អន្តរជាតិ
ហេតុអ្វី ពេលខ្លះភ្លើងឆេះព្រៃផ្តល់ផលល្អសម្រាប់ព្រៃ?
× បើស្តាប់ភ្លាម ករណីភ្លើងឆេះព្រៃមិនមែនជាអ្វីដែលមនុស្សចង់ឲ្យកើតឡើងគ្រប់ពេលវេលានោះទេ។ ភ្លើងឆេះព្រៃអាចបំផ្លាញទ្រព្យសម្បតិ្តប្រជាជន ឆក់យក់ជីវិតមនុស្សសត្វ ខាតបង់ថវិកា និងបង្កើតបញ្ហាផ្សេងៗជាច្រើនទៀត។ ប៉ុន្តែនៅក្នុងធម្មជាតិ មិនមែនរឿងរ៉ាវដែលមនុស្សភាគច្រើនគិតថាអាក្រក់សុទ្ធតែអាក្រក់នោះទេ។ ចំពោះព្រៃឈើនៅតាមតំបន់មួយចំនួន ភ្លើងឆេះគឺជារឿងចំណេញ ដោយសារវាជួយឲ្យមានភាពយូរអង្វែងនៃកូនឈើជំនាន់ក្រោយ។
គេហទំព័ររបស់អង្គការសត្វព្រៃពិភពលោក WWF និង How Stuffs Work បានរៀបរាប់ថា ភ្លើងឆេះព្រៃតូចៗគឺជាហេតុផលចម្បងក្នុងការទប់ស្កាត់បញ្ហាភ្លើះឆេះព្រៃធំៗដែលអាចកើតឡើងក្នុងពេលអនាគត។ ពេលខ្លះ អាជ្ញាធរព្រៃអាចបង្កើតឲ្យមានភ្លើងឆេះព្រៃតូចៗ ដោយមានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីទប់ស្កាត់នូវការស្តុកទុកនូវបរិមាណកាបូនច្រើនពេក។
បរិមាណកាបូនទាំងនេះ មានសណ្ឋានជាមែកឈើ ឬកម្ទេចឈើទាំងឡាយនៅក្នុងព្រៃ។ ការដុតបរិមាណកាបូនខ្លះចោល អាចជួយកាត់បន្ថយបញ្ហាភ្លើងឆេះខ្លាំងហួសកម្រិត។ ទោះបីមិនមានវត្តមានរបស់មនុស្សក្នុងការអន្តរាគមន៍ក្តី ព្រៃមួយចំនួនក៏អាចបង្កើតឲ្យមានភ្លើងឆេះតូចៗដោយឯកឯងដែរ ក្នុងរយៈពេលពីរទៅបីឆ្នាំម្តង ដើម្បីកាត់បន្ថយបរិមាណកាបូន ដូចការរៀបរាប់ខាងលើ។ ចំហេះទាំងនេះ ក៏មាននាទីសំខាន់ក្នុងការផ្តល់ឳកាសឲ្យកូនឈើតូចៗ ដែលទើបនឹងដុះឡើងអាចទទួលជីវជាតិក្នុងដី និងពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ផងដែរ។
នេះគឺដោយសារតែ ព្រៃធំៗអាចបាំងពន្លឺព្រះអាទិត្យជិត មិនអាចឲ្យគ្រាប់ឈើដែលទើបនឹងជ្រុះនោះទទួលបានការលូតលាស់ល្អនោះទេ។ កូនឈើតូចៗទាំងនោះ នឹងងើបមកវិញ ជាមួយនឹងបរិមាណនៃសារធាតុចិញ្ចឹមខ្ពស់ មានប្រយោជន៍សម្រាប់ពពួកសត្វរុក្ខាសី។
ចុះចំពោះសត្វដែលរស់នៅក្នុងព្រៃវិញ តើវាអាចរងគ្រោះថ្នាក់ដែរឬទេ បើមានភ្លើងឆេះកើតឡើង? សត្វទាំងនេះអាចទទួលនូវផលប៉ះពាល់តិចតួចដែរ។ ទោះបីជាយ៉ាងនេះមែន សត្វព្រៃអាចដឹងពីបញ្ហាភ្លើងឆេះព្រៃបានឆាប់រហ័ស ដូចជាហិតក្លិនជាដើម។ ដូចនេះពួកវាមានពេលគ្រប់គ្រាន់ក្នុងការរត់រកកន្លែងសុវត្តិភាព។ ចំពោះសត្វល្អិត និងថនិកសត្វតូចៗ ពួកវាអាចជ្រកកោននៅតាមរន្ធខាងក្រោមដី។
សត្វតូចៗទាំងនេះ នឹងស៊ីដើមរុក្ខជាតិដែលបានឆេះរួច ក្រោយមកធំធាត់ និងបន្តក្លាយជាអាហារសម្រាប់សត្វធំៗដែលត្រឡប់មកវិញដទៃទៀត។ បើតាមគេហទំព័រ BBC ភ្លើងឆេះព្រៃត្រូវបានគេរកឃើញថា វាបានកើតឡើងអស់រយៈពេលប្រមាណជា១២៥ លានឆ្នាំមកហើយ នៅពេលដែលពពួករុក្ខជាតិនានាវិវត្តមកឡើងលើដី។ ប្រភេទគ្រាប់នៃដើមស្រល់នៅតាមតំបន់មួយចំនួនទាមទារភ្លើងឆេះ ដែលមានសីតុណ្ហភាពក្តៅគួរសមដើម្បីបើក និងរីកលូតលាស់។ Eucalyptus ដែលជារុក្ខជាតិមួយប្រភេទ ផលិតសារធាតុប្រេងម្យ៉ាងដែលមាននាទីក្នុងការបង្កឲ្យមានចំហេះល្អ។ ប៉ុន្តែក្នុងរយៈចុងក្រោយនេះ មនុស្សបានធ្វើការទប់ស្កាត់ភ្លើងឆេះព្រៃដែលមានប្រយោជន៍ កាប់បំផ្លាញដើមឈើសំខាន់ សម្រាប់វិស័យកសិដ្ឋាន និងទីលំនៅរស់នៅ។ សកម្មភាពទាំងនេះបានធ្វើឲ្យមានផលប៉ះពាល់ទៅកាន់ដំណើររស់នៅនៃរុក្ខជាតិ ដែលបង្កឲ្យព្រៃមួយចំនួនមានភ្លើងឆេះកាន់តែខ្លាំងៗឡើង និងញឹកញាប់ជាងមុន៕
Tag:
ភ្លើងឆេះព្រៃ
ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com