ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុរាណ​វិទូ​បន្ត​កំណាយ​នៅ​ប្រាសាទបន្ទាយក្ដី​ដើម្បី​ដឹង​ពី​រចនាសម្ព័ន្ធ​របស់​ប្រាសាទ​
01, Sep 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ ក្នុង​កិច្ចការ​ដើម្បី​ការអភិរក្ស​និង​ស្រាវជ្រាវ​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ អ្នក​បុរាណ​វិទូ​បានធ្វើការ​លើ​វិធីសាស្ដ្រ​ជាច្រើន ក្នុងនោះ​មានការ​ធ្វើ​កំណាយ​ជាដើម​។ នៅ​ប្រាសាទបន្ទាយក្ដី កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នក​បុរាណ​វិទូ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​ការធ្វើ​កំណាយ​នៅក្នុង​បរិវេណ​ប្រាសាទ​នេះ​ក្នុង​បំណង​ដើម្បី​ដឹង​ពី​រចនាសម្ព័ន្ធ​របស់​ប្រាសាទ និង​ដើម្បី​ប្រៀបធៀប​លើ​លទ្ធផល​ដែល​បានធ្វើ​នាពេល​កន្លងមក​។​

 
​ចង់ដឹងថា កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទបន្ទាយក្ដី​ដែលមាន​រចនាបថ​ដូច​ប្រាសាទតាព្រហ្ម​មាន​អ្វីខ្លះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ក្រុម​អ្នក​បុរាណវិទ្យា​មកពី​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា អាជ្ញាធរ​ជាតិ​អប្សរា និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ ទើបនឹង​បញ្ចប់​ការស្រាវជ្រាវ​តាមរយៈ​កំណាយ​នៅ​បរិវេណ​ប្រាសាទបន្ទាយក្ដី​។ មាន​រចនាបថ​ដូច​ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី​ក៏មាន​ទីតាំង​ស្ថិតនៅ​ជ្រុង​ខាងកើត​ឆៀង​ខាងត្បូង​នៃ​កំពែង​ប្រាសាទតាព្រហ្ម​នេះដែរ​។ កំណាយ​នេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែសីហា រហូតដល់​ថ្ងៃទី​២១ ខែសីហា​។​
 
​លោក ញឹម សុធា​វិន្ទ បុរាណ​វិទូ​និង​ជា​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បាន​រំលឹក​ពី​ប្រវត្តិ​អំពី​ការសិក្សា​ស្រាវជ្រាវ​ដំបូង​នៅ​ប្រាសាទបន្ទាយក្ដី បានចាប់ផ្តើម​ពី​ឆ្នាំ​២០០០​និង​២០០១ ដែល​នៅពេល​នោះបាន​រកឃើញ​បដិមា​ព្រះពុទ្ធសាសនា ២៧៤ អង្គ​។ កំណាយ​ជា​បន្តបន្ទាប់​ធ្វើឡើង​ដើម្បី​ចង់ដឹង​ពី​ការវិវត្ដន៍​នៃ​សំណង់​នៃ​ប្រាសាទបន្ទាយក្ដី ថា​តើ​សម័យកាល​មានការ​វិវត្ដន៍​ពី​ណា​ទៅណា​។​


 
​សម្រាប់​ការធ្វើ​កំណាយ​នៅលើ​ក​នេះ លោក ញឹម សុធា​វិន្ទ ពន្យល់ថា គឺជា​កំណាយ​នៅ​ខឿន​ព្រះពុទ្ធសាសនា ដែល​សង់​នៅ​អំឡុង​ស​.​វ​ទី​១៦ គឺ​នៅក្រោយ​ពេលដែល​ប្រទេស​ខ្មែរ​ដូរ​សាសនា​ពី​ព្រហ្មញ្ញសាសនា មក​គោរព​ព្រះពុទ្ធសាសនា​មហាយាន​ក្នុង​ស​.​វ​ទី​១៤​។ អ្នក​បុរាណ​វិទូ​រូបនេះ​ពន្យល់ថា​៖« ...​មូលហេតុ​ដែល​យើង​ដឹង (​ដូរ​សាសនា​) គឺ​តាមរយៈ​ការរកឃើញ​សិលាចារឹក​មួយ​ជា​ភាសាបាលី ព្រោះ​កាល​យើង​នៅ​គោរព​សាសនា​ព្រហ្មញ្ញ​មហាយាន គេ​ប្រើ​សំស្ក្រឹត ដល់​ឆ្នាំ​១៣០៨​និង​១៣០៩ យើង​រកឃើញ​ភាសាបាលី​។ ដូច្នេះហើយ ទើប​មាន​ខឿន​ហ្នឹង នៅ​អង្គរធំ​មាន​ច្រើន ខ្មែរ​យើង​ហៅថា​សម័យ​កណ្ដាល ចំណែក​បារាំង​ហៅ​សម័យ​ក្រោយ​អង្គរ​»​។​
 
​លោក ញឹម សុធា​វិន្ទ អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្រទេស​ជប៉ុន បានឱ្យដឹងថា ការធ្វើ​កំណាយ​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ធ្វើ​នៅ​ទីតាំង​នៃ​សំណង់​មួយ​ហៅថា «​ខឿន​ព្រះពុទ្ធសាសនា​» ក្នុង​គោលបំណង​ចង់​បញ្ជាក់បន្ថែម​លើ​កំណាយ​កាលពី​ឆ្នាំ​១៩៩៥​និង​១៩៩៦ ដែល​បានធ្វើ​នៅ​ផ្នែក​ខាងលិច​នៃ​ខឿន​ព្រះពុទ្ធសាសនា​នេះ​។ កាលនោះ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រទះឃើញ​កោដ្ឋ​ដាក់​ឆ្អឹង​ខ្លះ​ដែលជា​ភាជន៍​ចិន​ផលិត​ក្នុង​រវាង​ស​.​វ​.​ទី​១៦​និង​១៧​។ លើក​នេះ បាន​បើក​រណ្ដៅ​ធ្វើ​កំណាយ​នៅ​ផ្នែក​ខាងកើត ដើម្បី​ចង់ដឹងថា តើ​មាន​កោដ្ឋ​ដែល​គេ​យកមក​បញ្ចុះ​នៅ​ទីតាំង​ខឿន​ព្រះពុទ្ធសាសនា​នេះ​ទៀត​ដែរឬទេ​? ហើយក៏​ចង់​ស្វែងយល់​អំពី​ទំនាក់ទំនង​នៃ​រចនា​សម្ពន្ធ​របស់​ខឿន​ព្រះពុទ្ធសាសនា និង​សំណង់​ថ្មបាយក្រៀម ដែល​អ្នកជំនាញ​ឱ្យឈ្មោះ​ថា C19 រួមទាំង​សំណង់​មួយទៀត​ដែល​គេ​មិនទាន់​ដឹង​អំពី​តួនាទី​ពិតប្រាកដ​។ បើតាម​ការបញ្ជាក់​ពី​លោក ញឹម សុធា​វិន្ទ ថ្វី​ត្បិត​មិនអាច​កំណត់​កាលបរិច្ឆេទ​នៃ​សំណង់ C19 ក្ដី ប៉ុន្តែ​គេ​យល់ថា វា​សាង​មុន​ខឿន​ព្រះពុទ្ធសាសនា នេះ​បើ​ពិនិត្យមើល​លើ​ស្ថានភាព​គ្រឹះ​នៃ​សំណង់​ដែល​គេ​ធ្វើ​កំណាយ​ឃើញ​។ អ្នកជំណាញ​នឹងធ្វើ​កំណាយ​បញ្ជាក់​ម្ដងទៀត​នៅ​ឆ្នាំក្រោយ ដើម្បី​ស្វែងយល់​លម្អិត​អំពី​រចនា​សម្ពន្ធ​របស់​សំណង់​ទាំងពីរ​នេះ​។​


 
​សម្រាប់​កំណាយ​រយៈពេល​២១​ថ្ងៃនេះ អ្នក​បុរាណ​វិទូ​បាន​ប្រទះឃើញ​កោដ្ឋ​ចំនួន​៣ ចាន​ដាក់​ឆ្អឹង​ចំនួន​៣ និង​ដប​ទឹក​ចំនួន​៤ ហើយ​អាចមាន​ច្រើនជាង​នេះ​ប្រសិនបើ​ពង្រីក​រណ្ដៅ​កំណាយ​បន្ថែម ដោយសារ​ស្ថិតនៅ​ទីតាំង​បញ្ចុះ​នៃ​ខឿន​ព្រះពុទ្ធសាសនា​។ យ៉ាងណា បើ​ការពិនិត្យ​ជាក់ស្ដែង​សម្ភារ​ទាំងនេះ​គឺជា​របស់​ថ្មី អាច​រវាង​៤០​ទៅ​៦០​ឆ្នាំ​ប៉ុណ្ណោះ​។ បើតាម​ការអះអាង​រប​ស់​អ្នកភូមិ​រហាល ក្នុងអំឡុង​ឆ្នាំ​១៩៨០ មាន​អ្នកភូមិ​រហាល​និង​ស្រះស្រង់ ដែលមាន​ទីតាំង​ក្បែរ​ប្រាសាទ បាន​យក​កោដ្ឋ​មក​បញ្ចុះ​នៅទីនេះ ខ្លះ​យកទៅ​បញ្ចុះ​នៅ​អង្គរវត្ត​។ កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ ពេលដែល​មានការ​ទម្លាក់​គ្រាប់បែក​ខ្លាំង អ្នកភូមិ​នៅក្បែរ​បន្ទាយក្ដី​ក៏បាន​នាំគ្នា​មក​រស់នៅក្នុង​បរិវេណ​ប្រាសាទ​នេះ​ច្រើន ដើម្បី​សុវត្ថិភាព​។ ពេលនោះ​ក៏មាន​គេ​យក​កោដ្ឋ​សាច់ញាតិ​មក​បញ្ចុះ​នៅ​ជុំវិញ​ខឿន​ព្រះពុទ្ធសាសនា​នេះដែរ​។ រហូតដល់​សព្វថ្ងៃ ពេល​ចូលឆ្នាំ​ខ្មែរ និង​មុន​ភ្ជុំបិណ្ឌ អ្នកភូមិ​តែងតែ​មក​រៀបចំ​ពិធី​នៅទីនេះ ដើម្បី​រំឭក​ដល់​សាច់ញាតិ​ដែល​បាន​ចែក​ស្ថាន​ទៅ​។ នេះ​បើតាម​ការស្រាវជ្រាវ​រក​ឃើញ​របស់លោក ញឹម សុធា​វិន្ទ ដោយ​បញ្ជាក់ថា ក្រុមការងារ​របស់លោក​នឹង​ស្រាវជ្រាវ​បន្ត​រក​សាច់ញាតិ​ដែល​បាន​យក​កោដ្ឋ​មក​បញ្ចុះ​នៅ​ទីតាំង​នេះ ដើម្បី​ដឹង​ព័ត៌មាន​លម្អិត​ក្រោយ​ចប់​កំណាយ​។ 
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំនេះ ក្រុម​អ្នក​បុរាណវិទ្យា​បាន​យល់​អំពី​ការវិវឌ្ឍ​ន៍​និង​សម័យកាល​របស់​រចនា​សម្ពន្ធ​នៃ​សំណង់​នីមួយៗ​។ ទោះបី​សំណង់​នៃ​ប្រាសាទបន្ទាយក្ដី​បាន​សាង​ឡើង​នៅក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​ចុង​ស​.​វ​ទី​១២​ក្ដី ប៉ុន្តែ​ក្នុងនោះ​ក៏បាន​រកឃើញរ​ចនាស​ម្ព​ន្ធ​នៃ​សំណង់​ខ្លះ​នៅ​ស​.​វ​.​ទី​១០ និង​ទី​១១​ដែរ​។ បើ​យោងតាម​សិលាចារឹក​ស្ដុក​កក់ធំ (K.235) ចារ​នៅក្នុង​ឆ្នាំ​១០៥១​គ​.​ស ទីតាំង​នៃ​ប្រាសាទ​នេះ​មាន​មនុ​ស្សមក​តាំងទី​បង្កើតជា​ភូមិ ស្រុក​នៅ​ដើម​ស​.​វ​ទី​៩ ដែល​សូម្បីតែ​ឈ្មោះ​នៃ​ប្រាសាទ​នេះ "​ក្ដី​" ក៏មាន​ចារ​នៅក្នុង​សិលាចារឹក​ស្ដុក​កក់ធំ និង​សិលាចារឹក​ប្រាសាទបាតជុំ (K.266) ដែរ​។ ក្រៅពីនេះ​គេ​ក៏បាន​ធ្វើ​កំណាយ​រកឃើញ​វត្ថុ​សិល្បៈ​ជាច្រើន​នៅក្នុង​បរិវេណ​បន្ទាយក្ដី ជាពិសេស​នៅ​ឆ្នាំ​២០០០​និង​២០០១​។ កំណាយ​ពេលនោះ​បាន​រកឃើញ​ប្រតិមា​ព្រះ​ពុទ្ធរូប​ចំនួន​២៧៤​បំណែក ហើយ​នៅ​ឆ្នាំ​២០១០ រកឃើញ​ចំនួន​៦​បំណែ​កទៀត ដែល​សព្វថ្ងៃ​ប្រតិមា​ទាំងនោះ​ដាក់​តាំងនៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​៕








 

Tag:
 កំណាយ​
  បុរាណ​វិទូ​
  ប្រាសាទបន្ទាយក្ដី​
  ញឹម សុធា​វិន្ទ​
  សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com