អន្តរជាតិ
ទី​ម័​រ​ខាងកើត ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ការបោះឆ្នោត​ចេញពី​ឥណ្ឌូណេស៊ី​
30, Aug 2019 , 10:19 pm        
រូបភាព
រូបភាពតំណាង
រូបភាពតំណាង
ដោយ:
​ប្រទេស ទី​ម័​រ​ខាងកើត នៅ​ថ្ងៃ​សុក្រ​ទី ៣០ សីហា ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ខួប​២០​ឆ្នាំ ចាប់តាំងពី​បោះឆ្នោត​បញ្ចប់​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​គោលដៅ​ផ្តាច់ខ្លួន​ចេញពី​ការកាន់កាប់​រាប់​ទសវត្ស​រ៍​ពី​សំណាក់​កងកម្លាំង​ឥណ្ឌូណេស៊ី​។ ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នេះហើយ បាន​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅ​ក្លាយជា​ប្រជាជាតិ​ឯករាជ្យ​ពេញលេញ​មួយ​។

 
​បដា​និង​ទង់ជាតិ ត្រូវគេ​ដោត​ជា​និ​ម​ត្តិ​សញ្ញា​នៅ​ពាសពេញ​រដ្ឋធានី ឌី​លី នៃ​ប្រទេស​ទី​ម័​រ​ខាងកើត ខណៈ​ប្រជាជន​នាំគ្នា​ជួបជុំគ្នា​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​។ ពោលគឺ ២ ទសវត្សរ៍​ក្រោយពី​ប្រជាជាតិ​ដែលមាន​ប្រជាជន​រស់នៅ​ត្រឹមតែ​ជាង ១,៣​លាន​នាក់ (២០១៧) បានឃើញ​ដំណើរ​ផ្លាស់​ទៅរក​ប្រជាធិបតេយ្យ​ប្រកបដោយ​ស្ថិរភាព​។ ក្នុង​ពិធី​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ​នេះ ក៏មាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison ផងដែរ​។​
 
​រឿងរ៉ាវ​នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ខាងលើ បាន​កើតឡើង​បែបនេះ​។ នៅ​ថ្ងៃទី ៣០ សីហា ឆ្នាំ​១៩៩៩ ប្រជាជន​ទី​ម័​រ​ខាងកើត​ជិត ៨០​ភាគរយ បាន​បោះឆ្នោត​ផ្តាច់ខ្លួន​ចេញពី​ប្រទេស​ក្បែរ​ខាង ឥណ្ឌូណេស៊ី ដែល​បាន​ឈ្លានពាន​អតីត​ម្ចាស់​អាណានិគម​ព័រ​ទុយ​ហ្គា​ល់ ក្នុង​ឆ្នាំ​១៩៧៥​។ ហើយ ក្រោយមក​ខ្លួន បានចាប់ផ្តើម​ចូលកាន់​កាប់​ប្រទេស​ទី​ម័​រ​ខាងកើត​យ៉ាង​ឃោរឃៅ​បំផុត អស់​រយៈពេល ២៤​ឆ្នាំ​។ ក្នុង​រយៈពេល​នេះ គេ​ប៉ាន់​ស្មានថា ជីវិត​មនុស្ស​ជាង ២៥​ម៉ឺន​នាក់ បាន​បាត់បង់ ដោយសារ​ការប្រយុទ្ធ​គ្នា ជំងឺ និង​ដាច់ពោះ​ស្លាប់​។​
 
​ភាពជោគជ័យ​នៃ​ការបោះឆ្នោត​នេះ បាន​ប្រែក្លាយជា​ថ្លុកឈាម ក្រោយពី​កងកម្លាំង​សន្តិសុខ​ឥណ្ឌូណេស៊ី បាន​បើក​យុទ្ធនាការ​បង្ក្រាប​យ៉ាង​ព្រៃផ្សៃ​បំផុត​លើ​ប្រជាជន​ទី​ម័​រ​ខាងកើត​។ ពួកគេ បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​បង្ខំ​ឲ្យ​ប្រជាជន​រាប់ម៉ឺន​នាក់​ភៀសខ្លួន​ទៅកាន់​ទី​ម័​រ​ខាងលិច ដែលជា​ទឹកដី​ឥណ្ឌូណេស៊ី​។ មនុស្ស​ប្រមាណ ១៤០០​នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​។ 
 
​ជា​ចុងក្រោយ ទី​ម័​រ​ខាងកើត ដែលមាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​កាតូលិក  ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ជា​ប្រជាជាតិ​ឯករាជ្យ​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០០២ ៕

Tag:
 ទី​ម័​រ​ខាងត្បូង​
  ឥណ្ឌូណេស៊ី​
  ឯករាជ្យ​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com