សៀមរាប៖ គម្រោង «សួនសិក្សា» ស្ថិតក្នុងគម្រោងកម្មវិធីស្នួលរបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា ដែលបច្ចុប្បន្នកម្មវិធីនេះទទួលបានជោគជ័យហួសពីការរំពឹងទុក បន្ទាប់ពីសាកល្បងក្នុងខេត្តគោលដៅចំនួន២ គឺខេត្តសៀមរាប និងខេត្តស្ទឹងត្រែង។
គម្រោង សួនសិក្សា ជាគម្រោងសាកល្បងរយៈពេល៣ឆ្នាំរបស់អង្គការភ្លែន ដែលបានចាប់ផ្តើមអនុវត្តន៍ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២០។ គម្រោងនេះធ្វើឡើងក្នុងបំណងរួមចំណែកពង្រឹងគុណភាពអប់រំរបស់ក្រសួង អប់រំ យុវជន និងកីឡា ឱ្យកាន់តែមានប្រសិទ្ធភាព និងជំរុញការចូលរួមរបស់មាតាបិតា និងអ្នកថែទាំកុមារឲ្យគាំទ្រចំពោះការរៀនសូត្ររបស់កុមារនៅផ្ទះ។
ក្នុងកម្មវិធីទស្សនកិច្ចសិក្សាក្នុងកម្មវិធី សួនសិក្សា នៅសាលាបឋមសិក្សាត្រពាំងស្វាយ ស្រុកអង្គរធំ ខេត្តសៀមរាបនៅថ្ងៃទី២៨ ខែសីហា លោក យី គីមថាន នាយកប្រចាំប្រទេសស្ដីទីនៃអង្គការភ្លែនអន្ដរជាតិកម្ពុជាបានឱ្យដឹងថា កម្មវិធីសួនសិក្សានេះទាក់ទងទៅនឹងការផ្សាភ្ជាប់គ្នារវាងអាហារូបត្ថម្ភនិងអប់រំ។ លោកពន្យល់ថា គម្រោងនេះបានអនុវត្តជោគជ័យនៅប្រទេសអូស្ដ្រាលី ពិសេសទាក់ទងទៅនឹងការបង្កើនគុណភាពការសិក្សារបស់កុមារ ក៏ដូចជាការបង្កើននូវអាហារូបត្ថម្ភ ពិសេសឱ្យកុមារយល់ដឹងពីការហូបអាហារដែលមានសុវត្ថិភាព ដើម្បីឱ្យពួកគេមានសុខភាពល្អ។
រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
«ក្នុងសាលាបឋមសិក្សាតំបន់គោលដៅ ពិសេសនៅខេត្តសៀមរាប និងស្ទឹងត្រែង យើងឃើញថាជាកន្លែងដែលអាចឱ្យយើងសាកល្បងរៀបចំឱ្យមានសួនសិក្សាដែលផ្សាភ្ជាប់ជាមួយទ្រឹស្ដី។ នៅក្នុងថ្នាក់គ្រូបានបង្រៀនជាមុខវិជ្ជាជាច្រើន... ពេលខ្លះគាត់រៀនតែទ្រឹស្ដី គាត់អត់បានឃើញជាក់ស្ដែងថាស្អីដែលគាត់នឹងមានក្នុងជីវិត...»។ នេះជាការលើកឡើងរបស់លោក យី គីមថាន។
ក្នុងកម្មវិធីទស្សនកិច្ចសិក្សានៅសាលាគោលដៅក្នុងខេត្តសៀមរាបនៅពេលនោះ ក៏មានការចូលរួមពីលោកស្រីឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំកម្ពុជា Angela Corcoran និងមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា រួមនិងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សសរុបប្រមាណ២០០នាក់។
លោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំបានឱ្យដឹងថា កម្មវិធី សួនសិក្សា ផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សិស្សបន្ថែមពីមុខវិជ្ជាដែលបានបង្រៀនក្នុងថ្នាក់ គឺពួកគេបានអនុវត្តដូចជាដាំបន្លែ រៀបចំសួន និងរៀនដាំស្លដោយខ្លួនឯងផងដែរ។ ជាងនេះទៀត គម្រោងនេះបានជួយឱ្យក្មេងៗយល់ដឹងកាន់តែជ្រៅនិងនាំឱ្យពួកគេមានជំនាញមួយទៅថ្ងៃអនាគត ក៏ដូចជាឱ្យពួកគេយល់ដឹងពីសារសំខាន់នៃអាហារូបត្ថម្ភថាមានប្រយោជន៍ដល់សុខភាពទូទៅ។
រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
គួរឱ្យដឹងថា គម្រោងសាកល្បងកម្មវិធី សួនសិក្សា របស់អង្គការភ្លែនអន្ដរជាតិកម្ពុជា ទទួលបានជំនួយពីរាជរដ្ឋាភិបាលអូស្រា្ដលី។ ក្នុងរយៈ៣ឆ្នាំនេះ អង្គការភ្លែនអន្ដរជាតិកម្ពុជា ទទួលបានថវិកាប្រមាណ ៦០ម៉ឺនដុល្លារសម្រាប់ដំណើរការសាកល្បងតាមសាលាគោលដៅចំនួន១៥ក្នុងខេត្តចំនួន២ ដែលក្នុងនោះខេត្តសៀមរាបមានចំនួន៥សាលា និងខេត្តស្ទឹងត្រែងចំនួន ១០សាលា។ បន្ទាប់ពីជោគជ័យក្នុងគម្រោងសាកល្បងនេះរួច អង្គការភ្លែនគ្រោងនឹងបន្ដពង្រីកនិងសហការជាមួយអង្គការស្បៀងអាហារពិភពលោកក្នុងគោលដៅខេត្តសៀមរាប តាមរយៈការចូលជាមួយកម្មវិធីស្បៀងអាហារតាមសាលាដែលកំពុងអនុវត្តន៍ស្រាប់។ ជាមួយគ្នានោះ អង្គការភ្លែនក៏មានគម្រោងនឹងពិនិត្យមើលពីលទ្ធភាពក្នុងការពង្រីកទៅខេត្តគោលដៅចំនួន២ទៀត គឺខេត្តស្ទឹងត្រែង និងរតនគិរីផងដែរនាពេលអនាគត៕
រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា
រូបភាព៖ អង្គការភ្លែនអន្ដរជាតិកម្ពុជា