​ធ្វើ​ដូចម្តេច​ឲ្យ​បាន​អាយុ​វែង​? នាយករដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ ប្រាប់ថា «​កុំ​ញាំ​ច្រើនពេក!​»
ជាតិ
​​​ន​យោ​បាយ​ជាតិ​
​ធ្វើ​ដូចម្តេច​ឲ្យ​បាន​អាយុ​វែង​? នាយករដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ ប្រាប់ថា «​កុំ​ញាំ​ច្រើនពេក!​»
03, Sep 2019 , 6:29 am        
រូបភាព
លោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នា​កិច្ចពិភាក្សាពិសេសជាមួយយុវជនខ្មែរនៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០១៩
លោកនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នា​កិច្ចពិភាក្សាពិសេសជាមួយយុវជនខ្មែរនៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ​២០១៩
គ្មាន​ក្បួន​អាថ៌កំបាំង​ទាក់ទង​នឹង​ការថែរក្សា​សុខភាព​នោះឡើយ​សម្រាប់​នាយករដ្ឋមន្ត្រី​កំពុងកាន់​តំណែង​ដែលមាន​អាយុ​ច្រើនជាងគេ​លើ​ពិភពលោក​។ វ័យ​៩៤​ឆ្នាំ លោក មហា​ធៀ មហាម៉ាត់ បាន​អះអាង​ប្រាប់​ក្រុមនិស្សិត និង​អ្នកចូលរួម​ខ្មែរ នា​កិច្ចសន្ទនា​ពិសេស​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថា លោក​តែងតែ​ហាម​ខ្លួនឯង កុំ​ឲ្យ​ញ៉ាំ​ចំណីអាហារ​ច្រើនពេក ដែល​បណ្តាល​ឲ្យ​ធាត់ ព្រោះ​នាំ​ឲ្យ​មាន​បញ្ហា​សម្រាប់​សុខភាព​។​



អត្ថបទទាក់ទង


«​វា​គ្មាន​អាថ៌កំបាំង​អ្វី​ឡើយ​។ វា​ជា​រឿង​មួយ​ដែល​សាមញ្ញ​បំផុត​»​។ នេះ​ជាការ​ឆ្លើយតប​របស់លោក មហា​ធៀ មហាម៉ាត់ ទៅនឹង​សំណួរ​របស់​អ្នក​សម្រប​សម្រួល​នៅ​ចុងបញ្ចប់​កម្មវិធី​។ និយាយ​បណ្ដើរ​ញញឹម​បណ្ដើរ លោក លើកឡើងថា ដើម្បី​មាន​អាយុ​វែង អ្នក​ទាំងអស់គ្នា ត្រូវតែ​ប្រយ័ត្នប្រយែង​ខ្ពស់​ចំពោះ​របៀប​របរ​នៃ​ញ៉ាំ​អាហារ​ប្រចាំថ្ងៃ​។

​ទើប​ឈានចូល​វ័យ ៩៤​ឆ្នាំ កាលពី​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រីម៉ាឡេស៊ី ពន្យល់​ទៀតថា ដោយហេតុតែ បច្ចុប្បន្ន ចំណីអាហារ​មាននៅ​គ្រប់​ទីកន្លែង ហើយ​ថែមទាំង​មាន​រសជាតិ​ឆ្ងាញ់ៗ​ទៀត​នោះ មនុស្ស ចូលចិត្ត​បរិភោគ​ច្រើន​។ នៅពេល​មនុស្ស​ញ៉ាំ​អាហារ​ច្រើនពេក ក្រពះ​ពួកគេ នឹង​រីកធំឡើងៗ ហើយ​បើ​សកម្មភាព​បែបនេះ​ចេះតែ​បន្ត​រយៈពេល​យូរ អ្នក​ទាំងនោះ​នឹង​ធាត់​។

​ដោយមាន​បទពិសោធន៍​ផ្នែក​វេជ្ជសាស្ត្រ មុន​ឈាន​ជើង​ចូល​ឆាកនយោបាយ លោក​បណ្ឌិត មហា​ធៀ សង្កត់ធ្ងន់ថា​៖ «​នៅពេល​អ្នក​ធាត់ បេះដូង​អ្នក ធ្វើការ​ធ្ងន់​ជាង​មុន​ដើម្បី​ច្របាច់​ឈាម​។ ថ្លើម​អ្នក ក៏​ធ្វើការ​ធ្ងន់​ជាង​មុន​ដែរ ដូចគ្នា​សម្រាប់ សរីរាង្គ​ផ្សេងៗ​ទៀត ។  ដំបូង​ឡើយ វា​អាច​ដំណើរការ​ដល់ ១០០​ឆ្នាំ ប៉ុន្តែ ដោយសារ សរីរាង្គ​ទាំងនោះ​ធ្វើការ​ជ្រុល​ហួសហេតុ​ពេក អាយុកាល​ពួកវា សល់​ត្រឹមតែ ៥០​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ កុំ​បណ្តោយ​ខ្លួន​ឲ្យ​ធាត់​ឲ្យ​សោះ​»​។

​សូមបញ្ជាក់ថា ការលើកឡើង​របស់លោក មហា​ធៀ បែបនេះ ធ្វើឡើង​ក្នុង​កិច្ចសន្ទនា​ពិសេស​ស្តីពី «​ការរក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​» (Balancing Relations with the Superpowers in the context of ASEAN)» ដែល​រៀបចំ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២ ខែកញ្ញា​៕


© រក្សាសិទ្ធិដោយ thmeythmey.com