ភ្នំពេញ៖ សិល្បករកម្ពុជានិងតន្ត្រីករកូរ៉េចំនួន៨៥រូប រួមគ្នាប្រគំបទភ្លេងជាតិ “នគររាជ” ខ្នាតធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការថតនេះថតចេញជា៣ប្រភេទនិង១០បែបផ្សេងគ្នា។ ការថតបទភ្លេងជាតិ"នគររាជ” ខ្នាតធំនេះ ទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េទាំងស្រុង។ នេះបើតាមលោក ហង្ស រិទ្ធីរ៉ាវុធ ព្រឹទ្ធបុរសស្ដីទីមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាគ្រូបញ្ជាវង់ភ្លេងនគររាជខ្នាតធំនេះផង។
លោក ហង្ស រិទ្ធីរ៉ាវុធ ព្រឹទ្ធបុរសស្ដីទីមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាគ្រូបញ្ជាវង់ភ្លេង”នគររាជ” ខ្នាតធំនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ការថតបទភ្លេងជាតិនេះ ផ្ដើមចេញពីគ្រូបង្រៀនជនជាតិកូរ៉េ២នាក់ប្ដីប្រពន្ធ ដែលបានមកបង្រៀននៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ អ្នកទាំងពីបានស្វះស្វែងរកការជួយឧបត្ថម្ភ ដើម្បីឱ្យមានការថតបទភ្លេងជាតិកម្ពុជាខ្នាតធំជាលើកដំបូង។ នៅទីបំផុតទៅនៅថ្ងៃទី១១ខែសីហាដល់ថ្ងៃទៅ១៥ខែសីហាឆ្នាំ២០១៩ ដំណើរការថតបទភ្លេងជាតិក៏បានចាប់ផ្ដើមឡើង នៅប្រទេសកូរ៉េខាងត្បូង ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលកូរ៉េទាំងស្រុង។
សរុបសិល្បករនិងតន្ត្រីករទាំងអស់ដែលបានចូលរួមប្រគំបទភ្លេងជាតិ ជាប្រវត្តិសាស្ត្រនេះ មាន៨៥រូប ដោយមានអ្នកចម្រៀងជាពួកជនជាតិខ្មែរ២២រូប អ្នកចម្រៀងជាពួកជនជាតិកូរ៉េ១រូប តន្ត្រីករកូរ៉េ៦០រូប គ្រូដឹកនាំជនជាតិខ្មែរ១រូប និងគ្រូបញ្ជាវង់ភ្លេងជនជាតិខ្មែរ១រូប។
សូមទស្សនាវីដេអូសកម្មភាពហាត់សម មុនការថតភ្លេងជាផ្លូវការខាងក្រោយម៖
ព្រឹទ្ធបុរសស្ដីទីខាងលើបញ្ជាក់ថា ការថតបទភ្លេងជាតិ “នគររាជ” ខ្នាតធំនេះ ថតបែងចែកជា៣ប្រភេទ ដោយប្រភេទទី១ ថតភ្លេងផ្ដើមបទជាមួយបទភ្លេងសុទ្ធ ហើយប្រភេទទី២ ថតបទភ្លេងជាមួយចម្រៀងជាពួក និងប្រភេទទី៣ ថតច្រៀងសុទ្ធមិនមានភ្លេង។ ទាំង៣ប្រភេទនេះត្រូវថតបែបចែកជា១០បែបផ្សេងគ្នាទៀត។
ប្រភេទទី១ ថតភ្លេងផ្ដើមបទជាមួយបទភ្លេងសុទ្ធ។ បែបទី១ គឺថតផ្ដើមបទបូកជាមួយបទភ្លេងសុទ្ធ៣ល្បះ។ បែបទី២ ថតផ្ដើមបទបូកជាមួយបទភ្លេងសុទ្ធ១ល្បះ ហើយបែបទី៣ គឺថតតែបទភ្លេងសុទ្ធ៣ល្បះ។ និងបែបទី៤ ថតតែបទភ្លេងសុទ្ធ១ល្បះ ដែលរាល់ការគោរពទង់ជាតិនៅទូទាំងប្រទេសនិយមប្រើនោះ។
ប្រភេទទី២ ថតបទភ្លេងជាមួយចម្រៀងជាពួក។ បែបទី៥ ថតភ្លេងផ្ដើមបូកចម្រៀង៣ល្បះជាមួយភ្លេង។ បែបទី៦ ថតភ្លេងផ្ដើមបូកចម្រៀង១ល្បះជាមួយភ្លេង។ បែបទី៧ ថតចម្រៀង៣ល្បះជាមួយភ្លេង និងបែបទី៨ ថតចម្រៀង១ល្បះជាមួយភ្លេង។
ប្រភេទទី៣ ច្រៀងសុទ្ធមិនមានភ្លេង។ បែបទី៩ ច្រៀងសុទ្ធ៣ល្បះ និងបែបទី១០ ច្រៀងសុទ្ធ ១ល្បះ។
លោក ហង្ស រិទ្ធីរ៉ាវុទ្ធ បញ្ជាក់បន្ថែមថា៖« នេះជាលើកទីមួយសម្រាប់ជាតិទាំងមូល ក្នុងការថតបទភ្លេងជាតិខ្នាតធំបែបនេះ។ វាជាឯកសារដែលមានតម្លៃណាស់សម្រាប់ជាតិ។ រាប់តាំងពីសម័យបារាំងមកការថតបទភ្លេងជាតិ មានតន្ត្រីករនិងអ្នកចម្រៀងទាំងអស់ប្រហែលតែ៨នាក់ប៉ុណ្ណោះ។ យើងទៅថតក្នុងស្ទូឌីយោខ្នាតធំរបស់កូរ៉េតែម្ដង ហើយគេយកវង់ភ្លេងដែលល្បីនៅកូរ៉េមកថតឱ្យយើងទៀត។ គោលបំណងរបស់គេគឺគេសប្បាយចិត្តនឹងជួយយើងតែម្ដង។ គេមិនទទួលបានប្រយោជន៍អ្វីពីការថតបទភ្លេងជាតិយើងនេះទេ យ៉ាងច្រើនក្រោយពីកាត់ភ្លេងនេះស្អាតហើយ គេកូពីភ្លេងទុកសម្រាប់ជាឯកសារតម្កល់នៅប្រទេសគេតែប៉ុណ្ណឹង»។
កន្លងមកកម្ពុជានិងកូរ៉េធ្លាប់មានសហប្រតិបត្តិការជាមួយគ្នា ដោយបានរៀបចំពិព័រណ៍អង្គរឃ្យុងយូកាលពីឆ្នាំ២០០៦ ដែលជាព្រឹត្តិការណ៍ដ៏ធំសម្រាប់ទំនាន់ទំនងផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំង២។
បទភ្លេងជាតិ”នគររាជ” មាន៣បទឬ៣ល្បះ។ បទឬល្បះទី១ សរសើរពីព្រះបារមីព្រះមហាក្សត្រខ្មែរ ហើយបទឬល្បះទី២ សរសើរពីរចនាបទប្រាសាទបុរាណខ្មែរ និងបទឬល្បះទី៣ សរសើរពីតម្លៃខ្មែរកាន់ព្រះពុទ្ធសាសនា៕