ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ញុាំ “​ឆៃថាវ​ក្រហម​” អត់​? ជួយ​បញ្ចុះ​សម្ពាធ​ឈាម ទប់ស្កាត់​បញ្ហា​សុខភាព​ជាច្រើន​
31, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ឆៃថាវ​ក្រហម​ជា​បន្លែ​មើម​មួយ​ប្រភេទ​ដែល​ភាគច្រើន​នៃ​ពួកយើង​ធ្លាប់​ស្គាល់​រួចមកហើយ ប៉ុន្តែ​ទោះជា​ចូលចិត្ត​ទទួលទាន​ក៏ដោយ ក៏​ប្រហែល​មិន​ចាប់អារម្មណ៍​ដល់​អត្ថប្រយោជន៍​របស់​បន្លែ​មើម​នេះ​ចំពោះ​សុខភាព​ឡើយ​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​ដ៏​ប្រសើរ​នៃ​ការទទួល​ទាន​ឆៃថាវ​ក្រហម ៖
 
១. បញ្ចុះ​សម្ពាធ​ឈាម​

​ចូរ​បន្ថែម​ទឹក​មើម​ឆៃថាវ​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ប្រសិនបើ​អ្នក​ចង់​បញ្ចុះ​សម្ពាធ​ឈាម​តាមបែប​ធម្មជាតិ​។ ក្រុម​អ្នក​វិ​ទ្យ​សាស្ត្រ​និយាយថា ប្រសិទ្ធភាព​នេះ​បានមក​ដោយសារ​មើម​ឆៃថាវ​ក្រហម​មាន​កម្រិត​សារធាតុ​នីត្រាត​ខ្ពស់​។ ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​នីត្រាត​អាច​នាំឱ្យមាន​ប្រតិកម្ម​គីមី​ជា​បន្តបន្ទាប់​ក្នុង​ឈាម ដែល​បញ្ហា​នេះ​អាច​បង្កើន​បរិមាណ​អុកស៊ីសែន​នៅ​កន្លែង​ដែល​រាងកាយ​ខ្វះ​។ លើសពីនេះទៅទៀត​ទឹក​មើម​ឆៃថាវ​ក្រហម​ក៏​ជួយ​ធ្វើអោយ​សរសៃឈាម​រីក​ធំ ហើយ​សម្ពាធ​ឈាម​នឹង​ថយចុះ​។​

២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​នោះ​ក៏​ព្រោះតែ​មើម​ឆៃថាវ​ក្រហម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម tannins សារធាតុ anthocyanins សារធាតុ quercetin ជាតិ​សរសៃ និង​សារធាតុចិញ្ចឹម​ផ្សេងទៀត​ដែល​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​បាន​យ៉ាង​ប្រសើរ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​
 
៣. ទប់ស្កាត់​ជំងឺមហារីក​ពោះវៀនធំ​
 
​តើ​អ្វី​ទៀ​តទៅ​ដែល​អ្នក​អាច​ទទួលបាន​ពី​ការទទួល​ទាន​មើម​ឆៃថាវ​ក្រហម​? ចម្លើយ​នោះ គឺ​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ដោយសារ​ធាតុ anthocyanins ដែលមាន​វត្តមាន​ក្នុង​មើម​ឆៃថាវ​ក្រហម​ផ្ដល់​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​ប្រភេទ​នេះ​។​
 
៤. កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ​
 
​ឆៃថាវ​ក្រហម គឺជា​អាហារ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ដែល​ជួយ​ក្នុងការ​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​រាងកាយ​។ វា​មាន​ផ្ទុក​នូវ​សារធាតុ pectin និង betaine ដែល​ជួយ​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ​និង​ថ្លើម​។ សារធាតុ​គីមី​ទាំងនេះ​ក៏​អាចជួយ​សម្អាត​ក្នុង​រាងកាយ​ផងដែរ ដោយ​កាត់បន្ថយ​បរិមាណ​នៃ​ជាតិពុល​ដែល​រាងកាយ​កំពុង​ផ្ទុក​។ បន្លែ​មើម​នេះ​ក៏​ជា​ប្រភព​ដ៏​សម្បូរបែប​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក កាល់ស្យូម និង​ជាតិ​ស័ង្កសី​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​ដំណើរការ​កម្ចាត់ ឬ​បន្សាប​ជាតិពុល​ចេញពី​ក្នុង​រាងកាយ​។ លើសពីនេះទៅទៀត​បរិមាណ​ខ្ពស់​នៃ​ជាតិ​សរសៃ​ក្នុង​ឆៃថាវ​ក្រហម​ជួយ​ធ្វើឱ្យ​ការរំលាយ​អាហារ​មាន​ភាពប្រសើរឡើង​និង​ជួយ​រាងកាយ​កម្ចាត់​កាកសំណល់​។​
 
៥. ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​
 
​នោះ​ក៏​ព្រោះតែ​មើម​ឆៃថាវ​ក្រហម​មាន​ផ្ទុក Polyphenols ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​ធ្វើឱ្យ​ខូច​កោសិកា​និង​បង្ក​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​។​
 
៦. ទប់ស្កាត់​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​
 
​មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ជួយ​បង្កើន​កោសិកា​គ្រាប់​ឈាមក្រហម​ដឹកនាំ​អុកស៊ីសែន​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ឆៃថាវ​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក ប្រសិនបើ​ចង់​ទប់​ទល់នឹង​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com