ជាតិ
ក្រសួងនឹងបង្កើត សន្ទានុក្រមមុខម្ហូបចិន ដើម្បីពង្រឹងគុណភាពសេវាម្ហូបអាហារចិន រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
× ភ្នំពេញ៖ ក្រសួងទេសចរណ៍គ្រោងបង្កើត សន្ទានុក្រមម្ហូបចិន ដើម្បីពង្រឹងគុណភាពសេវាម្ហូបអាហារចិននិង សម្រាប់សម្រួលដល់អាជីកម្មទេសចរណ៍នៅតាមមូលដ្ឋាន ដែលបម្រើសេវាម្ហូបអាហារចិន។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការបង្កើតសន្ទានុក្រមមុខម្ហូបចិននេះ ដោយសារកន្លងមកនៅតាមអាហារដ្ឋានមានការខុសឆ្គង ក្នុងការសរសេរឈ្មោះមុខម្ហូមអាហារនិងមិនទាន់មានបញ្ជីឈ្មោះត្រឹមត្រូវ ទើបក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិននៅកម្ពុជា និងចុងភៅកម្ពុជា រួមទាំងភាគីពាក់ព័ន្ធ ពិភាក្សាគ្នាបង្កើតឲ្យមានសន្ទានុក្រមម្ហូបអាហារចិន។ បើតាមលោក សុភ័ក សន្ទាននុក្រមមុខម្ហូបចិននេះ មានខ្លឹមសារជាភាសាខ្មែរ អង់គ្លេស និងភាសាចិន។
បន្ថែមពីនេះលោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ ដែលជាអ្នករៀបចំគម្រោងនេះ បានបញ្ជាក់ថា ក្រៅពីសន្ទានុក្រមនេះ ក្រសួងក៏នឹងធ្វើបច្ចុប្បន្នភាពមុខម្ហូបថ្មី បន្ថែមទៀត ទៅតាមការវិវត្តសង្គម និងការរីកចម្រើននៃវិស័យម្ហូបអាហារ និងភេសជ្ជៈផងដែរ។
«ការបង្កើតសន្ទាននុក្រមមុខម្ហូបនេះ គឺផ្តោតសំខាន់លើមុខម្ហូបចិន ហើយក៏មានម្ហូបអឺរ៉ុបនិងខ្មែរមួយចំនួនដែរ ដោយសារជនជាតិចិនខ្លះក៏ត្រូវការប្រភេទម្ហូបនេះ»។ នេះជាការបញ្ជាក់របស់លោក វ៉ាន់ដេត ដែលបានបន្ថែមថា មុខម្ហូបនិងភេសជ្ជៈប្រមាណ២០០ទៅ៣០០មុខ នឹងត្រូវដាក់ចូលសន្ទាននុក្រមមុខម្ហូបនេះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com