង​ខ្ពស់ និង​សម្បុរ​ស  បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​នៅទីនេះ អីវ៉ាន់ មើលទៅ​វា​សមរម្យ តម្លៃ​ក៏​សមរម្យ គុណភាព​ក៏​ល្អ អាច​ប្រើ​បាន​។ បើ​សម្រាប់​ខ្ញុំ ខ្ញុំ​មក​ទីនេះ ភាគច្រើន​ទិញ​ឥ​វ៉ាន់​កូនក្មេង ព្រោះ វា​ធូរ​ថ្លៃ និង​អាច​ប្រើប្រាស់​បាន​»​។​
 
​ផ្សារ​ទួល​ទំពូង ក្រៅពី​ល្បី​ថា មាន​សម្លៀកបំពាក់​តម្លៃ​ធូរ​ថ្លៃ និង​មាន​លក់​វត្ថុ​អនុស្សាវរីយ៍​ដ៏​សម្បូរបែប​ហើយ​នោះ ទីប្រជុំជន​មួយ​នេះ ក៏ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កន្លែង​លក់​ឧបករណ៍​គ្រឿងបន្លាស់​ម៉ាស៊ីន​ដ៏​ធំ​មួយ និង​ជា​កន្លែង​មាន​ម្ហូបអាហារ​ឆ្ងាញ់​ផងដែរ​។ លោក នៅ សុធា​រិ​ទ្ធ និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល ក៏បាន​ស្កាត់​មក​ហូបបាយ​ថ្ងៃត្រង់​នៅទីនេះ​ជារឿយៗ​។ 
 
​ពាក់អាវ​ស​ទី​នុយ​ជាមួយ​ខោ​ខ្មៅ លោក នៅ សុធា​រិ​ទ្ធ ដែលមាន​៣៨​ឆ្នាំ បាន​បរិយាយ​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​មក​ញឹកញាប់​ដែរ​។ ខ្ញុំ​រៀន​នៅ​សាលា​អឺ​រ៉ា​(​ភូមិន្ទ​រដ្ឋបាល​) តែ​ខ្ញុំ​មក​ញាំ​បាយ​នៅទីនេះ​ញឹកញាប់​ដែរ ព្រោះ​នៅទីនេះ មាន​ម្ហូប​ច្រើន​។ ហើយ​នៅពេល​ញ៉ាំ​បាយ​ហើយ សល់​ម៉ោង​ខ្ញុំ​ដើរលេង​»​។ 
 
​ផ្សារ​ទួល​ទំពូង មាន​តូប​ចំនួន​១៣៧៤​តូប​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក សូ ប៉ូច គណៈកម្មការ​ផ្សារ​ទួល​ទំពូង​។ បើតាម​លោក សូ ប៉ូច ផ្សារ​ទួល​ទំពូង ត្រូវបាន​បង្កើតឡើង​នៅក្នុង​អំឡុង​ឆ្នាំ​១៩៥៣ ប៉ុន្តែ ភ្ញៀវទេសចរ​បរទេស​ភាគច្រើន មិនសូវ​ស្គាល់ឈ្មោះ​ផ្សារ​ទួល​ទំពូង​ឡើយ​។ ប៉ុន្តែ ពួកគេ​បែរជា​ស្គាល់​ផ្សារ​នេះ​ថា ជា​ផ្សារ​រុស្សី​ទៅវិញ​។ លោក​ពន្យល់ថា មូលហេតុ​ដែល​ពួកគេ​ហៅ​ផ្សារ​នេះ​ថា ជា​ផ្សារ​រុស្សី ព្រោះ​នៅពេល​រុស្សី​ដាក់​ទូត​នៅ​កម្ពុជា ពេលនោះ​មាន​ជនជាតិ​រុស្សី​ជាច្រើន​ចូលចិត្ត​មក​ផ្សារ​ទួល​ទំពូង ហេតុនេះហើយ ទើប​ភ្ញៀវទេសចរ​អន្តរជាតិ តែងតែ​ហៅ​ផ្សារ​នេះ​តៗ​គ្នា ថា​ផ្សារ​រុស្សី​។ បើ​គណៈកម្មការ​ផ្សារ​ទួល​ទំពូង​ដដែល ផ្សារ​ទួល​ទំពូង នឹងមិន​មានការ​អភិវឌ្ឍ​ន៍​អ្វី​ឡើយ ដោយ​នៅតែ​រក្សា​ទម្រង់​ដើម ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ស្គាល់​បាន​កាន់តែច្រើន​៕  

Tag:
 ផ្សារ​ទួល​ទំពូង​
 ​ភ្ញៀវទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com