អន្តរជាតិ
ប៉ូឡូញមិនបានអញ្ជើញលោក ពូទីន ចូលរួមខួប៨០ឆ្នាំនៃការផ្ទុះសង្គ្រាមលោកទី២ឡើយ ប្រធានាធិបតីអាល្លឺម៉ង់ និងប្រធានាធិបតីប៉ូឡូញនាពិធីរំឭកខួបទី៨០ឆ្នាំនៃការចាប់ផ្ដើមសង្រ្គាមលោកលើកទីពីរ។ រូបភាព AFP
× រដ្ឋាភិបាលប៉ូឡូញ បានអញ្ជើញមេដឹកនាំប្រទេសជិត៤០ឲ្យចូលរួមខួបទី៨០នៃការឈ្លានពានរបស់យោធាណាស៊ីអាល្លឺម៉ង់ ដែលបានផ្ដើមឲ្យមានសង្គ្រាមលោកលើកទីពីរនៅថ្ងៃទី១ ខែកញ្ញា។ ប្រមុខរដ្ឋាអាល្លឺម៉ង់ Frank-Walter Steinmeier ដែលមានវត្តមាន បានលំឱនកាយសុំទោសប្រជាជាតិប៉ូឡូញចំពោះទង្វើមេដឹកនាំអាល្លឺម៉ង់ពីអតីតកាល។ ប៉ុន្តែក្រុងវ៉ាសូវីមិនបានអញ្ជើញមេដឹកនាំរុស្ស៊ីឲ្យចូលរួមក្នុងកម្មវិធីនេះឡើយ ទោះជាសហភាពសូវៀតមានស្នាដៃរំដោះអឺរ៉ុបទាំងមូលក្ដី។
មិនមានវត្តមានប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ឬមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ក្នុងពិធីរំឭកខួប៨០ឆ្នាំនៃការផ្ទុះសង្គ្រាមលោកលើកទីពីរនៅប៉ូឡូញឡើយ បើទោះបីជាសហភាពជាកម្លាំងសំខាន់បំផុតក្នុងការវាយកម្ទេចកម្លាំងណាស៊ីអាល្លឺម៉ង់ក្ដី។ ទីក្រុងវ៉ាសូវី ធ្លាប់អះអាងថា វត្តមានលោក ពូទីន ជារឿងមិនសមរម្យ ហើយម្យ៉ាងប៉ូឡូញមានលក្ខខណ្ឌដើម្បីអញ្ជើញមេដឹកនាំបរទេស។ គេសង្កេតឃើញថា មេដឹកបរទេសដែលចូលរួមមានតែសមាជិកអឺរ៉ុប ណាតូ និងដៃគូប៉ូឡូញនៅអឺរ៉ុបខាងកើតប៉ុណ្ណោះ។
ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី១ ខែកញ្ញា ដោយបានបញ្ជាក់ពីគុណសម្បត្តិរបស់សហភាពសូវៀតក្នុងការរំដោះប៉ូឡូញ និងអឺរ៉ុបទាំងមូលពីក្រញាំកងទ័ពហ៊ីត្លែរ។ សេចក្ដីថ្លែងការណ៍បញ្ជាក់ថា មានការវាយតម្លៃខុសពីការទូតរបស់សហភាពសូវៀតនៅដំណាក់កាលដំបូងនៃសង្គ្រាម តែវាជារឿងមិនអាចប្រកែកបានដែលសហភាពសូវៀត ជាអ្នកកម្ចាត់ណាស៊ី រំដោះអឺរ៉ុប និងសង្គ្រោះប្រជាធិបតេយ្យអឺរ៉ុបពីការរលាយសាបសូន្យ។
កងទ័ពក្រហមរបស់សូវៀត បានបើកយុទ្ធនាការពីរណសិរ្សខាងកើតដើម្បីបោសសម្អាតកម្លាំងទ័ពរបស់ណាស៊ីអាល្លឺម៉ង់ ខណៈក្រុមសម្ព័ន្ធមិត្តមានអាមេរិក និងអង់គ្លេសជាដើមនោះ ដឹកនាំកម្លាំងវាយកម្ទេចទ័ពអាល្លឺម៉ង់ពីរណសិរ្សខាងលិច រហូតដល់ដណ្ដើមបានទីក្រុងបែរឡាំងនៅឆ្នាំ១៩៤៥ ។ សង្គ្រាមលោកលើកទីពីរនៅអឺរ៉ុប ក៏ចប់ជាស្ថាពរ ដោយបន្សល់ទុកមហន្តរាយច្រើនឥតគណនាបាន។ នៅប៉ូឡូញ មនុស្សជាង៦លានបានបាត់ជីវិត។
ការលើកទ័ពចូលឈ្លានពានប៉ូឡូញដោយកងទ័ពណាស៊ីអាល្លឺម៉ង់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ គឺជាការចាប់ផ្ដើមសង្គ្រាមលោកលើកទីពីរដ៏មហន្តរាយបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ មេដឹកនាំបរទេសជាច្រើនរូប បានជួបជុំគ្នានៅទីក្រុង Wielun ជាទីដែលគ្រាប់បែកដំបូងគេរបស់ណាស៊ីធ្លាក់លើទឹកដីប៉ូឡូញកាលពី៨០ឆ្នាំមុន។ ចំពោះមុខប្រជាជនប៉ូឡូញដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier បានសុំទោសចំពោះទង្វើរបស់របបហ៊ីត្លែរ។
«ខ្ញុំលំឱនកាយចំពោះជនរងគ្រោះដោយសារអំពើឃោរឃៅរបស់អាល្លឺម៉ង់ ហើយខ្ញុំសុំការលើកលែងទោសពីអ្នក។» នេះជាលើកឡើងរបស់លោក Steinmeier ដែលបានទទួលស្គាល់កំហុសទាំងអស់ ដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។
ប្រធានាធិបតីប៉ូឡូញ Andrzej Duda បានហៅទង្វើរបស់អាល្លឺម៉ង់ ជាសកម្មភាពសាហាវយង់ឃ្នង និងជាឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែបាននិយាយសរសើរដល់ការផ្សះផ្សាពេលសង្គ្រាមចប់។ លោក Duda ក៏ឆ្លៀតនិយាយរិះគន់រុស្ស៊ីចំពោះការសកម្មភាពយោធានាពេលថ្មីៗនេះផងដែរ។ ដោយមិននិយាយចំឈ្មោះរុស្ស៊ី មេដឹកនាំរុស្ស៊ីរូបនេះអះអាងថា ទណ្ឌកម្មត្រូវតែបន្តទៀត ដើម្បីធានាថា សកម្មភាពយោធាត្រូវតែទទួលបានឆ្លើយតបដោយម៉ឺងម៉ាត់បំផុត៕
Tag:
ប៉ូឡូញ
សូវៀត
រុស្ស៊ី
វ្ល៉ាឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com