ជាតិ
តន្ត្រីករ​កម្ពុជា​និង​កូរ៉េ​៨៥​រូប​ប្រគំ​បទ​ភ្លេងជាតិ​
01, Sep 2019 , 1:59 pm        
រូបភាព
ហង្ស រិទ្ធីរ៉ាវុធ
ហង្ស រិទ្ធីរ៉ាវុធ
​ភ្នំពេញ​៖ សិល្បករ​កម្ពុជា​និង​តន្ត្រីករ​កូរ៉េ​ចំនួន​៨៥​រូប រួមគ្នា​ប្រគំ​បទ​ភ្លេងជាតិ “​នគររាជ​” ខ្នាត​ធំ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ការថត​នេះ​ថត​ចេញ​ជា​៣​ប្រភេទ​និង​១០​បែប​ផ្សេងគ្នា​។ ការថត​បទ​ភ្លេងជាតិ​"​នគររាជ​” ខ្នាត​ធំ​នេះ ទទួលបាន​ការឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កូរ៉េ​ទាំងស្រុង​។ នេះ​បើតាម​លោក ហង្ស រិទ្ធី​រ៉ាវុធ ព្រឹទ្ធបុរស​ស្ដីទី​មហាវិទ្យាល័យ​តូរ្យតន្ត្រី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ជា​គ្រូ​បញ្ជា​វង់ភ្លេង​នគររាជ​ខ្នាត​ធំ​នេះ​ផង​។​


 
​លោក ហង្ស រិទ្ធី​រ៉ាវុធ ព្រឹទ្ធបុរស​ស្ដីទី​មហាវិទ្យាល័យ​តូរ្យតន្ត្រី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ជា​គ្រូ​បញ្ជា​វង់ភ្លេង​”​នគររាជ​” ខ្នាត​ធំ​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការថត​បទ​ភ្លេងជាតិ​នេះ ផ្ដើមចេញពី​គ្រូបង្រៀន​ជនជាតិ​កូរ៉េ​២​នាក់​ប្ដី​ប្រពន្ធ ដែល​បានមក​បង្រៀន​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។ អ្នក​ទាំងពី​បាន​ស្វះ​ស្វែងរក​ការជួយឧបត្ថម្ភ ដើម្បី​ឱ្យមាន​ការថត​ប​ទ​ភ្លេងជាតិ​កម្ពុជា​ខ្នាត​ធំ​ជា​លើកដំបូង​។ នៅ​ទីបំផុត​ទៅ​នៅ​ថ្ងៃទី​១១​ខែសីហា​ដល់​ថ្ងៃ​ទៅ​១៥​ខែសីហា​ឆ្នាំ​២០១៩ ដំណើរ​ការថត​បទ​ភ្លេងជាតិ​ក៏បាន​ចាប់​ផ្ដើមឡើង នៅ​ប្រទេស​កូរ៉េខាងត្បូង ក្រោម​ការឧបត្ថម្ភ​រប​ស់​រដ្ឋាភិបាល​កូរ៉េ​ទាំងស្រុង​។


 
​សរុប​សិល្បករ​និង​តន្ត្រីករ​ទាំងអស់​ដែល​បាន​ចូលរួម​ប្រគំ​បទ​ភ្លេងជាតិ ជា​ប្រវត្តិសាស្ត្រ​នេះ មាន​៨៥​រូប ដោយមាន​អ្នកចម្រៀង​ជា​ពួក​ជនជាតិខ្មែរ​២២​រូប អ្នកចម្រៀង​ជា​ពួក​ជនជាតិ​កូរ៉េ​១​រូប តន្ត្រីករ​កូរ៉េ​៦០​រូប គ្រូដឹកនាំ​ជនជាតិខ្មែរ​១​រូប និង​គ្រូ​បញ្ជា​វង់ភ្លេង​ជនជាតិខ្មែរ​១​រូប​។​
 
​សូម​ទស្សនា​វីដេអូ​សកម្មភាព​ហាត់​សម មុន​ការថត​ភ្លេង​ជា​ផ្លូវការ​ខាងក្រោយម៖

 
 
​ព្រឹទ្ធបុរស​ស្ដីទី​ខាងលើ​បញ្ជាក់ថា ការថត​បទ​ភ្លេងជាតិ “​នគររាជ​” ខ្នាត​ធំ​នេះ ថត​បែង​ចែកជា​៣​ប្រភេទ ដោយ​ប្រភេទ​ទី​១ ថត​ភ្លេង​ផ្ដើម​បទ​ជាមួយ​បទ​ភ្លេង​សុទ្ធ ហើយ​ប្រភេទ​ទី​២ ថត​បទ​ភ្លេង​ជាមួយ​ចម្រៀង​ជា​ពួក និង​ប្រភេទ​ទី​៣ ថត​ច្រៀង​សុទ្ធ​មិនមាន​ភ្លេង​។ ទាំង​៣​ប្រភេទ​នេះ​ត្រូវ​ថត​បែប​ចែកជា​១០​បែប​ផ្សេងគ្នា​ទៀត​។


 
​ប្រភេទ​ទី​១ ថត​ភ្លេង​ផ្ដើម​បទ​ជាមួយ​បទ​ភ្លេង​សុទ្ធ​។ បែប​ទី​១ គឺ​ថត​ផ្ដើម​បទ​បូក​ជាមួយ​បទ​ភ្លេង​សុទ្ធ​៣​ល្បះ​។ បែប​ទី​២ ថត​ផ្ដើម​បទ​បូក​ជាមួយ​បទ​ភ្លេង​សុទ្ធ​១​ល្បះ ហើយ​បែប​ទី​៣ គឺ​ថត​តែ​បទ​ភ្លេង​សុទ្ធ​៣​ល្បះ​។ និង​បែប​ទី​៤ ថត​តែ​បទ​ភ្លេង​សុទ្ធ​១​ល្បះ ដែល​រាល់​ការគោរព​ទង់ជាតិ​នៅ​ទូទាំងប្រទេស​និយម​ប្រើ​នោះ​។​
 
​ប្រភេទ​ទី​២ ថត​បទ​ភ្លេង​ជាមួយ​ចម្រៀង​ជា​ពួក​។ បែប​ទី​៥ ថត​ភ្លេង​ផ្ដើម​បូក​ចម្រៀង​៣​ល្បះ​ជាមួយ​ភ្លេង​។ បែប​ទី​៦ ថត​ភ្លេង​ផ្ដើម​បូក​ចម្រៀង​១​ល្បះ​ជាមួយ​ភ្លេង​។ បែប​ទី​៧ ថត​ចម្រៀង​៣​ល្បះ​ជាមួយ​ភ្លេង និង​បែប​ទី​៨ ថត​ចម្រៀង​១​ល្បះ​ជាមួយ​ភ្លេង​។ 
 
​ប្រភេទ​ទី​៣ ច្រៀង​សុទ្ធ​មិនមាន​ភ្លេង​។ បែប​ទី​៩ ច្រៀង​សុទ្ធ​៣​ល្បះ និង​បែប​ទី​១០ ច្រៀង​សុទ្ធ ១​ល្បះ​។


 
​លោក ហង្ស រិទ្ធី​រ៉ា​វុ​ទ្ធ បញ្ជាក់​បន្ថែមថា​៖« នេះ​ជា​លើកទីមួយ​សម្រាប់​ជាតិ​ទាំងមូល ក្នុង​ការថត​បទ​ភ្លេងជាតិ​ខ្នាត​ធំ​បែបនេះ​។ វា​ជា​ឯកសារ​ដែលមាន​តម្លៃ​ណាស់​សម្រាប់​ជាតិ​។ រាប់​តាំងពី​សម័យ​បារាំង​មក​ការថត​បទ​ភ្លេងជាតិ មាន​តន្ត្រីករ​និង​អ្នកចម្រៀង​ទាំងអស់​ប្រហែល​តែ​៨​នាក់​ប៉ុណ្ណោះ​។ យើង​ទៅ​ថត​ក្នុង​ស្ទូ​ឌី​យោ​ខ្នាត​ធំ​របស់​កូរ៉េ​តែម្ដង ហើយ​គេ​យក​វង់ភ្លេង​ដែល​ល្បី​នៅ​កូរ៉េ​មក​ថត​ឱ្យ​យើង​ទៀត​។ គោលបំណង​របស់គេ​គឺ​គេ​សប្បាយ​ចិត្តនឹង​ជួយ​យើង​តែម្ដង​។ គេ​មិន​ទទួលបាន​ប្រយោជន៍​អ្វី​ពី​ការថត​បទ​ភ្លេងជាតិ​យើង​នេះ​ទេ យ៉ាងច្រើន​ក្រោយពី​កាត់​ភ្លេង​នេះ​ស្អាត​ហើយ គេ​កូ​ពី​ភ្លេង​ទុក​សម្រាប់​ជា​ឯកសារ​តម្កល់​នៅ​ប្រទេស​គេ​តែ​ប៉ុណ្ណឹង​»​។ 
 
​កន្លងមក​កម្ពុជា​និង​កូរ៉េ​ធ្លាប់មាន​សហប្រតិបត្តិកា​រ​ជាមួយគ្នា ដោយបាន​រៀបចំ​ពិព័រណ៍​អង្គរឃ្យុង​យូ​​កាលពី​ឆ្នាំ​២០០៦ ដែលជា​ព្រឹត្តិការណ៍​ដ៏​ធំ​សម្រាប់​ទំនាន់​ទំនង​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​២​។
 
​បទ​ភ្លេងជាតិ​”​នគររាជ​” មាន​៣​បទ​ឬ​៣​ល្បះ​។ បទ​ឬ​ល្បះ​ទី​១ សរសើរ​ពី​ព្រះ​បារមី​ព្រះមហាក្សត្រ​ខ្មែរ ហើយ​បទ​ឬ​ល្បះ​ទី​២ សរសើរ​ពី​រចនាបទ​ប្រាសាទបុរាណ​ខ្មែរ និង​បទ​ឬ​ល្បះ​ទី​៣ សរសើរ​ពី​តម្លៃ​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​៕

Tag:
 តន្ត្រីករ​
 ​តន្ត្រី​
 ​ភ្លេង​
 ​នគររាជ​
 ​ភ្លេងជាតិ​
  ហង់ រិទ្ធី​រ៉ាវុធ​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com