«រាជ» គឺសំដៅដល់តួអង្គព្រះមហាក្សត្រ ចំណែក «រាជ្យ» អាចសំដៅដល់ព្រះរាជបល្ល័ង្ក ឬ ភាវៈជាព្រះមហាក្សត្រ។
សព្ទ «រាជ» គឺមានន័យថា ព្រះរាជា ឬ ព្រះមហាក្សត្រ។ ក្នុងភាសាខ្មែរ នៅពេលណា គេចង់សំដៅដល់ព្រះមហាក្សត្រ គឺគេ តែងប្រើជា «រាជា» ដោយមិននិយមប្រើ «រាជ» នោះទេ។ ឧទាហរណ៍ថា៖«ព្រះរាជា យាងមកដល់ហើយ!»។
ជាទូទៅ សព្ទ «រាជ» មិនសូវជាឈរតែឯងនោះទេ។ ជាញឹកញាប់ សព្ទ «រាជ» តែងភ្ជាប់ជាមួយនឹងពាក្យដទៃទៀត។ សព្ទនេះ អាចភ្ជាប់នៅខាងដើមនៃពាក្យក៏បាន ឬ ភ្ជាប់នៅខាងចុងនៃពាក្យ ក៏បាន។
ពាក្យ ដែលមាន «រាជ» នៅខាងដើម មានដូចជា, រាជកុមារ, រាជខណ្ឌ, រាជគ្រឹះ, រាជគ្រូ, រាជដំណាក់, រាជដំណើរ, រាជតម្រាស់, រាជតម្រិះ, រាជទាន, រាជទ្រព្យ, រាជធម៌, រាជនិពន្ធ, រាជបញ្ជា, រាជបណ្ឌិត, រាជបិតា, រាជការ, រាជកិច្ច, រាជទូត, រាជធានី, រាជបុត្រ, រាជប្រកាស ។ល។ចំណែកឯ ពាក្យ ដែលមាន «រាជ» នៅខាងចុង មានដូចជា នគររាជ, នាគរាជ មហារាជ, អធិរាជ, ឯករាជ ។ល។
ដោយឡែក សព្ទ «រាជ្យ» គឺសំដៅលើ ភាវៈជាព្រះរាជា ឬ ការគ្រប់គ្រងផែនដី។ ឧទាហរណ៍ថា៖«គ្រងរាជ្យ, សោយរាជ្យ, ដណ្តើមរាជ្យ, ក្សត្រទ្រង់រាជ្យ»។ ឃ្លាទាំងនេះ ដែលមានសព្ទ «រាជ្យ» នៅខាងចុង គឺមិនសំដៅដល់តួអង្គព្រះមហាក្សត្រនោះទេ តែសំដៅដល់បុគ្គលណាមួយ ដែលឡើងសោយរាជ្យ ធ្វើជាព្រះមហាក្ស។
ប្រភព៖ វចនានុក្រម សម្តេច ជួន ណាត