អន្តរជាតិ
ប្រមុខ​ការទូត​ចិន នឹងធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​
31, Aug 2019 , 4:39 pm        
រូបភាព
​បើ​គ្មានអ្វី​ប្រែប្រួល​ទេ ប្រមុខ​ការទូត​ចិន​លោក វ៉ាង យី នឹងធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​នៅ​សប្តាហ៍​ក្រោយ​។ ដំណើរ​ទស្សនកិច្ច​នេះ​អាចជា​ការរៀបចំ​ដើម្បី​ត្រៀម​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែលជា​ទស្សនៈកិច្ច​នៅ​ចិន​ជា​លើក​ទី​៥ ខណៈពេល​ភាព​តានតឹង​នៅក្នុង​ឧបទ្វីប​កូរ៉េ​កំពុងតែ​កើន​កម្តៅ​។


 
​តាមរយៈ​សំណើរ​អញ្ជើញ​ពី​សម​ភាគី​កូរ៉េខាងជើង​លោក រី យ៉ុង​ហូ​(Ri Yong-ho) លោក​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី នឹងធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង​ចាប់​ទី​ថ្ងៃទី ២ ដល់​ថ្ងៃទី​៤ ខែកញ្ញា ខាងមុខនេះ​។ 
 
​បើតាម​ការអះអាង​រប​ស់លោក Geng Shuang ការធ្វើដំណើរ​ទស្សនៈកិច្ច​របស់លោក វ៉ាង យី​លើក​នេះ​គឺធ្វើឡើង​តាម​ការព្រមព្រៀង​របស់​ប្រទេស​ទាំងពីរ និង​ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ទ្វេភាគី​។ ជាពិសេស​ចិន​ក៏​ចង់​មាន​តួរ​នាទី​កសាង​សន្តិភាព ស្ថិត​ភាព​ក្នុង​តំបន់ និង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ដែរ​។ 
 
​ការធ្វើដំណើរ​ទស្សនកិច្ច​របស់លោក វ៉ាង យី គឺ​ដើម្បី​រក្សា​ឥទ្ធិពល​របស់​ចិន នៅក្នុង​ឧបទ្វីប​កូរ៉េ​។ នេះ​ជាស​ម្តី​របស់លោក​សាស្ត្រាចារ្យ Ryo Hinata-Yamaguchi នៅ​សកល​វិទ្យាល័យ Pusan National នៅ​កូរ៉េខាងត្បូង​។ លោក​សាស្ត្រាចារ្យ​រូបនេះ​បាន​លើកឡើងថា ទីក្រុង​ប៉េកាំង​ចង់​រក្សា​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​តំបន់ ខណៈពេល​កូរ៉េខាងជើង​ចង់​ស្វែងរក​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​សេដ្ឋកិច្ច និង​សុវត្ថិភាព​នៅក្នុង​ប្រទេស​។ 
 
​ជាការ​ពិត ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ការទូត​ចិន​រូបនេះ គឺធ្វើឡើង​ក្រោយ​ទីក្រុង​ព្យុងយ៉ាង​បានធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ តែ​រយៈពេល​មួ​យស​ប្តា​ណ៍​តែប៉ុណ្ណោះ ហើយ​ជំនួប​រវាង​លោក វ៉ាង និង​លោក រី ក៏​ត្រូវគេ​រំពឹងថា​នឹង​ពិភាក្សា​ពី​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែរ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន South China Morning Post បានសរសេរថា ក្រោយពី​ជំនួប​របស់​ប្រមុខ​ការទូត​ចិន មេដឹកនាំ​កូរ៉េខាងជើង នឹងធ្វើ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​ទៅ​ចិន​វិញ​ម្តង​។ ការ​មក​ប្រទេស​ចិន​លើក​នេះ គឺជា​លើក​ទី​៥​ហើយ​របស់លោក គីម ជុង​អ៊ុន បន្ទាប់ពី​ម្តង​កាលពី​ខែមករា ឆ្នាំ​២០១៩ និង​បី​ដង ក្នុង​ឆ្នាំ​២០១៨​។ មែនទែនទៅ វា​មិនមាន​អ្វី​ចម្លែក​ទេ ដែល​មេដឹកនាំ​កូរ៉េ​រូបនេះ ធ្វើ​ទស្សនៈកិច្ច​ទៅ​ចិន គឺ​ក្នុង​គោលបំណង​ពិភាក្សា​ពី​បញ្ហា​សេដ្ឋកិច្ច និង​សន្តិសុខ​ជាមួយ​មេដឹកនាំ​លោក ស៊ី ជិន​ភីង​។​
 
​សូមបញ្ជាក់ថា ការធ្វើ​ទស្ស​កិច្ច​របស់​ប្រមុខ​ការទូត​ចិន លើក​នេះ គឺ​មិន​បានផ្តល់​របៀបវារៈ​នៅក្នុង​ជំនួប​ប្រជុំ​ឡើយ តែ​អ្នកនាំពាក្យ​ចិន​ថា នឹង​ផ្តល់ព័ត៌មាន​ឲ្យ​តាម​ក្រោយ​។ ម្យ៉ាងវិញទៀត ជំនួប​រវាង​ប្រមុខ​ការទូត​ចិន និង ប្រមុខ​ការទូត​កូរ៉េខាងជើង​រូបនេះ គឺ​ស្របពេល​ភាព​តានតឹង​រវាង​ចិន និង​អាមេរិក​កំពុង​កើន​ឡើងក​ម្ពៅ​ជាពិសេស គឺ​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​កក​ចម្ងាយ​ខ្លី​របស់​កូរ៉េខាងជើង​៕ 
 

Tag:
 ចិន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com