ជាតិ
MHM បាន​បំបែក​ភាព​ស្ងៀមស្ងាត់​នៃ​ការ​មក​រដូវ​របស់​កុមារី​នៅ​ខេត្តរតនគិរី
02, Sep 2019 , 4:54 pm        
រូបភាព
​តាំងពី​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំនេះ (២០១៨-២០១៩) សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​លុង​ឃុ​ង ដែល​ស្ថិតនៅ​ជាង​២០​គីឡូម៉ែត្រ ប៉ែក​ខាងកើត​ពី​ក្រុង​បាន​លុង​នៃ​ខេត្តរតនគិរី បានចាប់ផ្តើម​រៀន​មេរៀន​ដែល​បានធ្វើឱ្យ​មុខ​របស់​ពួកគេ​ឡើង​ក្រហម​។ ជាពិសេស​សិស្ស​នារី នៃ​ថ្នាក់​ទី​៥ និង​ទី​៦ ដែលមាន​អាយុ​១២ និង​១៣​ឆ្នាំ​។​

 
​ប្រធានបទ​ដែល​តាម​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​គេ​ពុំ​និយាយ​ជា​ចំហរ​នោះ បាន​ក្លាយជា​មេរៀន​សម្រាប់​សិស្ស​ថ្នាក់បឋមសិក្សា​។ នោះ​គឺ​ការគ្រប់គ្រង​អនាម័យ​ពេល​មក​រដូវ​របស់​ក្មេងស្រី ហើយ​ដែល​ប៉ុន្មាន​ខែក្រោយ​មក សិស្សស្រី​នៃ​សាលាបឋមសិក្សា​នោះបាន​ហៅ​មេរៀន​នេះ​គ្រប់គ្នា​ជា​អក្សរ​កាត់​ជា​ភាសា​អង់គ្លេស MHM (Menstrual Hygiene Management)​។​
 
​សំឡេង​ស្រែក​បង្រៀន​ល្វើយៗ​របស់​អ្នកគ្រូ​បណ្ណារក្ស ភន សំណាង បាន​ហូរ​ចេញពី​ថ្នាក់រៀន​មួយ​នៅក្នុង​អគារ​សង់​ផ្ទាល់​ដី​។ «​តើ​ការ​មក​រដូវ​របស់​ស្ត្រី គឺជា​អាថ៌កំបាំង​ដែរឬទេ​?» អ្នកគ្រូ សំណាង ស្រែកសួរ​ទៅ​សិស្ស​ជា​២០​នាក់ ដែល​ភាគច្រើន​គឺជា​នារី​។ សិស្សានុសិស្ស​បាន​ស្រែក​ឆ្លើយ​ព្រម​គ្នា​យ៉ាង​ជឿជាក់​តប​សំណួរ​អ្នកគ្រូ​ថា បញ្ហា​នេះ​មិនមែនជា​អាថ៌កំបាំង​ឡើយ តែ​វា​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​ស្រី​។​


 
​អ្នកគ្រូ​បណ្ណារក្ស សំណាង ដែលមាន​វ័យ​២៥​ឆ្នាំ ត្រូវបាន​នាយក​សាលារៀន​ចាត់​ឱ្យទៅ​ចូលរួម​វគ្គប​ណ្តុះ​បណ្តាល​ជាមួយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ស្តីពី​ការគ្រប់គ្រង​អនាម័យ​ពេល​មក​រដូវ​របស់​ក្មេងស្រី ប៉ុន្តែ​អ្នកគ្រូ​បាន​សប្បាយចិត្ត ពីព្រោះ​អ្នកគ្រូ​បាន​ដឹកនាំ​ផ្តល់​ការអប់រំ​ផង និង​បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត​ផង​របស់​សិស្ស​នារី ហើយ​ផលប្រយោជន៍​ចុងក្រោយ​នោះ គឺ​ដើម្បី​ការរីកចម្រើន​របស់​ស​ហគ​មន៍​។​
 
​អ្នកគ្រូ​សំណាង​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្កេតឃើញ សិស្ស​នារី​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ជា​វិជ្ជមាន​​ច្រើន​។ ពេលមុន ពួកគាត់​មិន​យល់ថា គេ​ត្រូវមាន​អនាម័យ​ពេល​មក​រដូវ​នោះឡើយ​។ ពេល​មក​រដូវ ពួកគេ​អវត្តមាន​ពី​ថ្នាក់រៀន ឬ​មក​រៀន​មិន​ទៀងទាត់​។ នៅពេល​យើង​បង្រៀន​មេរៀន​នេះ ពួកគេ​ទទួលយកបាន​ច្រើន ហើយ​ពួកគេ​មិនចាំបាច់​អវត្តមាន​នៅ​សាលារៀន​ទៀតឡើយ​។ ជាងនេះទៅទៀត ពួកគាត់​អាចជួយ​ផ្សព្វផ្សាយ និង​បង្រៀន​បន្ត​ដល់​អ្នក​ក្នុងផ្ទះ និង​មិត្តភក្តិ​ក្នុងភូមិ​របស់​ពួកគាត់​»​។​
 
​បដា​ផ្ទាំង​រូបភាព​ធំៗ​ដែល​បង្ហាញ​ពី​ដំណើរ​វដ្ត​រដូវ​របស់​ស្ត្រី សំឡី​អនាម័យ​ច្រើន​ប្រភេទ សៀវភៅ​ណែនាំ សុទ្ធតែ​ឧបករណ៍​ដែល​អ្នកគ្រូ​សំណាង​ត្រូវមាន​សម្រាប់​ការបង្រៀន​។ នេះ​មិនទាន់​និយាយ​អំពី​បន្ទប់​តង់​កៅស៊ូ ដែល​ត្រូវបាន​ដំឡើង​នៅក្នុង​បន្ទប់រៀន​មួយ ដើម្បី​ធ្វើជា​មណ្ឌល​គ្រប់គ្រង​អនាម័យ​ពេល​មក​រដូវ​របស់​សិស្ស​ស្រី និង​សម្រាប់​ការពិភាក្សា​រវាង​សិស្ស​នារី និង​អ្នកគ្រូ​។​
 
«​ខ្ញុំ​សប្បាយចិត្ត ទោះ​ការងារ​នេះ​មិនបាន​ផ្តល់​កម្រៃ​មក​ខ្ញុំ​ក៏ដោយ​។ តែ​ខ្ញុំ​ចង់​ជួយ​សាលារៀន ឱ្យមាន​ភាព​រីកចម្រើន ចង់​ជួយ​ក្មេង​នៅទីនេះ​ឱ្យមាន​ការផ្លាស់ប្តូរ ចេះ​អនាម័យ​ខ្លួនប្រាណ​ពេល​មក​រដូវ​។​» នេះ​ជាការ​អះអាង​របស់​អ្នកគ្រូ សំណាង​។​
 
​សិស្ស​នារី​ដែល​បាន​ចូលរួម​សិក្សា​ជាមួយ​អ្នកគ្រូ​សំណាង ដូចជា​កុមារី នី​ដា អាយុ​១៣​ឆ្នាំ សុទ្ធតែ​ទទួលស្គាល់ថា ការយល់ដឹង​អំពី​ការគ្រប់គ្រង​អនាម័យ​ពេល​មាន​រដូវ​មាន​សារសំខាន់​សម្រាប់​ពួកគេ​។ កុមារី នី​ដា​ដែលជា​ជន​ដើម​ភាគតិច​ទំពួន​បាន​អធិប្បាយ​ថា​៖«​ខ្ញុំ​យល់ថា ការគ្រប់គ្រង​អនាម័យ​ពេល​មក​រដូវ សំខាន់​សម្រាប់​ខ្ញុំ​។ បន្ទាប់ពី​បាន​រៀន​ហើយ វា​ធ្វើ​ឲ្យ​ខ្ញុំ​កាត់បន្ថយ​អៀនខ្មាស់​។ យើង​ត្រូវ​យល់ដឹង​រឿងនេះ ព្រោះ​វា​ជា​បញ្ហា​សុខភាព​របស់​យើង​»​។​


 
​ធា​វី កុមារី​ជន​ជាត​ដើម​ភាគតិច​ទំពួន​ម្នាក់ទៀត​អាយុ​១៣​ឆ្នាំ ដែលមាន​ចរិត​អៀនប្រៀន​បន្តិច​មែន ប៉ុន្តែ​បានបង្ហាញ​ភាពក្លាហាន​នៅពេលដែល​និយាយ​អំពី​ការ​អនាម័យ​ពេល​មាន​រដូវ​។ ធា​វី គឺជា​សាក្សី​ដ៏​ល្អ​មួយ​ដែល​អាច​បញ្ជាក់ ការសិក្សា​អំពី​អនាម័យ​ពេល​មាន​រដូវ​ពិតជា​មាន​ប្រយោជន៍​។ «​ខ្ញុំ​ទើប​មាន​រដូវ​លើកដំបូង​នៅក្នុង​ខែ​នេះ​។ ខ្ញុំ​មិនបាន​ភ័យខ្លាច​ឡើយ ហើយក៏​មិន​បារម្ភ​ដែរ ពីព្រោះ​ខ្ញុំ​បានដឹង​បញ្ហា​នេះ​អស់​ហើយពី​សាលារៀន​។ ដូច្នេះ​ខ្ញុំ​បាន​ត្រៀម​សំឡី ថង់​ខ្មៅ និង​សម្អាត​ខ្លួនប្រាណ​តាម​អ្វីដែល​ខ្ញុំ​បាន​រៀន​ជាមួយ​អ្នកគ្រូ​»​។​
 
​ការ​មក​រដូវ​របស់​ក្មេងស្រី​លែង​ជា​ប្រធានបទ​លាក់លៀម​ទៀតហើយ​នៅក្នុង​សហគមន៍​នេះ​។ ការគ្រប់គ្រង​អនាម័យ​ពេល​មក​រដូវ​មិន​ត្រឹមតែ​ជា​មេរៀន​សម្រាប់​សិស្សានុសិស្ស​នៅក្នុង​សាលារៀន​ប៉ុណ្ណោះ​ឡើយ​។ អង្គការ​ភ្លែ​ន​អន្តរជាតិ និង​អង្គការ​ដៃគូ​ដែលមាន​ឈ្មោះថា អង្គការ​សង្គ្រោះ​ជន​ងាយ​រងគ្រោះ​កម្ពុជា (SVC) ក៏បាន​ប្រារព្ធ​ទិវា​អនាម័យ​ពេល​មាន​រដូវ​អន្តរជាតិ​ថ្ងៃទី​២៨​ខែឧសភា ដោយ​អញ្ជើញ​មេភូមិ មេឃុំ នគរបាល ឪពុកម្តាយ លោកគ្រូ​អ្នកគ្រូ ដើម្បី​ចូលរួម​ស្វែងយល់​អំពី​ការ​អនាម័យ​ខ្លួនប្រាណ​ពេល​មាន​រដូវ​របស់​ក្មេងស្រី​នេះ​។​
 
​អ្នកស្រី ស៊ីណា ដែលជា​ម្តាយ​របស់​ធា​វី ក៏បាន​ដឹង​ដែរ​ថា​កូនស្រី​ច្បង​របស់គាត់​កំពុង​សិក្សា​អំពី​ការធ្វើ​អនាម័យ​ខ្លួនប្រាណ​នៅឯ​ថ្នាក់រៀន ហើយ​អ្នកស្រី​សប្បាយចិត្ត​នៅពេលដែល​កូនស្រី​បាន​យល់ដឹង​អំពី​បញ្ហា​នេះ​។ សម្រាប់​អ្នកស្រី ស៊ីណា ការយល់ដឹង​អំពី​ប្រធានបទ​នេះ នឹងធ្វើ​ឱ្យ​កូនស្រី​របស់គាត់​ចេះ​ថែរក្សា​សុខភាព​របស់ខ្លួន​គេ​។ អ្នកស្រី​ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា កូនស្រី​របស់​អ្នកស្រី​ក៏​តែង​ជជែក​ជាមួយ​ម្តាយ អំពី​អ្វីដែល​គេ​បាន​រៀន​ពី​អ្នកគ្រូ​សំណាង​នៅឯ​ថ្នាក់រៀន​ដែរ​។​


 
​នៅក្នុង​ភូមិ​លុង​ឃុ​ង ការ​មក​រដូវ​របស់​ស្ត្រី ពិសេស​ក្មេងស្រី ទំនងជា​មិនមែនជា​រឿង​លាក់លៀម ឬ​រឿង​អាថ៌កំបាំង​ទៀតឡើយ​។ សូម្បី​សិស្ស​ប្រុស ពួកគេ​ក៏​ចាប់ផ្តើម​យល់ដឹង​អំពី​ធម្មជាតិ​របស់​មិត្ត​រួម​ថ្នាក់​ជានា​រី​ផងដែរ​។ កុមារា បូ​នី និយាយថា រូបគេ​មិនដែល​និយាយ​បង្អាប់ ឬ​លេងសើច​ជាមួយ​ជាមួយ​មិត្ត​រួម​ថ្នាក់​ស្រីៗ នៅពេលដែល​រូបគេ​ដឹងថា មិត្តភក្តិ​ស្រីៗ​មាន​រដូវ​នោះឡើយ​។ «​ប្រុសៗ​ខ្លះទៀត សួរ​ស្រីៗ​ត្រង់​អំពី​រដូវ​ស្រីៗ ហើយ​ស្រីៗ​ក៏​ឆ្លើយ​ប្រាប់​។ ពួកគេ​អត់​អៀន​ផង​»​។ នេះ​ជាការ​រៀបរាប់​របស់​បូ​នី​។​
 
​នៅពេលនេះ ភាព​ស្ងៀមស្ងាត់​នៃ​បញ្ហា​រដូវ​របស់​កុមារី ត្រូវបាន​បំបែក​។ នៅឡើយ​តែ​ការបន្ថែម​មេរៀន ចំនួន​ម៉ោង​សិក្សា និង​ចំនួន​គ្រូបង្រៀន ពិសេស​គ្រូបង្រៀន​ជា​បុរស ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​សិស្សានុសិស្ស​ស្វែងយល់​ឱ្យបាន​កាន់តែ​ច្រើនជាង​នេះ ដូច​សំណូមពរ​របស់​អ្នកគ្រូ​បណ្ណារក្ស សំណាង​។​
 
​អង្គការ​ភ្លែ​ន​អន្តរជាតិ​បាន​គាំទ្រ​សាលាបឋមសិក្សា​ចំនួន ១០ ក្នុង​ខេត្តរតនគិរី ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ការគ្រប់គ្រង​អនាម័យ​ពេល​មក​រដូវ​របស់​ក្មេងស្រី​។ សកម្មភាព​ដែល​អង្គការ​ភ្លែ​ន​អន្តរជាតិ​គាំទ្រ​រួមមាន​៖
 
•​ ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដ​ល់​គ្រូ និង​នាយក​សាលា 
•​ ​បង្កើត​មណ្ឌល​គ្រប់គ្រង​អនាម័យ​ពេល​មក​រដូវ​នៅក្នុង​សាលា​ដើម្បី​ជា​កន្លែង​ពិភាក្សា​
•​ ​លើកកម្ពស់​ការយល់ដឹង​របស់​សហគមន៍ តាមរយៈ​សកម្មភាព​ស​ម្តែ​ង​បែប​អប់រំ​
•​ រៀបចំ​ទិវា​អនាម័យ​នៃ​ការ​មក​រដូវ​
•​ ​សាងសង់​សំណង់​ទឹកស្អាត និង​អនាម័យ រួមមាន ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក បង្គន់ និង​កន្លែង​លាងដៃ​៕
 


Tag:
 plan international
  ភ្លែ​ន​អន្តរជាតិ​កម្ពុជា​
  MHM​
  លុង​ឃុ​ង
© រក្សាសិទ្ធិដោយ thmeythmey.com