កោះហ្គ្រោអង់ឡង់ (Greenland) ដែលមានវត្តមាននៅអឌ្ឍគោលខាងជើង ជាប់ជាមួយនឹងរង្វង់ទឹកកកអាកទិចមួយនេះ ត្រូវបានគេចាត់ទុកថា ជាកោះដែលមានផ្ទៃដីធំជាងគេនៅលើពិភពលោក។
កោះហ្គ្រោអង់ឡង់ គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។ ដង្ហើមសេដ្ឋកិច្ចនៃកោះហ្គ្រោអង់ឡង់ពឹងផ្អែកសំខាន់លើដាណឺម៉ាក ដ្បិតប្រាក់ចំណូលពីរភាគបីនៃប្រាក់ចំណូលសរុបរបស់ខ្លួនគឺទទួលបានពីដាណឺម៉ាកផ្ទាល់។
នៅក្នុងមួយឆ្នាំៗ កោះនេះទទួលពន្លឺព្រះអាទិត្យជាប់គ្នាចំនួនពីរខែ និងជាង៨០ភាគរយនៃផ្ទៃដីត្រូវបានគ្រប់ដណ្តប់ជិតដោយផែនទឹកកក។ ការឡើងកម្តៅផែនដី បានបង្កឲ្យមានការរលាយផែនទឹកកកដែលមានកម្រាស់ក្រាស់ និងធ្វើឲ្យមានភាពងាយស្រួលក្នុងការទាញយករ៉ែនានាពីខាងក្រោមដី។ ទឹកដីនេះក៏ជាកន្លែងសំខាន់សម្រាប់សហរដ្ឋអាមេរិក ក្នុងការប្រកួតប្រជែងអំណាចជាមួយសហភាពសូវៀតក្នុងសម័យកាលនៃសង្គ្រាមត្រជាក់។ ចំណែកបច្ចុប្បន្ន កោះហ្គ្រោអង់ឡង់មានប្រជាជនរស់នៅប្រមាណជា៥,៧ម៉ឺននាក់។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងកោះហ្គ្រោអង់ឡង់ ដែលដកស្រង់ដោយសារព័ត៌មាន BBC៖
ឆ្នាំ៩៨២៖ ប្រជាជនន័រវែសបានរកឃើញកោះហ្គ្រោអង់ឡង់។
ឆ្នាំ១៧២១៖ ការមកដល់ និងការសង់សង់កន្លែងរស់នៅរបសើប្រជាជនដាណឺម៉ាក ក្បែរទីក្រុង Nuuk ដែលជាទីក្រុងធំជាងគេនៅលើកោះនេះ។
ឆ្នាំ១៩៤០៖ ហ្គ្រោអង់ឡង់ត្រូវបានគ្រប់គ្រងដោយអាល្លឺម៉ង់ក្នុងដំណាក់កាលសង្គ្រាមលោកទី២។
ឆ្នាំ១៩៥៣៖ ហ្គ្រោអង់ឡង់បានក្លាយជាផ្នែកមួយផ្លូវការនៃព្រះរាជាណាចក្រដាណឺម៉ាក។
ឆ្នាំ២០០៨៖ ហ្គ្រោអង់ឡង់បោះឆ្នោតទាមទារស្វ័យភាពក្នុងការគ្រប់គ្រងបន្ថែម។
ឆ្នាំ២០១០៖ កម្រិតរលាយទឹកកកនៅហ្គ្រោអង់ឡង់ កើនឡើងខ្លាំងជាងការរំពឹងទុក។
ឆ្នាំ២០១៣៖ ហ្គ្រោអង់ឡង់បានចាប់ផ្តើមនាំចេញរ៉ែទៅខាងក្រៅសារជាថ្មី ក្រោយពីការហាមប្រាមការនាំចេញសារធាតុរ៉ែសំខាន់ៗអស់រយៈពេលប្រមាណ២៥ឆ្នាំមក៕