ជាតិ
រថយន្ត
ក្រុមហ៊ុន ស្ដារអូតូ ចូលរួមឧបត្ថម្ភកម្មវិធី Travel & Photography Sharing របស់ក្រុមយុវជនខេត្តសៀមរាប
× ក្រុមយុវជនស្រឡាញ់ការថតរូប ដែលមានឈ្មោះថា Siem Reap Photo Walking បានរៀបចំកម្មវិធីចែករំលែកបទពិសោធន៍នៃការថតរូបភាពមួយឈ្មោះថា Travel & Photography Sharing ដើម្បីចែករំលែកការថតរូបដល់អ្នកដែលចង់ស្រឡាញ់វិស័យនេះ។ កម្មវិធីនេះ ក៏មានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន ស្ដារអូតូ ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលទទួលសិទ្ធិផ្ដាច់មុខ នាំចូល និងចែកចាយរថយន្ត Mercedes។
យុវជន ឃឹម ចមពិសិដ្ឋ ដែលជាសមាជិកក្រុមយុវជន Siem Reap Photo Walking បានឱ្យដឹងថា កម្មវិធីនេះកើតឡើងដោយសារស្រឡាញ់ការថតរូប ចង់ចែករំលែកពីអ្វីដែលចេះទៅដល់អ្នកផ្សេងទៀតដែលស្រឡាញ់ដែរតែមិនទាន់ចេះថតរូបដែលស្អាតនិងមានខ្លឹមសារ។ បើតាមយុវជន ចមពិសិដ្ឋ ការថតរូបដែលស្អាតមិនមែនសុទ្ធតែទាមទារនូវកាមេរ៉ាថ្លៃៗនោះទេ ការថតរូបដោយប្រើប្រាស់ទូរសព្ទ Smart Phone ក៏អាចមានគុណភាពល្អនិងស្អាតផងដែរ ប្រសិនបើយើងចេះពីបច្ចេកទេសថតនិងទូរសព្ទនោះ។ ដូច្នេះ កម្មវិធីនេះនឹងប្រាប់ពីគន្លឹះងាយៗដែលអាចឱ្យអ្នកថតអាចផ្តិតរូបភាពដែលស្រស់ស្អាតបង្ក្រប់ទាំងខ្លឹមសារ។
ជាមួយគ្នានេះដែរ យុវជន ឃឹម ចមពិសិដ្ឋ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ស្ដារអូតូ ដែលបានឧបត្ថម្ភក្នុងកម្មវិធីជាលើកដំបូងរបស់ខ្លួននេះ និងធ្វើឱ្យសមាជិកដែលបានផ្តួចផ្តើមបង្កើតកម្មវិធីនេះរំភើបជាខ្លាំង ដោយមិននឹកស្មានថា ក្រុមហ៊ុនរថយន្តដ៏ធំចាប់អារម្មណ៍នឹងកម្មវិធីរបស់ខ្លួន។
អ្នកនាង ម៉ា សម័យ ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនិងជាតំណាងក្រុមហ៊ុន ស្ដារអូតូ ខេមបូឌា បានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនចូលរួមឧបត្ថម្ភកម្មវិធីនេះ ដោយសារបានឃើញពីទេពកោសល្យថតរូបដ៏អស្ចារ្យរបស់ក្រុមយុវជនដែលស្រឡាញ់ការថតរូបប្លែកៗនិងផ្សព្វផ្សាយពីគោលដៅទេសចរណ៍នានា។ អ្នកនាងបន្តថា ការចូលរួមនេះក៏ដោយសារក្រុមហ៊ុនចងផ្សព្វផ្សាយពីរថយន្ត Mercedes V-Class 250 ដែលជារថយន្តស៊េរីទំនើបទើបមកដល់ថ្មី ទៅដល់សាធារណជនបានស្គាល់ផងដែរ។ អ្នកនាងរំពឹងថា ជាមួយនឹងកម្មវិធីដ៏ពិសេសនេះ នឹងអាចឱ្យអតិថិជនកាន់ច្រើនចាប់អារម្មណ៍ជាមួយ Mercedes V-Class 250។
គួរឱ្យដឹងថា កម្មវិធី Travel & Photography Sharing នឹងធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា នាភោជនីយដ្ឋានផ្សិតក្រហម ឬ Red Mushroom។ អ្នកចូលរួមក្នុងកម្មវិធីនេះ មានចំនួនប្រមាណ៦០នាក់ ហួសពីការគ្រោងទុកត្រឹមតែ៣០នាក់នោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com