ជាតិ
ឧតុនិយម៖ ភ្លៀងធ្លាក់នៅពាយ័ព្យ ជួរភ្នំដងរែក និងឦសាន ឯតំបន់សមុទ្រអាចមានរលកខ្លាំង
× ភ្នំពេញ៖ ជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) នៅថៃ ឡាវ និងវៀតណាម រួមទាំងការកកើតនូវវិសម្ពាធ (TD) រហូតដល់ទៅពីរនៅសមុទ្រចិនខាងត្បូង កំពុងជះឥទ្ធិពលដល់លក្ខខណ្ឌអាកាសធាតុនៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២ ខែកញ្ញា។
ចាប់ពីថ្ងៃទី៣-៩ ខែកញ្ញានេះ ភ្លៀងអាចនឹងបន្តធ្លាក់រាយប៉ាយពីមធ្យមទៅច្រើននៅតាមបណ្ដាខេត្តនានា។ បាតុភូតដែលបង្ករឲ្យមានភ្លៀងធ្លាក់នេះ មាននៅបណ្តាខេត្តភាគពាយ័ព្យ, ខេត្តជាប់ជួរភ្នំដងរែក, ខ្ពង់រាបឦសានដែលមានព្រំប្រទេសជាប់វៀតណាម។
ដូចគ្នាផងដែរ សម្រាប់បណ្តាខេត្តនៅតំបន់សមុទ្រ ពិសេសកោះកុង និងព្រះសីហនុ។ ក្រៅពីការធ្លាក់ភ្លៀងច្រើន ផ្ទៃសមុទ្រនៅបណ្តាខេត្តទាំងនេះ នឹងមានខ្យល់ និងរលកខ្លាំង ពិសេសចន្លោះពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា។
រីឯបណ្តាខេត្តភាគខាងក្រោម ក៏អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com