អន្តរជាតិ
តុលាការ​ប្រទេស​ម៉ាឡាវី​ផ្ដន្ទាទោស​ប្រហារជីវិត​ដើម្បី​ព្រមាន​ការវាយប្រហារ​លើ​មនុស្ស​ភឿ​ក​
03, Sep 2019 , 8:19 am        
រូបភាព
រូបឯកសារ៖ អ្នក​ដាក់​ញត្តិ​ដង្ហែ​ក្បួន​ទៅ​កាន់​សភា​ម៉ាឡវី ដើម្បី​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​នៅ​ក្នុង​ប្រទេស​នេះ។
រូបឯកសារ៖ អ្នក​ដាក់​ញត្តិ​ដង្ហែ​ក្បួន​ទៅ​កាន់​សភា​ម៉ាឡវី ដើម្បី​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​នៅ​ក្នុង​ប្រទេស​នេះ។
ដោយ: VOA
BLANTYRE ៖ ការផ្តន្ទាទោស​នេះ​កើតមាន​បន្ទាប់ពី​តុលាការ​បាន​រកឃើញថា ពួកគេ​បាន​ប្រព្រឹត្ត​ឃាតកម្ម​ដ៏​ឃោរឃៅ​មួយ ដោយបាន​កាត់​អវៈយវៈ​របស់​ជនរងគ្រោះ ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​អ្វីដែល​គេ​ហៅថា ក្បួន​មន្តអាគម​អូមអាម​។​

 
​នេះ​ជា​លើក​ទី​២​ហើយ ដែល​តុលាការ​ម៉ាឡាវី បានចេញ​សេចក្ដីសម្រេច​ផ្ដន្ទាទោស​ប្រហារជីវិត សម្រាប់​ការសម្លាប់​មនុស្ស​ភឿ​ក ដោយ​រំពឹងថា ការធ្វើ​ដូច្នេះ នឹង​រារាំង​មិន​ឲ្យ​មានការ​វាយប្រហារ​បែបនេះ​នាពេល​អនាគត​។ ប៉ុន្តែ មិនមែន​មនុស្ស​គ្រប់គ្នា​គិតថា នេះ​ជា​វិធី​ដែលមាន​ប្រសិទ្ធភាព​នោះទេ​។​
 
​តុលាការ​នៅ​ប្រទេស​ម៉ាឡាវី​ត្រូវបាន​គេ​ចោទប្រកាន់​ជា​យូរ​មកហើយ​ថា បាន​ផ្ដន្ទាទោស​ដោយ​ការអត់ឱន​ដល់ អ្នក​ដែល​បាន​វាយប្រហារ​លើ​មនុស្ស​ភឿ​ក ដែល​គេ​ជឿថា​ជាការ​ណ៍​មួយ​ចូលរួមចំណែក​ដល់​ការវាយប្រហារ​ជា​បន្តបន្ទាប់​ទៅលើ​មនុស្ស​ភឿ​ក​។​
 
​នៅក្នុង​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ខែឧសភា អង្គការ​លើកលែងទោស​អន្តរជាតិ Amnesty International បាន​ឲ្យ​ដឹងថា មនុស្ស​ភឿ​ក​ចំនួន​២២​នាក់​ត្រូវបាន​ធ្វើឃាត (​សម្លាប់​) នៅក្នុង​ប្រទេស​ម៉ាឡាវី គិត​ចាប់ពី​ឆ្នាំ​២០១៤​មក​។​


បាតុករ​ដើរ​កាត់​ភ្លៀង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​បញ្ចប់​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​នៅ​ប្រទេស​ម៉ាឡាវី។
 
​លោក​ចៅក្រម Esmey Chombo ដែលជា​អ្នកចេញ​សាលក្រម​ប្រហារជីវិត​កាលពី​ថ្ងៃ​អង្គារ បាន​ថ្លែងថា ការដាក់ពិន័យ​បែបនេះ​នឹង​ដើរតួ​ជា​គ្រឿង​បន្លាច​យ៉ាងខ្លាំង​មួយ​ដល់​មនុស្ស​ផ្សេងទៀត និង​ជួយ​បញ្ឈប់​ការវាយប្រហារ​នេះ​។​
 
​លោក Mark Botoman អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ថ្លែងប្រាប់ VOA ថា រដ្ឋាភិបាល​ពេញចិត្ត​នឹង​សាលក្រម​របស់​តុលាការ​។​
 
​លោក Botoman ថ្លែងថា​៖ «​យើង​រីករាយ​ដែល​តុលាការ​សម្រេច​ដូច្នេះ ហើយ​យើង​សូម​អរគុណ​ដល់​តុលាការ ហើយ​យើង​កំពុង​ដើរ​ឆ្ពោះទៅកាន់​ទិសដៅ​នេះ​។ យើង​សង្ឃឹមថា ការដាក់ទណ្ឌកម្ម​ដោយ​តុលាការ​បែបនេះ នឹង​រារាំង​បន្លាច​អ្នក​ទាំងឡាយណា​ដែល​មានបំណង​អាក្រក់ មិន​ឲ្យ​មានការ​វាយប្រហារ ចាប់ពង្រត់ និង​សម្លាប់​មនុស្ស​ភឿ​ក តទៅទៀត​»​។​
 
​ទោះយ៉ាងណា លោក Edge Kanyongolo មេធាវី​រដ្ឋធម្មនុញ្ញ​នៅ​មហាវិទ្យាល័យ Chancellor College of the University of Malawi ជឿជាក់ថា ការផ្ដន្ទាទោស​ប្រហារជីវិត​មិនអាច​បញ្ឈប់​ការវាយប្រហារ​បានទេ ប្រសិនបើ​រឿងក្តី​ទាំងនេះ​ត្រូវការ​ពេលវេលា​ដើម្បី​បញ្ចប់​នោះ​។​
 
​លោក​បានកត់សម្គាល់​ឃើញ​ថា រឿងក្តី​ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​១៣ សីហា បាន​ចំណាយពេល​ប្រហែល​៥​ឆ្នាំ​។​
 
​លោក Kanyongolo និយាយថា​៖ «​បើសិនជា​វា​មិនលឿន បើ​មនុស្ស​ដឹងថា នៅក្នុង​ប្រព័ន្ធ​ច្បាប់​នេះ បើ​យើង​ប្តឹងទៅ​តុលាការ​ថ្ងៃនេះ ហើយ​ត្រូវការ​ពេល​១០​ឆ្នាំ​ដើម្បី​ទទួលបាន​សាលក្រម​ពី​តុលាការ​នោះ ការផ្ដន្ទាទោស​ប្រហារជីវិត​មិនមែនជា​គ្រឿង​បន្លាច​នោះទេ​»​។​
 
​ប្រទេស​ម៉ាឡាវី​មានទោស​ប្រហារជីវិត​នៅក្នុង​ក្រម​ច្បាប់​របស់ខ្លួន ប៉ុន្តែ​មិនដែល​មានការ​អនុវត្ត​នោះទេ ចាប់តាំងពី​ប្រទេស​នេះ​បាន​ប្ដូរ​ទៅជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​១៩៩៤​។ ផ្ទុយទៅវិញ ឃាតក​ដែល​ត្រូវបាន​កាត់ទោស​ស្ថិតនៅក្នុង​ពន្ធនាគារ​អស់​មួយជីវិត​។​
 
​អ្នកស្រី Rose Msope គឺជា​មន្ត្រី​គម្រោង​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស​សម្រាប់​ក្មេងស្រី និង​ស្ត្រី​ដែលមាន​ពិការភាព​។​
 
​អ្នកស្រី​និយាយថា បើ​មិនមាន​ការអនុវត្ត​ទោស​ប្រហារជីវិត​នេះ​ទេ វា​គ្មាន​ប្រយោជន៍​នោះទេ ហើយ​មិនអាច​រារាំង​បន្លាច​មិន​ឲ្យ​មានការ​វាយប្រហារ​លើ​មនុស្ស​ភឿ​ក​នោះទេ​។​
 
​អ្នកស្រី Msope និយាយថា​៖ «​មាន​ពេល​ជាច្រើន​ដែល​ប្រធានាធិបតី​លើកលែងទោស​ដល់​អ្នកទោស​ខ្លះ​។ ដូច្នេះ បើ​មានការ​លើកលែងទោស​ស​ម្រា​ប់​អ្នក​ដែល​សម្លាប់​មនុស្ស​ភឿ​ក នោះ​មានន័យថា សុវត្ថិភាព​របស់​យើង​នឹង​នៅតែមាន​បញ្ហា​»​។​
 
​មនុស្ស​ភឿ​ក​ដែល​ខ្វះ​ជាតិ​មេឡានីន​នៅលើ​ស្បែក មាន​ភាពលេច​ធ្លោ​នៅ​អាហ្វ្រិក និង​ជា​គោលដៅ​របស់​អាប​ធ្មប់​ដែល​ប្រើប្រាស់​បំណែក​ខ្លួនប្រាណ​មនុស្ស​ភឿ​ក​នៅក្នុង​ពិធី និង​ឱសថ​ទឹក ដែល​ពួកគេ​ជឿថា​នាំមក​នូវ​សំណាងល្អ​។​
 
​រដ្ឋាភិបាល​បាន​ព្យាយាម​បង្ហាញថា ការយល់ឃើញ​បែបនេះ​ជា​រឿង​ខុសឆ្គង ហើយ​កាលពី​ខែមិថុនា ចៅក្រម​មួយរូប​បានចេញ​បម្រាម​មិន​ឲ្យ​មាន​អ្វីដែល​គេ​ហៅថា អាប​ធ្មប់ ការព្យាបាល​តាម​ក្បួន​បុរាណ គ្រូស្នេហ៍ គ្រូទាយ និង​គ្រូមន្តអាគម​អូមអាម​» និង​ហាម​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សេវា​របស់​ពួកគេ​។​
 
​សមាគម​មនុស្ស​ភឿ​កនៅ​ក្នុងប្រទេស​ម៉ាឡាវី បាន​កោតសរសើ​ដល់​ការសម្រេច​របស់​តុលាការ ប៉ុន្តែ​ក្រុម​គ្រូ​ព្យាបាល​តាប​បែប​បុរាណ​និយាយថា ពួកគេ​នឹង​ប្រឆាំងនឹង​សេចក្ដីសម្រេច​នេះ ដោយ​ពួកគេ​និយាយថា ពួកគេ​មិន​ពាក់ព័ន្ធ​នឹង​រឿង​អាគម​អូមអាម ឬ​ឃាតកម្ម​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com