ជាតិ
វីដេអូ
សៀវភៅ​៣០០​ក្បាល បាន​ផ្លាស់​ប្តូរជីវិត​អតីត​ក្មេង​សុំទាន ប៊ួ បញ្ញា ឲ្យ​មានចំណេះ​និង​ជីវភាព​ធូរធារ​
31, Aug 2019 , 6:29 pm        
រូបភាព
​ភ្នំពេញ​៖ «​សៀវភៅ​មានតម្លៃ​ណាស់ សម្រាប់​ជីវិត​ខ្ញុំ​។ ខ្ញុំ​ហ៊ាន​និយាយថា សៀវភៅ គឺជា​ទ្រព្យ​, ជា​លុយ​, ជា​គ្រូ​, ជា​មិត្ត​, និង​ទីប្រឹក្សា​ដ៏​ល្អ​សម្រាប់​ខ្ញុំ​។ ជីវិត​ខ្ញុំ បើ​គ្មាន​សៀវភៅ​ទេ ខ្ញុំ​ប្រាកដជា​លំបាក​បន្តិច​ហើយ ក្នុង​ការកសាង​ជីវិត​, រកលុយ និង​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​»​។ នេះ​ជាការ​អះអាង​របស់លោក ប៊ួ បញ្ញា នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​។ សៀវភៅ​ប្រមាណ​៣០០​ក្បាល ដែល​លោក បញ្ញា បាន​ចំណាយ​ប្រាក់​ជាច្រើន​ទិញ​នោះ បាន​កែប្រែ​ជីវិត​របស់លោក​ឲ្យ​ក្លាយជា​បុគ្គល​មានចំណេះដឹង​ទូលំទូលាយ និង​មាន​ជី​វិភាព​ធូរធារ​តាម​ការប្រើ​ចំណេះដឹង​ទាំងនោះ​ទៅធ្វើ​ការងារ និង​ប្រក​មុខរបរ​រកស៊ី​បន្ថែម​។

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក ប៊ួ បញ្ញា សាស្ត្រាចារ្យ​ភាសា​បារាំង នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​)​ដូចតទៅ​៖ 

 
 
​កើត​នៅ​ជំរំសាយធូ​ព្រំដែន​ខ្មែរ​-​ថៃ ក្នុងស្ថានភាព​គ្រួសារ​ក្រីក្រ និង​ធ្លាប់​ដើរ​សុំទាន​ជាមួយ​ឪពុក នៅ​ខេត្តសៀមរាប និង​បន្ទាយមានជ័យ លោក ប៊ួ បញ្ញា មិន​ភ្លេច​ការសិក្សា​ឡើយ ហើយ​រូបលោក​ចូលចិត្ត​អាន​សៀវភៅ​តាំងពី​កុមារភាព​មកម្ល៉េះ​។ ការស្រឡាញ់​ការសិក្សា និង​ការអាន​សៀវភៅ​នេះ ក៏​ព្រោះ​តែមាន​ឪពុក​ដែល​ឲ្យ​តម្លៃ​លើ​ការអប់រំ ជា​អ្នកជំរុញ​លើកទឹកចិត្ត​ផងដែរ​។ 
 
«​ខ្ញុំ​គិតថា​សៀវភៅ​ដើរតួ​សំខាន់​មែនទែន ក្នុងការ​កែប្រែ​ជីវិត​របស់ខ្ញុំ​។ អ្វីដែល​ខ្ញុំ​រៀនសូត្រ​នៅ​សាលា មិនទាន់​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​នោះទេ​។ ខ្ញុំ​ឆ្លៀត​ពេលទំនេរ​ថ្ងៃ​ចុង​សប្ដាហ៍​សម្រាប់​អាន​សៀវភៅ​។ តាមរយៈ​អាន​សៀវភៅ​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ជាច្រើន ហើយ​ខ្ញុំ​បាន​ស្រូបយក​ចំណេះដឹង​ទាំងនោះ ដែល​អាច​ឲ្យ​ខ្ញុំ​ដឹង​ច្រើន​ពី​ប្រទេស​កម្ពុជា បញ្ហា​ក្នុង​តំបន់ និង​បញ្ហា​ពិភពលោក​»​។ នេះ​បើតាម​លោក បញ្ញា ដែល​តម្លៃ​នៃ​សៀវភៅ​មួយ​ក្បាលៗ បាន​ជួយ​កែប្រែ​ជីវិត​លោក​ពី​ក្មេង​ធ្លាប់​ដើរ​សុំទាន មក​ក្លាយជា​សាស្ត្រាចារ្យ​ភាសា​បារាំង និង​ជា​អ្នកជំនួញ​ម្នាក់​។ ប្រភេទ​សៀវភៅ​ដែល​លោក បញ្ញា ចូលចិត្ត​អាន រួមមាន សៀវភៅ​ទាក់​ទឹង​នឹង​ការអភិវឌ្ឍ​បុគ្គលិកលក្ខណៈ​, ភាពជា​អ្នកដឹកនាំ និង​ប្រវត្តិសាស្ត្រ​ជាដើម​។​


 
​មាន​វ័យ​២៩​ឆ្នាំ អតីត​និស្សិត​វិស្វករ និង​ជា​សាស្ត្រាចារ្យ​ភាសា​បារាំង នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​តិច​ណូ​) លោក ប៊ួ បញ្ញា ជំរុញ​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ទាំងអស់ យល់​ពី​សារៈសំខាន់​នៃ​ការអាន និង​ចាប់ផ្ដើម​អាន​សៀវភៅ​ណា​ដែល​ខ្លួន​ចូលចិត្ត ជាពិសេស​ចូលរួម​បណ្ដុះ​ការអាន​៕​តាមរយៈ​ការអាន​សៀវភៅ​នេះ បាន​ជួយ​កែប្រែ​ជីវិត​របស់លោក បញ្ញា ឲ្យ​មានចំណេះដឹង និង​ក្លាយជា​ធនធាន​មនុស្សម្នា​ក់​ដ៏​មាន​សក្តានុពល​៕



Tag:
 សៀវភៅ​
  ជីវិត​
  ប៊ួ បញ្ញា​
© រក្សាសិទ្ធិដោយ thmeythmey.com