ជាតិ
ច្រាំងទន្លេ​នៅ​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល បន្ត​បាក់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​អ្នកភូមិ​
03, Sep 2019 , 7:10 am        
រូបភាព
ស្ត្រីម្នាក់​បណ្តើ​រកង់នៅ​លើ​ចំណុច​ច្រាំង​ទន្លេ​ដែលបាក់ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្តាល។ រូបថត ក្រសួងធនធានទឹក​
ស្ត្រីម្នាក់​បណ្តើ​រកង់នៅ​លើ​ចំណុច​ច្រាំង​ទន្លេ​ដែលបាក់ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ខេត្តកណ្តាល។ រូបថត ក្រសួងធនធានទឹក​
ដោយ:
ភ្នំពេញ​៖ ករណី​បាក់​ច្រាំងទន្លេ​៣​កន្លែង នៅ​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ភូមិ និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ល្ងាច​ថ្ងៃទី​២ ខែកញ្ញា​។​




អ្នកភូមិ និងអាជ្ញាធរមូលដ្ឋាននាំគ្នា​រុះរើផ្ទះរបស់អ្នកភូមិ​ម្នាក់ ដែលប្រឈម​រងផលប៉ះពាល់ដោយការបាក់ច្រាំង។ រូបថត ក្រសួងធនធានទឹក

ចំណុច​ដែល​បាក់​នៅ​កន្លែង​៣​ផ្សេងគ្នា​នោះ ចំណុច​ទី​១ ស្ថិតនៅ​ភូមិ​ពាម ដែលមាន​ទំហំ​ដី​រអិល​បាក់ ប្រវែង​ទទឹង​៦ ម៉ែត្រ និង​បណ្តោយ​ប្រវែង​១០​ម៉ែត្រ ហើយ​ប៉ះពាល់​ដល់ផ្ទះ​មួយ​ខ្នង​។ ចំណុច​ទី​២ ស្ថិតនៅ ក្នុងភូមិ​រកា​កោង ដែលមាន​ទំហំ​ដី​បាក់​ប្រវែង​ទទឹង​៦​ម៉ែត្រ និង​បណ្តោយ​៦៥​ម៉ែត្រ មិនមាន​ការប៉ះពាល់​ដ​ល់​ផ្ទះសម្បែង​នោះទេ​។ ចំណុច​ទី​៣ ស្ថិតនៅក្នុង​ទំហំ​ការបាក់​ប្រវែង​ទទឹង​៦​ម៉ែត្រ និង​បណ្តោយ​៧៥​ម៉ែត្រ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះ​១​ខ្នង​ផងដែរ​។


ច្រាំងបន្តបាក់កាន់តែខ្លាំង រីឯទឹកទន្លេ​ហក់ឡើង​ខ្ពស់ អាជ្ញាធរអំពាវនាវពលរដ្ឋឲ្យប្រុងប្រយ័ត្ន។ រូបថត ក្រសួងធនធានទឹក

ការបាក់​ច្រាំងទន្លេ​នេះ​នៅតែ​បន្ត​កើតមាន ដែល​ប៉ះពាល់​ដល់​ផ្លូវ​ភូមិ និង​ផ្ទះ​របស់​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទន្លេ​។ ទន្ទឹមគ្នា​ផងដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ក៏​បានចេញ​សេចក្តីប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ហក់​ឡើង​នូវ​ទឹកទន្លេ ដែល​បណ្តាលមកពី​ការធ្លាក់​ភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​៕





Tag:
 បាក់​ច្រាំង​
 ​ភ្លៀង​
 ​ទន្លេ​
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com