ជាតិ
រថយន្ត
សង្គមជាតិ
ឡាន​ស្លាក​លេខ​អ្វី​ក៏ដោយ ឲ្យ​តែ​ចត​ខុសច្បាប់​នៅ​ភ្នំពេញ សូម​រាយការណ៍​ទៅ ០១២ ៤៧៨ ១៩១
02, Sep 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​សាធារណជន​ហៅ​ទូរ​សព្ទ​ទៅកាន់​លេខ ០១២ ៤៧៨ ១៩១ ដើម្បី​រាយការណ៍ ប្រសិនបើ​មាន​រថយន្ត​ណា ចត​ល្មើ​សនឹង​សញ្ញា​ចរាចរណ៍​។


 
​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់ចេញ​វិធានការ​ក្តៅ ដោយ​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច  «​ស្ទួ​ច​រថយន្ត​គ្រប់​ភេទ យកទៅ​រក្សាទុក និង​ផាកពិន័យ​» មិន​ថា​រថយន្ត​នោះ ពាក់​ស្លាក​លេខ​នគរបាល (​ន​.​ប​) ស្លាក​លេខ​ខេមរភូមិន្ទ (​ខ​.​ម​) ឬ​ស្លាក​លេខ​រដ្ឋ​នោះទេ ឲ្យ​តែ​ឈប់​ល្មើ​សនឹង​ស្លាក​សញ្ញា​ចរាចរណ៍​។ វិធានការ​របស់លោក ស ថេត ត្រូវបាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩​។ 
 
​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សរសេរថា ម៉ូតូ និង រថយន្ត នៅក្នុង​រាជធានី​ភ្នំពេញ គឺ​កាន់តែ​កើនឡើង ដែលជា​កត្តា​ចម្បង បណ្តាល​ឲ្យ​មានការ​កកស្ទះ​តាម​បណ្តោយ​ផ្លូវ​មួយចំនួន ហើយ​ការកកស្ទះ​នេះ ក៏​បណ្តាលមកពី​ការឈប់ និង​ការចត​រថយន្ត​ដោយ​គ្មាន​សណ្តាប់ធ្នាប់​ផងដែរ ជាពិសេស នៅ​ទីតាំង​ដែលមាន​ស្លាក​សញ្ញា​ហាមឃាត់​។ 
 
​ដើម្បី​កាត់បន្ថយ​ការកកស្ទះ  ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជាពិសេស រថយន្ត​របស់​អង្គភាព​មួយចំនួន ដូចជា រថយន្ត ដែល​ពាក់​ស្លាក​លេខ (​ន​.​ប​) ស្លាក​លេខ (​ខ​.​ម​) និង​ស្លាក​លេខ​រដ្ឋ ជាដើម ត្រូវ​ធ្វើជា​គំរូ​ដល់​ប្រជាពលរដ្ឋ ដោយ​មិនត្រូវ​ឈប់ ឬ​ចត​នៅ​ទីកន្លែង​ដែលមាន​ស្លាក​សញ្ញា​ហាម​ឡើយ​៕ 
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com