ONE Championship
កីឡាជាតិ
ជាតិ
Brice Delval នឹងធ្វើ​ឲ្យ​ម្ចាស់​ខ្សែក្រវាត់ Nong-O ខកចិត្ត​នៅ​វៀតណាម​
30, Aug 2019 , 5:09 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
Brice Delval រហស្សនាម «The Truck » ជឿជាក់ថា អាចធ្វើ​ឲ្យ​ម្ចាស់​ខ្សែក្រវាត់ Nong-O Gaiyanghadao ខកចិត្ត​នៅ​សង្វៀន ONE: IMMORTAL TRIUMPH ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​លើកដំបូង​។  នៅ​ថ្ងៃ​សុក្រ​ទី​៦ ខែកញ្ញា ខាងមុខ​ម្ចាស់​ខ្សែក្រវាត់ S1 Muay Thai World Champions សញ្ជាតិ​អាល់​ហ្សេ​រី នឹង​សាកល្បង​សមត្ថភាព​ដ៏​ខ្លាំងក្លា​ក្នុង​អាជីព​នៅ​ក្រុង​ហូជីមិញ​ពេល​ជួប ជើង​ខ្លាំង​ថៃ Nong-O Gaiyanghadao ដើម្បី​ប្រជែង​យក​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Title​។

 
​កីឡាករ​វ័យ​២០​ឆ្នាំ​បាន​ថ្លែងថា ៖«​គូប្រកួត​របស់ខ្ញុំ គឺ​លំដាប់​ពិភពលោក​។ គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​មិនទាន់​ចាញ់​សោះ​ក្នុង​ប្រភេទ​ទម្ងន់​នេះ​។ គេ​មាន​អាជីព​ល្អ​បំផុត​នៅ​ប្រទេស​ថៃ និង​ជា​ជើងឯក ៤ សម័យកាល​របស់​សង្វៀ​ន Lumpinee , និង Rajadamnern​។ គេ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​បំផុត​ជាច្រើន​។ ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ប្រកួត​ជាមួយ​គាត់​»​។ 
 
«​ខ្ញុំ​គិតថា Nong-O ជំនាញ​ខាង​ទាត់​និង​វ៉ៃ​ខាវ ។ គេ​ជា​កីឡាករ​ប្រដាល់​ដ៏​មាន​ថាមពល​ខ្លាំងក្លា​។ វា​ជា​ប្រកួត​ដ៏​តានតឹង តែ​ខ្ញុំ​បាន​ហ្វឹកហាត់​ត្រៀម​សម្រាប់​ការប្រកួត​នេះ​។ ខ្ញុំ​ត្រៀម​រួចរាល់​ហើយ​»​។ ជើង​ខ្លាំង​មកពី​អាល់​ហ្សេ​រី បញ្ជាក់​បែបនេះ​។ 
 
​វីដេអូ​ខ្សែជីវិត Delval ៖
 
 
Delval បាន​លើកសរសើរ​ដល់​ក្លិប Mahmoudi Gym ដែល​បាន​បណ្ដុះ​បាន​ធនធាន​តារា​លេចធ្លោ​នៅ ONE Super Super Series គឺ Elias  Mahmoudi​។ Delval កំពុងតែ​បង្កើត​កំណត់​ល្អ​មួយ​ដោយ​ឈ្នះ ៣០ ដង និង ចាញ់​ត្រឹម ៥ ដង​ក្នុងនាម​ជា​កីឡាករ​វ័យក្មេង​។ កីឡាករ​សញ្ជាតិ​អាល់​ហ្សេ​រី​មាន​ទំនុកចិត្ត​ខ្ពស់​ក្រោយ​ទទួល​ការហ្វឹកហាត់​ពី​គ្រូបង្វឹក និង ជឿជាក់ថា​គេ​អាច​ទទួលបាន​ជ័យជម្នះ​នាពេលខាងមុខ​។ 


 
​ទោះបីជា Nong-O មាន​ចំណុចខ្លាំង ប៉ុន្តែ Delval សន្យា​ដល់​អ្នកគាំទ្រ​ថា​នឹង​សម្រុក​ដើម្បី​វាយ​ដៃគូ​ឲ្យ​សន្លប់​នៅលើ​សង្វៀន​។ «​ខ្ញុំ​ធ្លាប់​មើល​ការប្រកួត​ជា​ជាច្រើន​របស់ Nong-O តាម​អ៊ិន​ធឺ​ណិ​ត ។ គេ​ពិតជា​ល្អ​ខ្លាំង​ទល់នឹង​ជើង​ខ្លាំង​នានា​។ ខ្ញុំ​មើល​សឹង​មិនឃើញ​ចំណុចខ្សោយ និង​គេ​ចេះ​បត់បែន​តាម​កាលៈទេសៈ​ពេល​ជួប​គូប្រកួត​។ ប៉ុន្តែ​គុណសម្បត្តិ​របស់ខ្ញុំ គឺមាន​ប្រៀប​លើ​កម្ពស់ និង ការប្ដេជ្ញាចិត្ត​របស់ខ្ញុំ​។ ហើយ​ខ្ញុំ​មាន​គ្រូបង្វឹក​ល្អៗ ដែល​ជួយ​ជ្រោមជ្រែង​ការប្រកួត និង​រៀបចំ​គម្រោង​របស់ខ្ញុំ​។ ខ្ញុំ​នឹង​ប្រកួត​ឲ្យ​ល្អ​បំផុត​។ ខ្ញុំ​នឹង​ទទួលលទ្ធផល​ល្អ​»​។ 

​វីដេអូ ហាយ​ឡាយ Nong-O និង Delval ៖
 

​កីឡាករ​រហស្សនាម «The Truck» ឡើង​សង្វៀន​នា​ដើមខែ​កញ្ញា​ខាងមុខ​ជាមួយនឹង​ភាព​វិជ្ជមាន ជាពិសេស​ភាព​វ័យក្មេង​ជា​កម្លាំង​ដែល​អាច​រុញច្រាន​ធ្វើ​ឲ្យ​គេ​ទទួលលទ្ធផល​ជូន​អ្នកគាំទ្រ​។ «The Truck» ធ្លាប់​ឈ្នះ​គូប្រកួត​ខ្លាំងៗ​ថៃ​ជាច្រើន​នាពេល​កន្លងមក ហើយ​គេ​រំពឹងថា​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​។ 
 
​ជើង​ខ្លាំង​វ័យ ២០ ឆ្នាំ​សង្កត់ធ្ងន់ថា ៖«​វា​នឹងធ្វើ​ឲ្យ​ខ្ញុំ​សប្បាយរីករាយ​ដែលមាន​គូប្រកួត​ដ៏​អស្ចារ្យ និង​ប្រកួត​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​នៅ ONE Championship​។ ហើយ​រឿង​ពិសេស​នោះ​ជាការ​ប្រកួត​ដំបូង​របស់ខ្ញុំ​។ ខ្ញុំ​នឹងធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ឈ្នះ​ការប្រកួត ទោះ Nong-O ល្អ តែ​ខ្ញុំ​នឹងធ្វើ​ឲ្យ​ល្អ​ជាង​»​។ 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/, ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com