លោក ហុក សុ​ជីវ័ន បដិសេធ​ធ្វើជា​គ្រូ​ជំនួយ​ក្លិប ដែល​ទើប​ឡើង​លី​គ​កំពូល​ឥណ្ឌា​
កីឡាជាតិ
ជាតិ
លោក ហុក សុ​ជីវ័ន បដិសេធ​ធ្វើជា​គ្រូ​ជំនួយ​ក្លិប ដែល​ទើប​ឡើង​លី​គ​កំពូល​ឥណ្ឌា​
01, Sep 2019 , 10:57 pm        
រូបភាព
​អតីត​គ្រូបង្វឹក​ក្លិប​បាល់ទាត់​វិសាខា​លោក ហុក សុ​ជីវ័ន បាន​បដិសេធ​សំណើរ​ទៅធ្វើជា​គ្រូ​ជំនួយ​ក្លិប ដែល​ទើប​ឡើង​ទៅលេង​ក្នុង​លី​គ​កំពូល​ឥណ្ឌា Tiddim Road Athletic Union​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក ហុក សុ​ជីវ័ន ដែល​បាន​បង្ហោះ​នៅ​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។

 
​ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​ថា លោក ហុក សុ​ជីវ័ន អតីត​គ្រូបង្វឹក​ក្លិប​បាល់ទាត់​វិសាខា នឹង​ទៅធ្វើជា​គ្រូ​ជំនួយ​ជាមួយ​ក្លិប​ដែល​ទើប​ឡើងមក​លេង​លី​គ​កំពូល​មួយ​នៅ​ប្រទេស​ឥណ្ឌា​នៅ​រដូវ​កាល​ក្រោយ ស្រាប់តែ​នៅ​យប់​ថ្ងៃទី​១ ខែកញ្ញា​នេះ លោក​បាន​សរសេរ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ការបដិសេធ​របស់ខ្លួន​ជាមួយ​ក្លិប ដែល​គេ​ស្គាល់​ថា Tiddim Road Athletic Union​។​
 
​ទោះបី​បង្ហាញ​ការបដិសេធ តែ​គ្រូបង្វឹក​ជួយ​ឲ្យ​ក្លិប​វិសាខា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨​រូបនេះ មិនបាន​បង្ហាញ​មូលហេតុ​លម្អិត​ចំពោះ​ការបដិសេធ​នេះឡើយ​។ លោក ហុក សុ​ជីវ័ន បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​បានសម្រេច​ចិត្ត បដិសេធ​សំណើរ​ទៅធ្វើជា​គ្រូ​ជំនួយ​នៅ​ក្លិប នៃ​ប្រទេស​ឥណ្ឌា ដោយ​ហេតុផល​ផ្ទាល់ខ្លួន​មួយចំនួន​ដែល​មិនអាច​ឈានដល់​ការទទួលយក​សំណើ​មួយ​នេះ​បាន​»​។​
 
​គួររំលឹកថា លោក ហុក សុ​ជីវ័ន បាន​ចូលរួម​ដឹកនាំ​ក្លិប​បាល់ទាត់​វិសាខា​នៅ​ឆ្នាំ​២០១៨ និង​ជួយ​ឲ្យ​ក្លិប​នេះ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ក្រោយ​ដឹកនាំ​ក្រុម​បាន​ពាក់កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩ ក្លិប​វិសាខា​បានប្រកាស​បញ្ចប់​តួនាទី​ជា​គ្រូ​បង្គោល ដោយ​ដំឡើងគ្រូ​ជំនួយ​របស់​លោ​ឲ្យ​ដឹកនាំ​ជំនួស​៕
 

Tag:
 បាល់ទាត់​
  ហុក សុ​ជីវ័ន
© រក្សាសិទ្ធិដោយ thmeythmey.com