ជាតិ
សង្គមជាតិ
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ ឯបង ជាប់១០ឆ្នាំ ពីបទឃាតកម្ម លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ
× លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ (ប្អូន) ត្រូវជាប់ពន្ធនាគារ១៣ឆ្នាំ និង លោក ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ (បង) ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ ក្នុងបទឃាតកម្មលើស្ត្រីម្នាក់។ នេះបើតាមការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។
សំណុំរឿងឃាតកម្មនេះ នៅមានមនុស្សពីរនាក់ផ្សេងទៀត ដែលជាគ្នីគ្នារបស់លោក ឡាយ វណ្ណៈ ក៏ជាប់ពាក់ព័ន្ធដែរ។ មនុស្សពីរនាក់នោះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំក្នុងម្នាក់ៗ ពីបទលាក់បាំងតម្រុយ ក្នុងអំពើឃាតកម្មនេះ។
តុលាការ ពុំបានបង្គាប់ឲ្យអ្នកទាំង៤ បង់ថវិកាផ្នែករដ្ឋប្បវេណីនោះទេ។ លោក ធុយ សុគន្ធ មេធាវីម្នាក់របស់លោក ឡាយ វណ្ណៈ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ដើមបណ្តឹង ពុំបានប្តឹងទារសំណងពីកូនក្តីរបស់លោកឡើយ។
មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា អំពើឃាតកម្ម ត្រូវផ្តន្ទាទោសពី១០ឆ្នាំ ទៅ ១៥ឆ្នាំ។ ចំណែកមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ បានកំណត់ថា អំពើលាក់បាំងតម្រុយដែលធ្វើឲ្យមានឧបសគ្គក្នុងការស្វែងរកការពិត ត្រូវផ្តន្ទាទោសពី១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ ៦លានរៀល។
ស្ត្រីម្នាក់ឈ្មោះ ចេវ សុវឌ្ឍនា ដែលគេអះអាងថាជាស្រីកំណាន់របស់លោក ឡាយ វណ្ណៈ ត្រូវបានប្រទះឃើញស្លាប់ ដោយស្ថានភាពចងកក្នុងផ្ទះ ស្ថិតនៅក្រុងដូនកែវ ខេត្តតាកែវ កាលពីអំឡុងខែមករា ឆ្នាំ២០១៨។ ប៉ុន្តែ សមត្ថកិច្ច សន្និដ្ឋានថា មរណភាពរបស់ស្ត្រីរូបនេះ មិនមែនជាការធ្វើអត្តឃាតនោះទេ តែជាអំពើឃាតកម្ម។ ក្រោយមក មនុស្សទាំងបួននាក់ខាងលើ ក៏ត្រូវចាប់ខ្លួន៕ © រក្សាសិទ្ធិដោយ thmeythmey.com