ជាតិ
លោក ប៉ែន ជំនោ ៖ សៀវភៅ​ពិធី​ក្រុង​ពលី គឺ​ចម្រាញ់​ចេញពី​ឯកសារ និង​តំបន់ ដើម្បី​រក្សា​ជំនឿ​ដូនតា​
31, Aug 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ឆ្លងកាត់​ការស្រាវជ្រាវ​កន្លងមក​លោក ប៉ែន ជំនោ បាន​សង្កេតឃើញថា ឯកសារ​ដែល​សរសេរ​ពី​ពិធី​ក្រុង​ពលី​មាន​តិចតួច ហើយ​ភាគច្រើន​សរសេរ​សង្ខេប​ផង​។ ក្នុង​បំណង​ថែរក្សា​មរតក​ដូនតា​លោក ប៉ែន ជំនោ បាន​ចុះទៅ​ខេត្ត​មួយចំនួន សួរ​ចាស់ទុំ សួរ​គ្រូ រួមទាំង​សួរ​អាចារ្យ​ជាច្រើនរូប ពី​ពិធី​ក្រុង​ពលី​នេះ​។ ជា​លទ្ធផល​ក្រោយពី​ចំណាយពេល​ប្រហែល​១​ឆ្នាំ​សៀវភៅ​«​ពិធី​ក្រុង​ពលី​»​ក៏​លេចចេញ​ជា​រូបរាង​។​

 
​សៀវភៅ​ដែលមាន​ចំណងជើង​ថា​«​ពិធី​ក្រុង​ពលី​» បាន​និយាយ​ពី​ប្រវត្តិ​នៃ​ពិធី​ក្រុង​ពលី និង​ទស្សនៈ​ជាប់​ពាក់ព័ន្ធ​នឹង​ជំនឿ​សាសនា​ទាំង​ព្រហ្មញ្ញ និង​ព្រះពុទ្ធសាសនា​។ សៀវភៅ​«​ពិធី​ក្រុង​ពលី​»​នេះ បាន​រៀបរាប់​ពី​ពាក្យ​សូត្រ​ដែលមាន​៩​បែប ទាំង​បែប​ពិស្ដារ បែប​បុរាណ បែប​ព្រះពុទ្ធសាសនា បែប​បញ្ចុះសីមា និង​បែប​លើក​ផ្ទះ​។ ចំណែក​គ្រឿង​សក្ការៈ​សម្រាប់​រៀបចំ​ក្នុង​ពិធី  ទិស​ដាក់​ពែ​និង​អាសនៈ រួមទាំង​បទ​ភ្លេង​សម្រាប់​ពិធី​ក្រុង​ពលី ក៏មាន​បញ្ជាក់​ក្នុង​សៀវភៅ​នេះ​ផងដែរ​។

 
​លោក ប៉ែន ជំនោ បានបញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា សៀវភៅ​នេះ​អាចជា​ឯកសារ​លំអិត​ដំបូង​គេ​ស្ដីពី​ពិធី​ក្រុង​ពលី ព្រោះ​កន្លងមក​លោក​ធ្លាប់​ឃើញតែ​ឯកសារ​ដែល​សរសេរ​ជា​សង្ខេប​ប៉ុណ្ណោះ​។ ជាងនេះទៅទៀត​លោក​ថា សៀវភៅ​មួយ​ក្បាល​នេះ អាច​ធ្វើជា​ឯកសារ​ស្រាវជ្រាវ​សម្រាប់​ក្មេងជំនាន់ក្រោយ​។ លោក ជំនោ បញ្ជាក់​ដូច្នេះ​៖«​សៀវភៅ​នេះ​អាច​ជឿ​ទុកចិត្តបាន​ព្រោះ​ខ្ញុំ​បាន​សួរ​គ្រូ និង​អាចារ្យ​ដែល​ធ្លាប់​រៀបចំ​ពិធី​នេះ​ច្រើន ព្រមទាំង​បាន​មើល​ឯកសារ​ក្នុង​សៀវភៅ​ទ្វារ​ទស​មាស ដែលជា​សៀវភៅ​សម្រាប់​រៀបចំ​ពិធី​ក្នុង​ព្រះបរមរាជវាំង​ផងដែរ​»​។

​សូម​លោក​- អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ប៉ូ សា​គុន អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ប៉ែន ជំនោ និស្សិត​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ដែល​ស្រាវជ្រាវ និង​សរសេរ​សៀវភៅ​ពិធី​ក្រុង​ពលី ដូចតទៅ​៖
 


 
​នៅ​ចុងឆ្នាំ​២០១៩​នេះ​លោក ប៉ែន ជំនោ នឹង​បោះពុម្ព​សៀវភៅ​«​មន្ត​និង​យ័ន្ត​»​។ ហើយ​សៀវភៅ​ដែល​នឹងត្រូវ​បោះពុម្ព​បន្ទាប់​ទៀត​គឺ «​ល្ខោន​និង​ចម្រៀង​យីកេ​» សៀវភៅ​នេះ​និយាយ​ពី​ប្រវត្តិ​ល្ខោន​យីកេ រួមទាំង​បទ​ចម្រៀង​ដែល​ច្រៀង​ក្នុង​ល្ខោន​នេះ​។ «​ល្ខោន​និង​ចម្រៀង​ភ្លេង​ការ​» ជា​ល្ខោន​មួយ​មាន​ទម្រង់​ដូច​ទៅនឹង​ល្ខោន​យីកេ​ដែរ ប៉ុន្តែ​ភ្លេង​និង​ចម្រៀង​ដូច​ក្នុង​ពិធីមង្គលការ​។ «​ល្ខោន​និង​ចម្រៀង​ភ្លេង​ការ​» ក៏​ជា​ចំណងជើង​សៀវភៅ​គ្រោង​នឹង​បោះពុម្ព​ដែរ​។​
 
​អ្វីដែល​និស្សិត​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​រូបនេះ​ប្រាថ្នា គឺ​លោក​ចង់ឱ្យ​ក្មេងជំនាន់ក្រោយ​ខិតខំ​សិក្សា​រៀនសូត្រ និង​ស្រាវជ្រាវ​ពី​មរតក​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​។

 
​ដូនតា​ខ្មែរ​បង្កើតឱ្យមាន​ពិធី​ក្រុង​ពលី​ឡើង​ក្នុង​គោលបំណង​៥​យ៉ាង គឺ​ទី​១​ទុកជា​ការសង្គ្រោះ​ញាតិ​។ ទី​២​ដើម្បី​បដិសណ្ឋារៈ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ជា​សក្ខីភាព​។ ទី​៣​ដើម្បី​ជាការ​ឧទ្ទិស​ផ្សាយ​ចំពោះ​ទៅ​អ្នក​ចែក​ឋាន​។ ទី​៤​ដើម្បី​គោរព​តាមច្បាប់​ទម្លាប់​របស់​ជាតិ គឺ​ស្នើសុំ​ដល់​រដ្ឋអំណាច​គ្រប់លំដាប់​ថ្នាក់​ឱ្យ​ដឹងឮ​និង​អនុញ្ញាត​។ និង​ទី​៥​ដើម្បី​ផ្សាយ​ចំណែក​បុណ្យ​ចំពោះ​ទេវតា​តាម​លទ្ធិ​ពុទ្ធសាសនា និង​បូជា​វត្ថុ​ផ្សេងៗ​ចំពោះ​ទេវតា​តាម​លទ្ធិ​ដទៃ​ក្រៅពី​ពុទ្ធសាសនា​។ នេះ​បើ​យោងតាម​សៀវភៅ “​ពិធី​ក្រុង​ពលី​” ដែល​រៀបរៀង​ដោយ​លោក ប៉ែន ជំនោ​៕

Tag:
 ប៉ែន ជំនោ​
  និស្សិត​
  សៀវភៅ​
  ស្រាវជ្រាវ​
  ក្រុង​ពលី​
  ពិធី​
 ​សាសនា​
  បុរាណ​
  ឯកសារ​
© រក្សាសិទ្ធិដោយ thmeythmey.com