ជាតិ
ក្រសួងទេសចរណ៍​កាត់​បន្ថយ​របាំង​មិនចាំបាច់ សម្រាប់​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​កម្ពុជា
02, Sep 2019 , 10:39 pm        
រូបភាព
​ក្រសួងទេសចរណ៍ សម្រេច​កាត់បន្ថយ​របាំ​ង​មិនចាំបាច់​មួយចំនួន ដើម្បី​សម្រួលការ​ធ្វើដំណើរ​ដល់​ភ្ញៀវ​ទេសចរណ៍ តាម​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចូលមក​កម្ពុជា​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​។


 
​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ការសម្រេច​កាត់បន្ថយ​របាំង​មិនចាំបាច់ ដែល​ក្រសួង​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​នេះ រួមមាន បែបបទ​នៃ​ការបំពេញ​សាលា​កប​ត្រ​ចូល -​ចេញ និង​ស្នើសុំ​ទិដ្ឋាការ​ពេលមកដល់ គឺ​ត្រូវបាន​បញ្ចូល​គ្នា​តែមួយ​សន្លឹក ដោយមាន​ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស​។ ជាមួយគ្នានេះ​ភ្ញៀវទេសចរ​ត្រូវបំពេញ​បែបបទ​ចូល​តែ​ម្តងគត់ ហើយ​ពេល​ត្រឡប់​ចេញទៅ​វិញ មិន​តម្រូវ​ឲ្យ​បំពេញបែបបទ និង​រូបថត​ឡើយ​។ ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញ និង​ចូល​ប្រទេស ដែល​កាន់​លិខិតឆ្លងដែន​អេ​ឡិច​ត្រូ​និ​ច​ខ្មែរ (E-Passport) មិន​តម្រូវ​ឲ្យ​បំពេញបែបបទ​ទេ​។​
 
​ចំណែកឯ​បែបបទ​ចូល​និង​ចេញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ភ្ញៀវទេសចរ​ដែល​បើក​បរ​ដោយ​ខ្លួនឯង (Self Driving Tours) មានបំណង​ចូលមក​ទស្សនា​ក្នុងប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន នាំចូល​បណ្តោះអាសន្ន​និង​ចេញទៅ​វិញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា​ទូទាំងប្រទេស អាចបំពេញ​ប្រតិវេទន៍​គយ​សង្ខេប​សម្រាប់​មធ្យោបាយ​ធ្វើដំណើរ​ចូល​-​ចេញ​បណ្តោះអាសន្ន (Summary declaration form for temporary entry-exit of conveyance of tourists) ជាមួយ​មន្ត្រី​គយ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទូទាំងប្រទេស​បាន​។ ក្រៅពីនេះ ភ្ញៀវទេសចរ​មិនចាំបាច់​បង់ប្រាក់​និមុត្តិ​ធានា (Deposit) និង​ថ្លៃ​ធានារ៉ាប់រង​ឡើយ​។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​
 
​ការសម្រេច​កាត់បន្ថយ​របាំង​មិនចាំបាច់​មួយចំនួន​ដល់​ភ្ញៀវទេសចរ​ចូលមក​ទស្សនា​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស​កម្ពុជា ត្រូវបាន​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងទៀត​៕

Tag:
 ច្រកទ្វារព្រំដែន​អន្តរជាតិ​
  ចេញចូល​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com