ខេត្តស្វាយរៀង​នាំចេញ​បន្លែ​«​សរីរាង្គ​និង​សុវត្ថិភាព​» ទៅ​ភ្នំពេញ​១០​តោន​ក្នុង​មួយខែ​
ជាតិ
សេដ្ឋកិច្ច
ខេត្តស្វាយរៀង​នាំចេញ​បន្លែ​«​សរីរាង្គ​និង​សុវត្ថិភាព​» ទៅ​ភ្នំពេញ​១០​តោន​ក្នុង​មួយខែ​
31, Aug 2019 , 3:03 pm        
រូបភាព
​ស្វាយរៀង​៖ ក្នុង​មួយឆ្នាំៗ​ខេត្តស្វាយរៀង អាច​នាំចេញ​បន្លែ​«​សរីរាង្គ និង​សុវត្ថិភាព​»​បាន  ប្រមាណ​១២០​តោន ទៅ​ទីផ្សារ​ទំនើបៗ មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ តាមរយៈ​សហគម​ន៍ក​សិ​កម្ម​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង​(​សាក់​)​។ បើ​អ្នកស្រី ពៅ ធីតា អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង បរិមាណ​បន្លែ​ទាំងនេះ បើ​គិត​ជា​មធ្យម គឺ​នាំចេញ​បាន​១០​តោន​ក្នុង​មួយខែ​។

 
​អ្នកស្រី ធីតា បន្ត​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា​បន្លែ​ទាំងនេះ ក្រៅ​លក់​ចេញទៅ​ភ្នំពេញ ក៏មាន​លក់​ទៅឱ្យ​សណ្ឋាគារ​មួយចំនួន នៅតាម​ច្រកព្រំដែន​បាវិត​(​កម្ពុជា​-​វៀតណាម​) ផងដែរ​។  បន្លែ​សរីរាង្គ និង​សុវត្ថិភាព ទាំងនោះ​មាន ម្រះ ត្រសក់ សណ្តែកកួរ ស្ពៃ ត្រប់ និង​ប្រភេទ​បន្លែ​ផ្លែ ស្លឹក មើម ជាច្រើន​ទៀត​។​
 
​អនុប្រធាន​កសិកម្ម​ស្វាយរៀង​រូបនេះ បានបញ្ជាក់​ដូច្នេះ​៖« បន្លែ​ទាំងនេះ​ត្រូវបាន​ប្រជាកសិករ​នៅតាម​ស្រុក​នានា ពិសេស​ស្រុក​ស្វាយជ្រំ ក្នុង​ខេត្តស្វាយរៀង បាន​ចង់ក្រង​ជា​សហគមន៍ និង​រៀន​បណ្តុះបណ្តាល​ពាក់ព័ន្ធ​ទៅ​បច្ចេកទេស​នៃ​ដាំ​ដុះ​បន្លែ​សរីរាង្គ និង​សុវត្ថិភាព ពី​អង្គការ​ដៃគូ និង​ពី​មន្ទីរ​កសិកម្ម​ខេត្ត​។ ទន្ទឹមនឹង​គ្នា​នេះ សហគមន៍​ក៏មាន​ទីផ្សារ​ខ្លួនឯង​ស្រាប់ ដើម្បី​ផ្គត់ផ្គង់​បន្លែ​ទាំងនេះ​ទៅឱ្យ​អ្នកទទួល​ទិញ​។ ដោយឡែក​មន្ទីរ​កសិក​ម្ម​ខេត្ត​យើង ក៏បាន​ព្យាយាម​ផ្សព្វផ្សាយ និង​លើក​ទឹក​ដល់​សមាគមន៍​នានា ឱ្យ​ចូលរួម​តាំងពិព័រណ៍​ថ្នាក់​តំបន់ ថ្នាក់​ខេត្ត និង​ជាតិ  ដើម្បីឱ្យ​អ្នកលក់ និង​អ្នកទិញ​ស្គាល់គ្នា​កាន់តែច្រើន ដែល​សំដៅ​ទៅដល់​ការចាប់យក​ឱកាស​ទីផ្សារ​នានា ដើម្បី​ផ្គត់ផ្គង់​បន្លែ​ទាំងនេះ​»​។ 


 
​អ្នកស្រី ហុង ស្រី​ស្រស់ នាយក​ប្រតិបត្តិ​នៃ​សហគមន៍​កសិកម្ម​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង​(​សាក់​) បាន​លើកឡើងថា សហគមន៍​អ្នកស្រី អាច​លក់​បន្លែ​សរីរាង្គ បាន​ពី​៩-១០​តោន​ក្នុង​មួយខែ​។ ក្នុងនោះ លក់​ទៅ​ភ្នំពេញ​បាន​៦,៥​តោន ដែល​មាននៅ​ផ្សារ​ទំនើប​អ៊ី​អន​១-២,  សួន​ធម្មជាតិ​(៣​ទីតាំង​), ផ្សារ​ហេ​ប​ភី​ហ្វា​ម  ផ្សា​រលេ​មុន​, ខ្មែរ​សរីរាង្គ​, អា​លី​ម៉​ង់​, ផ្សារ​សម្បូរ​, ផ្សារ​អាហារ​ធម្មជាតិ និង​ផ្សារ​កសិករ​ខ្មែរ​។ ដោយឡែក​ទីផ្សារ​នៅ​ទីក្រុង​បាវិត​វិញ បាន​២,៥​តោន​។  ជាទូទៅ​សហគមន៍​នាំចេញ​បន្លែ​ទីផ្សារ​ទាំងនេះ គឺ​២​ដង ក្នុង​មួយ​សប្តាហ៍​។ នេះ​បើតាម អ្នកស្រី ហុង ស្រី​ស្រស់​។ 
 
​អ្នកស្រី​បាន​បន្ថែមថា បន្លែ​ក្នុង​សហគមន៍​សាក់​មុននឹង​ដឹកជញ្ជូន​ទៅ​ដៃគូ​ទីផ្សារ​នានា បានរៀបចំ​លាង​សម្អាត​និង​វេច​ខ្ចប់​យ៉ាង​ត្រឹមត្រូវ ដែល​ធានាបាន​នូវ​សុវត្ថិភាព  គុណភាព និង​បរិមាណ ជាមួយនឹង​ការបិទ​ផ្លាកសញ្ញា​សម្គាល់​នៅលើ​កញ្ចប់​បន្លែ​ផងដែរ​។ 
 
«​ទន្ទឹមនឹង​ការផ្គត់ផ្គង់​បន្លែ​រី​រា​ង្គ​ជាប្រចាំ​ទៅ​ទីផ្សារ​ទាំងនេះ  សហគមន៍​យើង​ក៏​ជួប​បញ្ហា​នៃ​ការខ្វះ​ផលិតផល​ផ្គត់ផ្គង់​ផងដែរ​។ ពិសេស​ខ្វះ​បន្លែ​នៅ​រដូវក្តៅ​ខ្លាំង និង​វស្សា ដែល​ធ្វើឱ្យ​ប្រជាកសិករ​មិនអាច​ផលិត​សរីរាង្គ​បាន ទោះ​ផលិត​បាន​ក៏​មិន​ឆ្លើយតប​នឹង​តម្រូវ​ទីផ្សារ​។ លើសពីនេះ សហ​មគ​ន៍​មិនអាច​ដាំ​បន្លែ​ទំនើបៗ (​ខាត់ណា​ផ្កា ការ៉ុត ស្ពៃក្តោប ខ្ទឹមបារាំង​ជាដើម​។ បច្ចេកទេស​ដាំ​ដុះ​របស់​ប្រជាកសិករ​នៅមានកម្រិត​។ ខ្វះ​អ្ន​កលិត និង​មានការ​ប្រកួតប្រជែង​ទីផ្សារ និង​តម្លៃ ពី​សហគមន៍​ដទៃ​»​។ នេះ​ជាការ​លើកឡើង​របស់ អ្នកស្រី ហុង ស្រី​ស្រស់​។ អ្នកស្រី បាន​បញ្ជាក់ថា គិត​ត្រឹម​បំណាច់​ឆ្នាំ​២០១៨ សហគមន៍​យើង​មាន​កសិករ​ដែលជា​អ្នក​ផលិត​បន្លែ​សរីរាង្គ​មាន​៣២៧​គ្រួសារ​។​


 
​បើតាម​នាយក​ប្រតិបត្តិ​សហគមន៍​សាក់ កន្លងមក​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ខាងលើនេះ សហគមន៍​បានធ្វើ​កិច្ចសន្យា​ដាំ​ដុះ​ជាមួយ​កសិករ​នៅ​រដូវ​ខ្វះខាត មានន័យថា កសិករ​ដែល​ផលិត​បន្លែ​បាន គឺ​មិនអាច​លក់​ឱ្យ​ទីផ្សារ​ណា ក្រៅពី​សហគមន៍​បានឡើយ​។ មន្ត្រី​របស់​សហគមន៍​នឹង​ផ្តល់ព័ត៌មាន​អំពី​តម្រូវការ និង​ការផ្គត់ផ្គង់​ដល់​កសិករ​អោយ​ច្បាស់លាស់​។ ចុះ​ពង្រឹង​ការទទួលខុសត្រូវ​រប​ស់​អ្នកប្រមូល​បន្លែ និង​ក្រុមបច្ចេកទេស​ក្នុង​ការចុះ​តាម​តំបន់ រួមជាមួយ​ការបណ្តុះបណ្តាល​ស្តីពី​បច្ចេកទេស​កសិកម្ម​ដល់​សមាជិក​ផងដែរ​។ 
 
​ជាមួយគ្នានេះ លោក ហង្ស វុទ្ធី មន្ត្រី​បច្ចេកទេស​នៃ​សហគមន៍​សាក់ បាន​លើកឡើងថា បន្លែ​សរីរាង្គ​ដែល កសិករ​ជា​សមាជិក​សាក់​អនុវត្តន៍​កន្លងមក មិន​ត្រឹមតែ​មិន​ប្រើប្រាស់​ជី និង​ថ្នាំពុល​គីមី  ក្នុង​ការដាំដុះ​នោះទេ សូម្បីតែ​ប្រភពទឹក ក៏​មិនត្រូវ​ប្រើប្រាស់​រួមជាមួយ​កសិករ​ណា​ដែល​មិន​ផលិត​សរីរាង្គ​ដូចគ្នា​ដែរ​។ ពិសេស​មុននឹង​ចាប់ផ្តើម​អនុវត្តន៍​ការដាំដុះ​បន្លែ​សរីរាង្គ ផ្ទៃដី​ដាំ​ដុះ​របស់​កសិករ​នោះ មិនត្រូវ​ប្រើប្រាស់​សារ​គីមីកសិកម្ម យ៉ាង​ណាស់​មួយឆ្នាំ​។  ដោយឡែក ក្នុង​ដំណើរ​ដាំ​ដុះ​បន្លែ​សុវត្ថិភាព គឺអាច​ប្រើប្រាស់​ជី​-​ថ្នាំពុល​គីមី​បាន ប៉ុន្តែ​ការប្រើប្រាស់​នោះ គឺ​អនុវត្តន៍​តាម​បច្ចេកទេស និង​ស្តង់ដារ​ត្រឹមត្រូវ ដោយ​ធានាបាន​នូវ​សុវត្ថិភាព មិន​ប៉ះពាល់​ដល់​សុខភាព​ភាព​ទទួលទាន​។ បើតាម​លោក ហង្ស វុទ្ធី មុននឹង​កាត់​បន្លែ​សុវត្ថិភាព យកទៅលក់​នៅ​ទីផ្សារ យ៉ាងហោចណាស់​ស្ថិតនៅ​ក្រោយ​ការប្រើប្រាស់​ថ្នាំពុល​គីមី​បាន​២​សប្តាហ៍​៕ 



Tag:
 កសិកម្ម​
  បន្លែ​
  សរីរាង្គ
© រក្សាសិទ្ធិដោយ thmeythmey.com