ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដីកា​ឃ្លាំមើល​របស់​តុលាការ ជាការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​លោក កឹម សុខា​?
02, Sep 2019 , 4:32 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក កឹម សុខា
រូបពីហ្វេសប៊ុកលោក កឹម សុខា
​ភ្នំពេញ​៖ ២​ឆ្នាំ​ហើយ ដែល​លោក កឹម សុខា ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលបានជាប់ឃុំ និងកំពុង​រស់នៅក្នុង​គេហដ្ឋាន ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ក្រោម​ផ្លូវ​តុលាការ ដោយសារ​បណ្តឹង​របស់​រដ្ឋាភិបាល​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស (​សមគំនិត​ជាមួយ​បរទេស​) តាម​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។​

 
​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចូលចាប់​ខ្លួន​នៅ​គេហដ្ឋាន​ទាំង​ពាក់កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃទី​២​ចូល​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧ ពោលគឺ​មុន​២​ខែ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ ដោយសារ​អំណាចតុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ ខែ​វិច្ចិកា ។ តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ តាមរយៈ​បណ្ដឹង​ពី​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា​របស់លោក ពេជ្រ ស្រស់ ក្រោម​ហេតុផល​ស្រដៀង​គ្នា​ថា លោក កឹម សុខា បាន​ជាប់​សង្ស័យ​ក្នុង​អំពើ​ក្បត់ជាតិ ដែល​មិនគួរ​លើកលែង​ឲ្យ​បាន រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​ផងដែរ​។ មិន​ត្រឹមតែ​អស់​បក្ស​នោះទេ សូម្បីតែ​សមាជិក​បក្ស ក៏ត្រូវ​អស់សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ ដោយសារ​បម្រាម​តុលាការ​កំពូល​ផងដែរ​។​
 
​មួយឆ្នាំ​ក្រោយ​នៃ​ការបាត់បង់​គណបក្ស លោក កឹម សុខា ក៏​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ផ្ទេរ​ពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មក​គេហដ្ឋាន​វិញ កាលពី​ខែ​ថ្ងៃទី​១០ កញ្ញា ២០១៨​។ ការសម្រេច​ដោះលែង​លោក កឹម សុខា ពី​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ត្រូវបាន​តុលាការ​អះអាងថា វា​ជាការ​អនុវត្ត​ដោយ​យោងទៅលើ​មូលហេតុ​សុខភាព និង​ការធានា​ផ្នែក​នីតិវិធី​ច្បាស់លាស់​ដែលថា «​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា នឹង​មិនអាច​រត់គេច​ខ្លួន​ពី​នីតិវិធីតុលាការ​ឡើយ​»​។​
 
​មេធាវី​ការពារ​ក្តី បាន​អះអាងថា លោក កឹម សុខា មាន​បញ្ហា​ឈឺដៃ​ខាងឆ្វេង ដោយសារតែ​លោក មាន​ជំងឺ​កៀប​សរសៃ​ដៃ​។ ជុំវិញ​បញ្ហា​ជំងឺ​នេះ លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២ កញ្ញា​នេះ​ថា លោក កឹម សុខា ត្រូវ​ការវះកាត់​ត្រឹមត្រូវ តាម​វេជ្ជបញ្ជារ​គ្រូពេទ្យ ប៉ុន្តែ​ដោយសារ​រឿងក្តី​ក្ដាំ​នេះ លោក កឹម សុខា មិនត្រូវ​បានអនុញ្ញាត​ឱ្យទទួល​ព្យាបាល​នៅឡើយ​។  «​បញ្ហា​សុខ​ភាពជា​ចម្បង​របស់គាត់ (​លោក កឹម សុខា​) គឺ​តម្រូវការ​ពេទ្យ​ជំនាញ​និង​ឧបករណ៍​ពិនិត្យ និង​វះកាត់​តាម​វេជ្ជបញ្ជា ហើយ​រហូតមក​ដល់ពេលនេះ ជំងឺ​គាត់​នៅតែ​មិន​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​នៅឡើយ​។ សមត្ថកិច្ច​សុទ្ធតែ​ទទួលបាន​និង​ដឹង​ពី​ស្ថានភាព​ជំងឺ​គាត់​តាមរយៈ​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ជំនាញ​ហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​លោក កឹម សុខា​។​
 
​គិត​មកដល់ពេលនេះ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​សំណើរ​ទៅ​តុលាការ​ជាច្រើនលើក​ច្រើនសារ ដើម្បី​ស្នើ​សុំឱ្យ​ព​ន្លឿ​ន​នីតិវិធី និង​ទម្លាក់​បទ​ចោទ​លើ​កូនក្តី​ខ្លួន ក្រោយពី​តុលាការ​ពន្យា​ពេល​ស៊ើបអង្កេត​អស់​ជាង​១​ឆ្នាំ​មកហើយ​នេះ​។ លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​លោក កឹម សុខា យល់ឃើញថា វា​ជា​ពេលវេលា​សមល្មម និង​គ្រប់គ្រាន់​ហើយ ដែល​តុលាការ​គួរតែ​ឆាប់​សម្រេច​លើ​សំណុំរឿង​មេដឹកនាំ​នៃ​អតីត​បក្សប្រឆាំង​នេះ​។​
 
​មេធាវី​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ដំណើរការ​ក្ដី​រហូតមក​ដល់ពេលនេះ ហាក់បីដូចជា​នៅ​ទ្រឹង ហើយ​អត់​មាន​អ្វី​ថ្មី​ទេ​។ ហើយ​កន្លងមក​ខាង​ក្រុម​មេធាវី បានដាក់​ពាក្យស្នើសុំ​ទម្លាក់​បទ​ចោទ ហើយ​បើ​គិតពី​ពេលវេលា​វា​សមល្មម ដែល​ចៅក្រម​ល្មម​ទម្លាក់​បទ​ចោទ​លើ​កូនក្តី​(​កឹម សុខា​)​។ ទោះបី​កូនក្តី​ខ្ញុំ ដែល​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ប៉ុន្តែ​សេរីភាព​របស់គាត់ នៅតែ​មានការ​រឹតបន្តឹង ស្ថិតនៅក្រោម​ការ​ឃ្លាំង​មើល ដូច​មាននៅ​ក្នុង​សេចក្តីសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​។ ហើយ​សូម្បីតែ​គ្រួសារ​របស់គាត់​(​កឹម សុខា​) គឺ​ភរិយា​របស់គាត់ ក៏​ស្ថិតនៅក្រោម​ការ​ឃ្លាំង​មើល​ទាំង​ការចេញចូល​ផ្ទះ​ផងដែរ​»​។​
 
​មុននឹង​តុលាការ​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ហើយ​ឱ្យមក​រស់នៅ​ក្នុងផ្ទះ​វិញ​នេះ លោក កឹម សុខា ក៏ត្រូវ​បាន​ពន្យា​ពេល​ស៊ើបអង្កេត និង​ជាប់ឃុំ​អស់​រយៈពេល​មួយឆ្នាំ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​។ តាមច្បាប់ ជន​ត្រូវ​ចោទ នឹងត្រូវ​ដោះលែង​ឬក៏​បញ្ជូនទៅ​ជំនុំជម្រះ ក្រោយពី​ប្រើពេល​យ៉ាងយូរ​ត្រឹម​១៨​ខែ ក្នុងការ​ស៊ើបសួរ​។ តែ​ចំពោះ​លោក កឹម សុខា តុលាការ អាច​ប្រើពេល​លើសពី​១៨​ខែ ដើម្បី​ដាក់​លោក​ឲ្យ​រស់នៅ​ក្នុងផ្ទះ និង​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក គី ឬ​ទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង​និង​ឃ្លាំមើល​លោក កឹម សុខា នោះឡើយ​។​
 
​តែ​យ៉ាងណា​ការដាក់ឱ្យ​លោក កឹម សុខា ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​នេះ វា​ក៏​ជាការ​រឹត​ដ្បិត​សេរីភាព និង​ការរំលោភ​សិទ្ធិមនុស្ស​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក អំ សំអាត ដែល​ស្នើឱ្យ​តុលាការ​ព​ន្លឿ​ន​នីតិវិធី ឬ​ទម្លាក់​បទ​ចោទ​លើ​ករណី​លោក កឹម សុខា បើសិនជា​រក​មិនឃើញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់ «​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស (​សមគំនិត​ជាមួយ​បរទេស​)» ទេនោះ​។​
 
​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​លីកាដូ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ឃើញថា នៅក្នុង​ទិដ្ឋភាព​ច្បាប់ ឬ​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិមនុស្ស ក៏​គេ​ចែង​ដែរ​ថា ជនជាប់ចោទ​ត្រូវតែ​បានការ​ជំនុំជម្រះ ឱ្យបាន​ឆាប់​ចំពោះមុខ​ច្បាប់ មិនត្រូវ​អូសបន្លាយ​ពេលវេលា​ដល់​ជនជាប់ចោទ​ទេ ពីព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់គាត់​។ បើទោះបីជា​គាត់​(​កឹម សុខា​) ស្ថិតនៅក្នុង​ការត្រួតពិនិត្យ ហើយ​គេ​កំណត់ព្រំដែន​ឱ្យនៅ​ក្នុង​តែ​ផ្ទះ អ៊ីចឹង​គឺ​វា​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ក្នុងការ​ដើរហើរ​របស់​គាត់​។ អ៊ីចឹង​ក្នុង​ច្បាប់​អន្តរជាតិ គឺ​គេ​ថា ឱ្យមាន​ការ​ព​ន្លឿ​ន​ជំនុំជម្រះ​ឱ្យបាន​ឆាប់ តាម​ដែល​អាចធ្វើ​ទៅបាន​។ ហើយ​នៅក្នុង​រដ្ឋធម្មនុញ្ញ​យើង ក៏មាន​ចែង​ពី​ការទទួលបាន​សិទ្ធិ​ស្មើគ្នា​នៅក្នុង​ការជំនុំជម្រះ​»​។​
 
​បើតាម​លោក អំ សំអាត តុលាការ​គួរតែ​អនុវត្ត​នីតិវិធី​ច្បាប់​លើ​លោក កឹម សុខា ឱ្យបាន​ត្រឹមត្រូវ ខណៈដែល​អន្តរជាតិ​កំពុង​យកចិត្តទុកដាក់​តាមដាន​ករណី​មេដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង​រូបនេះ​។​
 
​កន្លងមក​អ្នករាយការណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ក្រុម​អន្តរជាតិ​ផ្សេងទៀត តែងតែ​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា ដោយ​ពួកគេ​យល់ឃើញថា ការអនុវត្ត​នីតិវិធី​របស់​តុលាការ​កំពុង​រំលោភ​មនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ​អ្នកនយោបាយ​បក្សប្រឆាំង​។ ប៉ុន្តែ​ការលើកឡើង​របស់​អន្តរជាតិ​នេះ ត្រូវបាន​រដ្ឋាភិបាល ច្រានចោល ហើយ​ចាត់ទុក​សម្តី​ពួកគេ​ទាំងនោះ គ្រាន់តែ​ជា​បំណង​ចង់​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ប៉ុណ្ណោះ​៕ 

Tag:
 កឹម សុខា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com