អន្តរជាតិ
ការជិះកង់ទៅធ្វើការអាចជួយឲ្យឥណ្ឌាសន្សំបាន ២២៥ ពាន់លានដុល្លារក្នុង១ឆ្នាំៗ
×
ដោយ៖ ងួន សុភាវត្តី
ទម្លាប់ជិះកង់របស់ប្រជាជនឥណ្ឌា អាចជួយឲ្យរដ្ឋអាស៊ីខាងត្បូងនេះសន្សំបានទឹកប្រាក់ ២២៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើ ១,៦% នៃ GDP សរុបរបស់ខ្លួនផង។ របាយការណ៍មួយដែលបោះផ្សាយដោយក្រុមអ្នកជំនាញនៃវិទ្យាស្ថានថាមពលនិងធនធានទីក្រុងញូវដេលី (TERI)បានបញ្ជាក់ដូច្នេះ។
របាយការណ៍ដែលចុះផ្សាយកាលពីខែមករាកន្លងទៅនេះ បានលើកឡើងថា ផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុនេះ នឹងអាចកើនឡើងបន្ថែមទៀត បើប្រជាជនពាក់កណ្ដាលដែលមានកន្លែងធ្វើការមានចម្ងាយតិចជាង ៨ គីឡូម៉ែតផ្លាស់ប្តូរពីការបើកបររថយន្តនិងម៉ូតូ មកជិះកង់វិញ។
បច្ចុប្បន្ននេះ ការដើរ គឺជាមធ្យោបាយពេញនិយមបំផុតសម្រាប់ការធ្វើដំណើរចម្ងាយខ្លីនៅឥណ្ឌា បន្ទាប់មកការធ្វើដំណើរតាមកង់នៅក្នុងភូមិ និងការធ្វើដំណើរតាមម៉ូតូនៅទីក្រុង។ ខណៈការប្រើប្រាស់ទោចក្រយានយន្ត និងរថយន្តមានការកើនឡើងប្រហែល ១០% ក្នុង១ឆ្នាំៗ រយៈពេលជិតមួយទសវត្សរ៍នេះ ភាពជាម្ចាស់នៃកង់មិនបានកើនឡើង ឬថយចុះទេក្នុងរយៈពេលនេះ។
ផលប្រយោជន៍ដ៏ធំបំផុតសម្រាប់ការផ្លាស់ប្តូរទៅជិះកង់វិញនោះ គឺ សុខភាពរបស់ពលរដ្ឋ។ លោកស្រី Aakansha Jain អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន TERI បានមានប្រសាសន៍ថា៖ «ពេលដែលយើងយល់ពីផលប្រយោជន៍ផ្នែកសុខភាព យើងឃើញថាអត្រាមរណភាពអាចមានការថយចុះ ដោយសារការធ្វើលំហាត់ប្រាណរាងកាយ និងការបន្ថយការបំពុលបរិស្ថាន និងការចំណាយលើថ្លៃព្យាបាលអាចសន្សំទុកដោយសាររបៀបរស់នៅល្អ»។
ក្នុងរបាយការណ៍នោះក៏បាននិយាយថា ការផ្លាស់ប្តូរទៅជិះកង់អាចជួយមនុស្ស ៤៧៥៦ ពីការស្លាប់មុនអាយុបានក្នុងរយៈពេល១៥ឆ្នាំ។ ទោះជាយ៉ាងណាក្តីការការផ្លាស់ប្តូរមកជិះកង់នេះ ក៏បានជួបនឹងបញ្ហាមួយចំនួនផងដែរ។
នៅក្នុងរដូវក្តៅនិងរដូវវស្សា អាកាសធាតុឥណ្ឌាអាចក្តៅពេកឬភ្លៀងធ្លាក់ខ្លាំងពេក ដែលនេះជាបញ្ហាមួយដែលអ្នកជិះកង់ប្រឈម។ ម្យ៉ាងទៀតការធ្វើដំណើរតាមកង់ចម្ងាយ ៨គីឡូម៉ែតត្រូវប្រើពេលជាមធ្យម៤០នាទី៕
Tag:
ចំណេះដឹងទូទៅ
ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com