ជាតិ
សេដ្ឋកិច្ច
លោក សុង សារ៉ន៖«កុំប្រកួតប្រជែងគ្នាឯងខ្លាំងពេក តែប្រកួតជាមួយប្រទេសជិតខាងយើង» រូបពីហ្វេសប៊ុកលោក សុង សារ៉ន
× ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលទើបជាប់ឆ្នោតថ្មី លោក សុង សារ៉ន បានមើលឃើញបញ្ហាមួយក្នុងចង្កោមបញ្ហាក្នុងវិស័យស្រូវអង្កររបស់កម្ពុជា នោះគឺការមិនស៊ីសង្វាក់គ្នាក្នុងចំណោមក្រុមកសិករ រោងម៉ាស៊ីនកិនស្រូវ-អ្នកប្រមូលទិញស្រូវ។
ប្រសាសន៍លោក សុង សារ៉ន ៖
លោក សុង សារ៉ន បានប្រាប់អ្នកយកព័ត៌មានរបស់ thmeythmey.com ដែលទៅសម្ភាសពីប្រវត្តិជីវិតរូបលោកផ្ទាល់ យ៉ាងដូច្នេះថា៖«កសិករនីមួយៗ ប្រមូលផលហើយលក់ អត់មានការចងក្រងគ្នាទេ។ បើយើងចងក្រងគ្នា យើងអាចប្រាប់គ្នាបាន ថា រោងម៉ាស៊ីន ក ដែលកុងត្រាជាមួយយើងជាសហគមន៍ហ្នឹង គាត់ចង់បាននៅថ្ងៃទី២៣ ឧទាហរណ៍ តែ៥០តោនទេ ព្រោះពេញឡគាត់ហើយ។ ថ្ងៃទី២៤ ៦០តោន ឬ១០០តោន…គេធ្វើអ៊ីចឹង។ អាហ្នឹង គេចែកគ្នារស់។ តែបើយើងមិនបាននិយាយគ្នា ថ្ងៃទី២៣មក ២០០តោន ហើយឡសម្ងួតទទួលបានតែ៥០តោន។ អ៊ីចឹង បានផ្តើមបន្ទោសគ្នាទៅវិញទៅមក ថា អ្នកនេះ មិនព្រមទិញ អ្នកនោះមិនព្រមទិញ»។
ចំពោះរោងម៉ាស៊ីនកិនស្រូវវិញ លោក សុង សារ៉ន ស្នើកុំឲ្យដណ្តើមគ្នាទិញលក់ស្រូវ ព្រោះវាជាការប្រកួតប្រជែងមិនត្រឹមត្រូវ ដែលធ្វើឲ្យខូចដល់សង្វាក់ផលិតកម្មទាំងមូល។ លោកឲ្យដឹងដូចនេះថា៖«យើងនឹងរៀបចំផែនការហ្នឹង ទៅតាមតំបន់ម៉ាស៊ីនដែលនៅក្បែរៗគាត់(កសិករ)។ ថ្ងៃនេះត្រូវការប៉ុណ្ណេះ។ ថ្ងៃស្អែកម៉ាស៊ីនខាងណោះត្រូវការប៉ុន្មាន? ម៉ាស៊ីនខាងនេះត្រូវការប៉ុន្មាន? ទូទាំងខេត្តមាន១០០ម៉ាស៊ីន ជាឧទាហរណ៍។ អ៊ីចឹង ចែកគ្នាទៅ កុំដណ្តើមគ្នាលក់ ដណ្តើមគ្នាទិញ ព្រោះបើដណ្តើមគ្នាច្រូត ដណ្តើមគ្នាលក់ និងទិញ ងាប់ហើយ»។
ប្រធានសហព័ន្ធស្រូវអង្ករ និងជាអគ្គនាយកក្រុមហ៊ុនAmruRice រូបនេះ ជំរុញឲ្យអ្នកពាក់ព័ន្ធ ប្រកាន់នូវរបៀបដែលធ្វើឲ្យចំណេញទាំងអស់គ្នា ហើយចៀសវាងការប្រកួតដណ្ដើមគ្នា ដែលនាំឲ្យខាតបង់ទៅវិញទេ។ «សម័យនេះហើយ យើងមិនត្រូវដណ្តើមទៀតទេ ព្រោះត្រូវគិតពីពាណិជ្ជកម្ម និងប្រាក់ចំណេញ។ បើយើងគិតតែដណ្តើមគ្នាលក់ ដើម្បីតែលក់ អ៊ីចឹងអ្នកផ្សេងដែលច្រូតមិនទាន់ គឺងាប់ហើយ។ យើងកុំធ្វើការ ដែលប្រកួតប្រជែងគ្នាឯងពេក ត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាងយើង កុំប្រកួតគ្នាយើង។ ដូច្នេះ មានតែកិច្ចសន្យាកសិកម្ម ការជែកគ្នា និងរៀបចំក្រុមធ្វើការងារជាមួយគ្នាហ្នឹងឯង»។ នេះជាការអះអាងរបស់លោក សុង សារ៉ន ៕
Tag:
ស្រូវ អង្ករ
សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com