ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ពន្ធដារ នឹង​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​ចលនទ្រព្យ​ក្នុង​រង្វង់​សាច់ញាតិ នៅពេល​ម្ចាស់​ដី​បំពេញ​កាតព្វកិច្ច​ពន្ធ​រួច​
31, Aug 2019 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​អះអាងថា ម្ចាស់​អចលនទ្រព្យ នៅតែ​ទទួលបាន​ការលើកលែង​(​ប្រាក់​ពន្ធ​សូន្យ​រៀល​) ឬ​ការអនុគ្រោះ​ពន្ធ ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ក្នុង​សាច់​ញាតិ តាមច្បាប់​ដដែល ប៉ុន្តែ​ម្ចាស់​អចលនទ្រព្យ​ត្រូវបំពេញ​កាតព្វកិច្ច​ពន្ធ​ឲ្យ​រួចរាល់​ជាមុនសិន​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ចុះ​ថ្ងៃទី ២៧ សីហា​។

 
​បើតាម​អគ្គនាយក​ពន្ធដារ កាតព្វកិច្ច​ដែល​ម្ចាស់​អចលនទ្រព្យ​ត្រូវបំពេញ រួមមាន​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​ដែល​មិនបាន​ប្រើប្រាស់ ឬ​ទូទាត់​បំណុល​ពន្ធ​ជាមុនសិន ទើប​ក្រសួង​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ក្នុង​រង្វង់​ញាតិ​ជូន​បាន​។​
 
​តាម​ប្រកាស​ព័ត៌មាន​ដដែល អគ្គនាយកដ្ឋាន​ពន្ធដា​រ បានស្នើ​ដល់​ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ត្រូវបំពេញ​កាតព្វកិច្ច​ចុះបញ្ជី និង​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ជា​រៀងរាល់ឆ្នាំ នូវ​ពន្ធ​ទាំងពីរ​ប្រភេទ​ទៀត គឺ​ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លើ​ដីធ្លី​ដែល​មិនបាន​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា បើ​អចលនទ្រព្យ​នោះ​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​។ ក្នុងករណី​ម្ចាស់​អចលនទ្រព្យ ខកខាន​ដាក់​លិខិត​ប្រកាស​ពន្ធ​នេះ​កន្លងមក នោះ​នីតិវិធី​នៃ​ការពិនិត្យ​ចំពោះ​ការលើកលែង​ពន្ធ នឹងត្រូវ​ចំណាយពេល​យូរ​។ លើសពីនេះ អចលនទ្រព្យ​នោះ នឹង​តម្រូវ​កំណត់​ឲ្យ​បង់ពន្ធ ពន្ធ​បន្ថែម និង​ការប្រាក់ ក្នុងពេល​ជាមួយគ្នា​នឹង​ការស្នើសុំ​ប្រកាស​បង់ពន្ធ​ប្រថាប់ត្រា​តែម្តង​។ ចំពោះ​អចលនទ្រព្យ​ដែលជា​កម្ម​សិទ្ធ​របស់​នីតិបុគ្គល​(​ក្រុមហ៊ុន​) ក៏មាន​ការពិនិត្យ​បំណុល​ពន្ធ​ដទៃទៀត​ដែរ ហើយ​បើ​ក្រុមហ៊ុន​មាន​ជំពាក់​បំណុល​ពន្ធ នឹង​តម្រូវ​ឲ្យ​បង់ពន្ធ​ទាំងនោះ​សិន ទើប​ពន្ធដារ អាច​ប្រថាប់ត្រា​ជូន​បាន​។  
 
​ពលរដ្ឋ​ដែល​ចង់​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​សាច់ញាតិ​ណា​ម្នាក់ នឹង​ទទួលបាន​ការលើកលែង​ពន្ធ ឬ​អនុគ្រោះ​ពន្ធ  ដូចដែល​មានចែង​ក្នុង​ប្រការ​៥ ដែល​ចុះ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៧ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ស្តីពី​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ដដែល 
 
​បើតាម​ប្រកាស​ព័ត៌មាន​ដដែល ការលើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ក្នុង​រង្វង់​សាច់ញាតិ គឺ​នឹងធ្វើ​ទៅលើ​ការធ្វើ​សន្តតិ​កម្ម ដែល​ផ្ទេរ​អចលនទ្រព្យ​ពី​មនុស្ស​ស្លាប់ទៅ​មនុស្ស​រស់ក្នុង​រង្វង់​ញាតិ និង​ការធ្វើ​ប្រទានកម្ម ដែលជា​ការផ្ទេ​អចលនទ្រព្យ​ពី​មនុស្ស​រស់​ទៅ​មនុស្ស​រស់ក្នុង​រង្វង់​ញាតិ រវាង​ឪពុក​ម្តាយបង្កើត និង​កូនបង្កើត រវាង​ប្តី​និង​ប្រពន្ធ រវាង​យាយ​តា​បង្កើត​និង​ចៅ​បង្កើត​,​ពី​ឪពុកម្តាយ​ទៅ​កូនបង្កើត និង​កូនប្រសារ ដែលជា​សហព័ទ្ធ​របស់​កូនបង្កើត​នោះ​ដើម្បី​ជា​ទ្រព្យ​រួម​ក្នុងអំឡុងពេល​អាពាហ៍ពិពាហ៍​។​
 
​អគ្គនាយកដ្ឋាន​ពន្ធដា​រ ក៏​ផ្តល់​ការអនុគ្រោះ​ពន្ធ​ទៅលើ​កិច្ចការ​ផ្ទេរសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​រវាង​ឪពុក​ម្តាយក្មេក និង​កូនប្រសារ និង​រវាង​បងប្អូន​បង្កើត និង​បងប្អូន​បង្កើត  ដែល​ត្រូវបាន​ដកចេញ​នូវ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ២០០​លាន​រៀល ចំពោះ​ការធ្វើ​សន្តតិ​កម្ម និង​១០០​លាន​រៀល ចំពោះ​ការធ្វើ​ប្រទានកម្ម​៕

Tag:
 ពន្ធ​
 ​ញាតិ​
 ​ក្រសួង​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com