ជាតិ
រថយន្ត
ផ្លាកលេខ​រថយន្ត​ដែល​អាចដាក់​ជា​ឈ្មោះ នឹងត្រូវ​បើក​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់​ខាងមុខនេះ​
02, Sep 2019 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​ខែមិថុនា រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ ដែល​ក្នុងនោះ​មានការ​អនុញ្ញាត​ឲ្យ​មាន​«​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​»​សម្រាប់​ម្ចាស់​យានយន្ត​។ ហើយ​នៅ​ថ្ងៃទី​២​ខែកញ្ញា​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជូនដំណឹង​ថា ដំណើរ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ នឹង​ចាប់ផ្ដើម​យ៉ាងយូរ​ក្នុង​រយៈពេល​៣​ខែ​ទៀត​។



អត្ថបទទាក់ទង
​ការប្រើ​«​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​»​នេះ គឺ​អនុញ្ញាត​ឲ្យ​គេ​ជ្រើសរើស​ជា​លេខ ឬ​/​និង អក្សរ​ឡាតាំង​មិន​លើសពី​៨​ខ្ទង់​។ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក វ៉ា​ស៊ឹម សុ​រិ​យ៉ា ឲ្យ​ដឹងថា លេខ​ពិសេស​ផ្ទាល់ខ្លួន សំដៅថា ម្ចាស់​យានយន្ត​អាចដាក់​ឈ្មោះ​ខ្លួនឯង ឬ ឈ្មោះ​និង​លេខ ជាដើម​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ការប្រើ​ឈ្មោះ​សម្រាប់​ចុះបញ្ជី​លេខ​រថយន្ត គឺ​ត្រូវ​សម្រេច​ដោយ​មន្ត្រី​របស់​ក្រសួង ដោយ​ចៀសវាង​ប៉ះពាល់​ឈ្មោះ​ថ្នាក់ដឹកនាំ បុគ្គល​ល្បី និង​អត្តសញ្ញាណ​ជាតិ ជាដើម​។ 
 
​លោក វ៉ា​ស៊ឹម សុ​រិ​យ៉ា អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការដែល​រដ្ឋាភិបាល​ប​ង្កើ​ត​ឲ្យ​មាន​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ គឺ​ដើម្បី​រក​ចំណូល​ថវិកាជាតិ និង​ផ្ដល់​ជម្រើស​កាន់តែ​ទូលាយ​ដល់​ម្ចាស់​រថយន្ត​។ លោក​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​វា​មាន​ពីរ​គឺ​អត្ថប្រយោជន៍​ថវិកាជាតិ​។ ហើយ​អ្នកខ្លះ​ចង់​រក្សាទុក​ឈ្មោះ​ណា​ដែល​ខ្លួន​ស្រឡាញ់ ដែល​គេ​គិតថា​ជា​ឈ្មោះ​មានសំណាង ឬ​សម្គាល់​ត្រកូល​គ្រួសារ ក្រុមហ៊ុន​របស់គាត់ ជាដើម​»​។​
 
​បើតាម​លោក វ៉ា​ស៊ឹម សុរិយា លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ នឹង​ក្លាយជា​កម្មសិទ្ធិ​រប​ស់បុ​គ្គល​នោះ ហើយ​អាច​ផ្ទេរ​បាន​។ លោក​បន្ថែម ទោះ​គេ​ប្ដូរ​រថយន្ត ក៏​គេ​អាច​យក​លេខ​ពិសេស​នេះ សម្រាប់ធ្វើ​ផ្លាកលេខ​រថយន្ត​ថ្មី​បានដែរ ដោយ​គ្រាន់តែ​សុំ​ទៅ​ក្រសួង​។​
 
​សេចក្ដីជូនដំណឹង​ខាងលើនេះ ឲ្យ​ដឹងផង​ដែរ​ថា ក្រសួង​នឹងដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន នៅក្នុង​អំឡុងពេល​៣​ខែ​ខាងមុខនេះ ដោយ​នឹង​ជូនដំណឹង​មុន​១​ខែ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​៕
 

Tag:
 លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​
© រក្សាសិទ្ធិដោយ thmeythmey.com