សង្គមអន្តរជាតិ​
អន្តរជាតិ
អភិបាលក្រុង​នៅ​តង់​ហ្សា​នី​គ្រោង​បង្ហោះ​ទិន្នន័យ​បុរស​ដែល​រៀបការ​រួច​ដើម្បី​កុំ​ឲ្យ​ស្រីៗ​ចាញ់បោក​
31, Aug 2019 , 5:46 pm        
រូបភាព
លោក Paul Makonda  អភិបាលក្រុង Dar es Salaam។ រូបថត TV Africa
លោក Paul Makonda អភិបាលក្រុង Dar es Salaam។ រូបថត TV Africa
ដោយ: ធីតា
​អភិបាលក្រុង Dar es Salaam ដែល​ធំជាងគេ​នៅ​ប្រទេស​តង់​ហ្សា​នី បានប្រកាស​ពី​គម្រោង​ផ្សព្វផ្សាយ​ទិន្នន័យ​ថ្នាក់ជាតិ​ស្តីពី​អត្តសញ្ញាណ​បុរស​ដែល​រៀបការ​រួចហើយ ក្នុង​គោលបំណង​ការពារ​ស្ត្រី​កុំ​ឲ្យ​គ្រាំគ្រា​ដោយសារ​ការបោកប្រាស់​ផ្លូវចិត្ត​។​



​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន The Citizen លោក Paul Makonda ដែលជា​ស្នងការ​តំបន់ (​ឬ​អភិបាលក្រុង​) បាន​អះអាងថា បញ្ជី​ឈ្មោះ​បុរស​ដែល​រៀបការ​រួច ក៏ដូចជា​រូបថត​របស់​ពួកគេ នឹងត្រូវ​ផ្សព្វផ្សាយ​នៅលើ​វ៉ិ​ប​សាយ​របស់​រដ្ឋ ដើម្បី​កុំ​ឲ្យ​ពួកគេ​មានឱកាស​ដើរ​បោក​នារីៗ​ដែល​នៅ​លីវ​។​

«​ខ្ញុំ​បានទទួល​បណ្តឹង​ជាច្រើន​ពី​ស្ត្រី​វ័យក្មេង ដោយមាន​ភាគច្រើន​នៅ​តំបន់ Dar-es-Salaam ផ្ទាល់ ដោយ​ពួកគេ​បាន​បញ្ជាក់ថា ចាញ់បោក​សំដី​បុរស​ដែល​សន្យា​រៀបការ​ជាមួយ​ខ្លួន ប៉ុន្តែ​ទីបំផុត​បុរស​ទាំងនោះ មិនបាន​គោរព​កិច្ចសន្យា​នោះឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​អភិបាលក្រុង​។​

​លោក Makonda បាន​លើកឡើងថា ការផ្តល់​ទិន្នន័យ​ជាក់លាក់​ស្តីពី​បុរស​ដែល​រៀបការ នឹង​ជួយ​ដល់​ស្ត្រី​អាច​សម្រេចចិត្ត​បានច្បាស់លាស់​លើ​អនាគត​របស់ខ្លួន​។ «​នៅពេល​បុរស​ណា​ម្នាក់​ស្នើសុំ​រៀបការ ស្ត្រី​អាច​ទៅពិនិត្យ​មើល​ប្រវត្តិរូប​របស់​បុរស​ទាំង​នោះ​ជាមុនសិន​»​។

​ក្រៅពី​ការធ្វើ​ទិន្នន័យ​នៅ​តំបន់​របស់ខ្លួន លោក Makonda ក៏​ចង់បាន​កិច្ចសហប្រតិបត្តិការ​ពី​តំបន់​ដទៃ និង​បណ្តា​ប្រទេស​នៅ​សហគមន៍​អាហ្វ្រិក​ផ្សេងទៀត​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ អភិបាលក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា ក៏មាន​វិធានការ​ម៉ឺងម៉ាត់​ប្រឆាំង​បុរស​បោកប្រាស់​ផងដែរ​។​

​លោក Mike Sonko អភិបាលក្រុង​ណៃ​រ៉ូ​ប៊ី បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖ «​ចាប់ពី​ថ្ងៃនេះ​ទៅ ប្រសិនបើ​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា អភិបាលក្រុង មន្ត្រីជាន់ខ្ពស់ ឬ​អ្នកជំនួញ ដែល​មិនមាន​ទំនួល​ខុសត្រូវ​លើ​ទង្វើ​ខ្លួន ស្ត្រី​ទាំងអស់​អាច​ផ្ញើ​ព័ត៌មាន​របស់​អ្នក​ទាំង​នោះមក​ខ្ញុំ ហើយ​ខ្ញុំ​នឹង​យកទៅ​ពិនិត្យ DNA ដើម្បី​ឲ្យ​ដឹង​ច្បាស់​ថា ពួកគេ​ពិតជា​នៅរស់ ឬ​ស្លាប់​ទៅហើយ​»​។​

​តាម​របាយការណ៍ ស្ត្រី​ភាគច្រើន​នៅ​អាហ្វ្រិក ច្រើន​ចាញ់បោក​បុរស​ក្មេងៗ ដែលមាន​រូបរាង​សង្ហារ ដែល​តាម​ញ៉ែ​ពួកគេ ហើយ​អ្នកខ្លះ ថែមទាំង​សន្យា​រៀបការ​ថែមទៀត​។ ប៉ុន្តែ​អ្វីដែល​មិនអាច​ទៅរួច​នោះ បុរស​ទាំងនោះ សុទ្ធ​តែមាន​ប្រពន្ធ​កូន​រួចហើយ​៕


Tag:
 តង់ហ្សានី
© រក្សាសិទ្ធិដោយ thmeythmey.com