សៀមរាប៖ សិលាចារឹក ជាវត្ថុតាងដ៏សត្យានុម័តមួយដែលមនុស្សសម័យនេះយកជាអំណះអំណាងដើម្បីដឹងនូវរឿងរ៉ាវប្រវត្តិសាស្ដ្រ ដឹងពីជីវិតរស់នៅរបស់មនុស្សបុរាណ។ សម្រាប់អ្នកសិក្សាស្រាវជ្រាវ មែនទែនទៅពេលចារសិលាចារឹក មនុស្សសម័យដើមមិនដែលគិតថាចារទុកសម្រាប់ប្រាប់រឿងរ៉ាវពួកគេដល់មនុស្សសម័យនេះទេ គឺពេលនោះ សិលាចារឹកប្រៀបដូចវត្ថុសក្ការបូជាសម្រាប់មនុស្សសម័យដើម និងមានពិធីគោរពបូជា សម្កល់ដូចជាព្រះដូច្នោះដែរ។
ព័ត៌មានលម្អិត សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ៖
រឿងរ៉ាវប្រវត្តិសាស្ដ្រខ្មែរជាច្រើនសន្ធឹក ត្រូវបានអ្នកស្រាវជ្រាវសិក្សាតាមរយៈវត្ថុតាងជាច្រើន ក្នុងនោះសិលាចារឹកក៏ជាភស្ដុតាងដ៏សំខាន់មួយដែរ។ សិលាចារឹកដែលចារដោយបុព្វបុរសខ្មែរ បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែលអាចឱ្យមនុស្សសម័យថ្មីដឹងពីសាច់រឿងនិងរបៀបរស់នៅរបស់មនុស្សបុរាណ។ អ្នកសិក្សាស្រាវជ្រាវយល់ថា មនុស្សពីដើមចារអក្សរលើថ្មដើម្បីមូលហេតុសាសនា។
បណ្ឌិត ឆោម គន្ធា ក្នុងបាឋកថាស្ដីពី «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជាតាមក្រសែភ្នែកមនុស្សសម័យចាស់» ដែលរៀបចំនៅអាជ្ញាធរជាតិអប្សរានៅពាក់កណ្ដាលខែ សីហា បានពន្យល់ថា មានភស្ដុតាងមួយចំនួនដែលបង្ហាញថា មនុស្សសម័យដើមចាត់ទុកសិលាចារឹកជាវត្ថុសក្ការបូជា ប្រៀបដូចជាព្រះបដិមាដូច្នោះដែរ តួយ៉ាងផ្ទាំងចម្លាក់នៅប្រាសាទបាយ័ន ដែលក្នុងនោះគេឃើញមានកិច្ចពិធីមួយដោយមានផ្ទាំងសិលាចារឹកតម្កល់នៅកន្លែងខ្ពស់មួយនិងមានមនុស្សម្នារៀបចំកិច្ចពិធីអបអរនិងលើកតម្កើង។ អក្សរថ្មឬសិលាចារឹកគឺជាវត្ថុដែលគេការពារយ៉ាងយកចិត្តទុកដាក់។ លើសពីនេះទៅទៀត មានភស្តុតាងខ្លះបញ្ជាក់ថា អ្នកស្រុកសម័យដើមចារសិលាចារឹកទុកសម្រាប់ជាការបង្រៀនមនុស្សទូទៅឲ្យស្គាល់ «ធម៌» ពោលគឺធ្វើតែបុណ្យ មិនធ្វើបាប។
សិលាចារឹកពីដើម គឺមានទំនាក់ទំនងទៅនឹងព្រះនិងព្រះរាជា ដូច្នេះហើយទើបមានការគោរពបូជា មិនមានចារលើប្រធានបទផ្សេងដូចជាការបូកលេខនព្វន្ដខាងគណិតសាស្ដ្រអ្វីទេ។ បណ្ឌិត ឆោម គន្ធា ពន្យល់ថា មនុស្សសម័យបុរាណស្ទើរទាំងអស់ មិនថាតែជនជាតិខ្មែរទេ តែងគោរពអក្សរឬអត្ថបទសំណេរ ព្រោះអក្សរនេះប្រហែលជាបច្ចេកវិទ្យាទីមួយដែលមនុស្សជាតិបានបង្កើតឡើង។ ហេតុនេះមិនមានអ្វីគួរឆ្ងល់ទេថា មនុស្សនាំគ្នាគោរពកោតខ្លាចអក្សរឬសំណេរ ។ នេះជាការបញ្ជាក់បន្ថែមរបស់បណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹកនៃមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា។
អ្វីដែលនិយាយពីដើម គឺសុទ្ធតែជាអ្វីដែលមនុស្សបុរាណមើលមកលើសិលាចារឹកនៅពេលនោះ។ សម្រាប់ក្រសែភ្នែកមនុស្សសម័យថ្មីវិញ បណ្ឌិត ឆោម គន្ធី បញ្ជាក់ថា ពេលខ្លះមនុស្សភ្លេចឱ្យតម្លៃ មិនបានចាត់ទុកជាទីសក្ការបូជាអ្វីទេ តែចាត់ទុកជាសំណេរដែលអាចស្វែងយល់ពីប្រវត្តិសាស្ដ្ររបស់ខ្លួន។
ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់បណ្ឌិត ឆោម គន្ធា មកដល់បច្ចុប្បន្ននេះ សិលាចារឹកប្រមាណជាង ១,៤០០ ត្រូវបានស្រាវជ្រាវរកឃើញនិងចុះបញ្ជីរួច ក្នុងនោះមានទាំងជាភាសាខ្មែរនិងសំស្ក្រឹត។ យ៉ាងហោចណាស់ សិលាចារឹកជាងមួយពាន់បានបកប្រែរួចនិងខ្លះទៀតកំពុងបន្តបកប្រែ ។ អ្វីដែលសំខាន់នោះ តាមការបញ្ជាក់របស់អ្នកជំនាញ សិលាចារឹកជាភាសាសំស្ក្រឹតនិពន្ធនៅប្រទេសកម្ពុជាមានភាពល្បីល្បាញជាងសិលាចារឹកជាភាសាសំស្ក្រឹតដូចគ្នានៅប្រទេសឥណ្ឌាជាស្រុកដើមនៃភាសានេះទៅទៀត។ បណ្ឌិត ឆោម គន្ធាពន្យល់ថា ភាពល្បីល្បាញនោះគឺឃើញច្បាស់ទាំងរូបរាង ទាំងអត្ថន័យ។
ជាវត្ថុតាងដ៏មានសារសំខាន់ អ្នកស្រាវជ្រាវយល់ច្បាស់ថា សិលាចារឹកជាប្រវតិ្ដសាស្ដ្រមួយដែលសរសេរដោយអ្នកស្រុកដើម ដែលជាអ្វីដែលអាចឱ្យមនុស្សសម័យនេះបានដឹងនូវរឿងរ៉ាវប្រវត្ដិសាស្ដ្រដ៏ជាក់លាក់មួយនៅសម័យបុរាណ៕