អន្តរជាតិ
អាមេរិក និង​ចិន ចាប់ផ្តើម​យកពន្ធ​ពីគ្នា​ទៅវិញទៅមក​
03, Sep 2019 , 8:59 am        
រូបភាព
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជិនភីង
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជិនភីង
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១ ខែកញ្ញា បានចាប់ផ្តើម​យកពន្ធ ១៥​ភាគរយ​លើ​មុខទំនិញ​ចិន​ដូចជា ស្បែកជើង នាឡិកាដៃ​វៃឆ្លាត និង​ទូរទស្សន៍ ខណៈពេល​ចិន​បាន​សងសឹក​លើ​ការយកពន្ធ​ពី​ផលិតផល​អាមេរិក​ដូចគ្នា​។ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ បានធ្វើ​ប៉ះពាល់​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​យ៉ាងខ្លាំង ជាពិសេស​គឺ​ការចំណាយ​លើ​ការទិញ​ផលិតផល​។​

 
​ការយកពន្ធ​ពី​សំណាក់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​ចូល​ជា​ធរមាន កាលពី​ម៉ោង​១២ និង​០១​នាទី នៅ​ថ្ងៃទី​១ ខែកញ្ញា ដោយ​ចិន​បាន​យកពន្ធ​៥​ភាគរយ​លើ​ផលិតផល​អាមេរិក​ជា​លើកដំបូង ស្របពេល​រដ្ឋបាល​ដូ​ណា​ល់ ត្រាំ​កាល​វេលា​ម៉ោង​ដដែល បាន​ប្រមូល​ពន្ធ​ពីមុន​ទំនិញ​ចិន​វិញ ១៥​ភាគរយ ដែលមាន​ទំហំ​ទឹកប្រាក់​ច្រើនជាង ១២៥​ពាន់​លាន​ដុល្លារ​ដោយ​រួម​ប​ញ្ជូ​ល​ទាំង​បាស​ឆ្លាត​វៃ កាស​ច្រៀក​ក និង​សំលៀកបំពាក់​ជាដើម​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ ប្រធានាធិបតី​អាមេរិក​បាន​សរសេរ​នៅលើ Twitter ថា​គោលបំណង​របស់គាត់​គឺ​ចង់​ឲ្យ​អាមេរិក ឈប់​ពឹង​ផ្អែកទៅលើ​ផលិតផល​ចិន ហើយ​ជំរុញ​ក្រុមហ៊ុន​អាមេរិក​ទាំងអស់​ខិតខំ​ស្វែងរក​ផលិតផល​មកពី​ប្រទេស​ផ្សេង ជាជាង​ពឹងផ្អែក​ទៅលើ​ចិន​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ការសិក្សា​ផ្សេងៗ​គ្នា​បាន​បង្ហាញថា ការចំណាយ​របស់​ប្រជាជន​អាមេរិក នឹង​កើន​ដល់ ១០០០​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​ការយកពន្ធ​របស់​ចិន​ចុងក្រោយ​លើ​ផលិតផល​អាមេរិក​មាន​ទំហំ​រហូតដល់ ៧៥​ពាន់​លាន​ដុល្លារ ហើយ​វា​ជះឥទ្ធិពល​យ៉ាងខ្លាំង​លើ​អ្នកប្រើប្រាស់​ផលិតផល​ក្នុងស្រុក​អាមេរិក​។​
 
​យ៉ាង​មិញ​លោក Steve Lamar កាលពី​ថ្ងៃទី​១ ខែកញ្ញា បាន​និយាយថា សង្គ្រាម​ពាណិជ្ជកម្ម​ថី្ម​នេះ គឺ​ចំ​រដូវ​កាល​លក់​ដ៏​សំខាន់បំផុត​របស់​អាមេរិក​។ លោក​អះអាងថា ការយកពន្ធ​នេះ នឹង​ប៉ះពាល់​ដល់​ចិន តែ​ជា​ការពិត វា​ប៉ះពាល់​ដល់​អាមេរិក​ទៅវិញ​ទេ​។ វា​ធ្វើ​ឲ្យ​តម្លៃ​ឡើងថ្លៃ ទំហំ​លក់​ធ្លាក់ចុះ និង​ការងារ​ត្រូវ​បាត់បង់​។ បន្ថែម​ពីលើ​នេះ​ទៅទៀត នាយក​ប្រតិបត្តិ​រង​នៃ​សមាគម​ស្បែកជើង និង​សំលៀកបំពាក់​សហរដ្ឋអាមេរិក​រូបនេះ បានលើកឡើង​ទៀតថា អាមេរិក​អាចមាន​ដំណើរការ​ល្អជា​មួយ​ចិន នៅពេល​យើង​បង្កើត​ភាព​ជិតស្និត​ជាមួយគ្នា កិច្ចចរចា​ដ៏​សមប្រកប​មួយ តែ​មិនមែនជា​ការយកពន្ធ​ពីគ្នា​នោះទេ​។ 
 
​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការយកពន្ធ​ពី​អាមេរិក ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន Xinhua បាន​និយាយថា អាមេរិក គួរតែ​រៀន​ពី​ការទទួលខុសត្រូវ ក្នុងនាម​ជា​មហាអំណាច​ពិភពលោក មិន​មែនមាន​អាកប្បកិរិយា​ដូចជា​បងធំ​នៅក្នុង​សាលា​ឡើយ​។ បានសេចក្តីថា អាមេរិក​ត្រូវតែមាន​ទំនួញ​ខុសត្រូវ និង​ចូលរួម​ជាមួយ​ប្រទេស​ផ្សេងទៀត ដើម្បី​ឲ្យ​ពិភពលោក​មាន​ភាពល្អប្រសើ​រ​ឡើង​វី​ញ និង​មាន​វិបុលភាព​រួមគ្នា​។ 
 
​យ៉ាងណាក៏ដោយ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន​នៅតែ​បន្ត​កើតមាន បើទោះបី​ជាមាន​ជំនួប​ចរចា​នៅក្នុង​ខែកញ្ញា​នេះ​ក៏ដោយ​។ ជាក់ស្តែង ប៉េកាំង​ត្រៀម​ទទួល​យកពន្ធ​បន្ថែមទៀត ពី ៥ ទៅ​១០​ភាគរយ លើ​ទំនិញ​១៧១៧​ប្រភេទ ក្នុងចំណោម ៥០៧៨ ផលិតផល ដែល​នាំ​ចេញពី​អាមេរិក នៅ​ថ្ងៃទី​១៥ ខែធ្នូ​ខាងមុខ​។ ដើម្បី​ជាការ​សងសឹក អាមេរិក​បាន​យកពន្ធ ១៥​ភាគរយ​លើ​ទូរ​សព្ទ​ដៃ កុំ​ព្យូ​រ​ទ័​រ សំលៀកបំពាក់ និង​ប្រដាប់ប្រដា​ក្មេង​លេង​របស់​ចិន ហើយនឹង​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃ​១៥ ខែធ្នូ​នេះដែរ​។ 
 
​លើសពីនេះទៅទៀត រដ្ឋបាល​អាមេរិក​នៅតែ​មិនទាន់​អស់​ចិន​នៅឡើយ ហើយ​មាន​គំរោង​យកពន្ធ​ពី​ផលិតផល​ចិន​បន្ថែមទៀត​។ តាមរយៈ​ការិយាល័យ​នៃ​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក កាលពី​ថ្ងៃ​២៩ ខែសីហា បាន​គូរ​បញ្ជាក់ថា អាមេរិក នឹង​ប្រមូល​មតិសាធារណៈ​ចាប់ពី​ថ្ងៃទី​២០ ខែកញ្ញា លើ​គំរោង​យកពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​ដល់ ៣០​ភាគរយ ដែលមាន​ទំហំ​ទឹកប្រាក់ ២៥០​ពាន់​លាន​ដុល្លារ​នៃ​បញ្ជី​ទំនិញ​។ ពោលគឺ​ការយកពន្ធ​នេះ គឺ​យក​ពីលើ​ពន្ធ ដែលមាន​២៥​ភាគរយ​នៃ​បញ្ជី​ទំនិញ ដែល​នឹង​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃទី​១ ខែតុលា​ខាងមុខនេះ​៕

Tag:
 ​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com