អន្តរជាតិ
សិង្ហ​បុរី រឹតបន្តឹង​ការគ្រប់គ្រង​អង្គការ​សាសនា​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​បរទេស​
03, Sep 2019 , 10:34 am        
រូបភាព
រូបភាព Today
រូបភាព Today
​សិង្ហ​បុរី នឹង​កែប្រែ​ច្បាប់​គ្រប់គ្រង​សាសនា​របស់ខ្លួន ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​បរទេស​ដែល​អាច​ជ្រៀតចូល​តាមរយៈ​អង្គការ​សាសនា​។ គម្រោង​វិសោធន​កម្មនេះ នឹង​រឹតបន្តឹង​សញ្ជាតិ​របស់​ថ្នាក់ដឹកនាំ​សំខាន់ៗ​ក្នុង​អង្គ​ការដែល​ធ្វើការ​លើ​កិច្ចការ​សាសនា ការទទួល​វិភាគទាន និង​ទំនាក់​ទំនងជា​មួយអង្គ​ការ​ក្រៅប្រទេស​ជាដើម​។ បើតាម​ក្រសួងមហាផ្ទៃ​សិង្ហ​បុរី សិង្ហ​បុរី ដែលជា​សង្គម​ពហុ​សាសន៍​នោះ ត្រូវការ​ការពារ​សុខ​ដុម​រម​នីយកម្ម​រប​ស់​ខ្លួន​ជា​ចាំបាច់​។

 
​គម្រោង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការរក្សា​សុខដុម​រមនី​យ​កម្ម​សាសនា (MRHA)​ដែល​ដាក់​ឲ្យ​សភា​អនុម័ត​នៅ​ថ្ងៃទី​២ ខែកញ្ញា មាន​គោលដៅ​ដោះស្រាយ​ឥទ្ធិពល​របស់​អ៊ីនធឺណិត​លើ​សាសនា និង​ទប់ស្កាត់​ឥទ្ធិពល​បរទេស​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងមហាផ្ទៃ​សិង្ហ​បុរី​។ នេះ​ជា​លើកដំបូង​ដែល​ច្បាប់​គ្រប់គ្រង​សាសនា​មួយ​នេះ ត្រូវបាន​កែប្រែ​ចាប់តាំងពី​ការអនុម័ត​នៅ​ឆ្នាំ​១៩៩០ មក​នោះ​។​
 
​ក្នុង​សេចក្ដីព្រាង​វិសោធន​កម្មនេះ តំណែង​សំខាន់ៗ​របស់​អង្គ​ការដែល​ធ្វើការ​ផ្នែក​សាសនា​ដូចជា​ប្រធាន អគ្គលេខាធិការ ឬ​ហិ​រញ្ញឹក ត្រូវតែ​ជា​ជនជាតិ​សិង្ហ​បុរី ឬ​មាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍​នៅ​សិង្ហ​បុរី​។ លើសពីនោះ ការទទួល​វិភាគទាន​លើសពី​៧២០០​ដុល្លារ ក៏​ត្រូវតែ​ប្រកាស​ផងដែរ​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ បើ​អង្គការ​សាសនា​ណាមួយ​មាន​ទំនាក់​ទំនងជា​មួយអង្គ​ការ ឬ​បុគ្គល​បរទេស​នោះ ហើយ​ដែល​អាច​ជះឥទ្ធិពល​ណាមួយ ក៏​ត្រូវតែ​ប្រកាស​ពី​ទំនាក់ទំនង​ផងដែរ​។​
 
​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន ក្រសួងមហាផ្ទៃ​សិង្ហ​បុរី ចាត់ទុក​ការកែប្រែ​ច្បាប់​នេះ នឹង​ជួយ​ការពារ​អង្គការ​ទាំងនោះ​ពី​ការរង​ឥទ្ធិពល​ដោយ​ភ្នាក់ងារ​បរទេស ដែល​វា​នឹង​ជះឥទ្ធិពល​មិន​ដល់​សុខដុម​រម​នីយកម្ម​សាសនា​នៅ​សិង្ហ​បុរី​។ សកម្មភាព​បំពាន​ណាមួយ​ដូចជា​ការ​ញុះញង់​ឲ្យ​មាន​ហិង្សា ឬ​ប្រឆាំង​សាសនា​មួយទៀត ការ​ញុះញង់​ឲ្យ​មានការ​ស្អប់ខ្ពើម និង​ការ​ញុះញង់​ឲ្យ​មានការ​ឈឺចាប់​ផ្នែក​អារម្មណ៍ នឹងរង​ការដាក់ទោសទណ្ឌ​ក្រោម​ច្បាប់ព្រហ្មទណ្ឌ និង​ច្បាប់​គ្រប់គ្រង​សាសនា​ខាងលើ​។ 
 
​មិន​ត្រឹមតែ​ទង្វើ​ដែល​ប្រព្រឹត្ត​នៅ​សិង្ហ​បុរី​ឡើយ សូម្បីតែ​សកម្មភាព​ដែល​កើត​នៅ​បរទេស​ដែលមាន​សិង្ហ​បុរី​ជា​គោលដៅ ក៏​អាច​ជាប់ទោស​ដែរ​។ ក្រសួងមហាផ្ទៃ​សិង្ហ​បុរី​លើកឡើងថា ការបញ្ចូល​លក្ខខណ្ឌ​នេះ ជា​រឿង​ចាំបាច់ ខណៈដែល​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់ បន្ត​ការរាំងស្ទះ​ដល់​សុខដុម​រម​នីយកម្ម​សាសនា​នៅ​សិង្ហ​បុរី ទោះជា​បទល្មើស​ទាំងនោះ​កើតឡើង​នៅក្រៅ​បរទេស​ក៏ដោយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia ។​
 
​សូមបញ្ជាក់ថា ច្បាប់ MRHA ដែល​ដាក់​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ​១៩៩២ បានផ្ដល់​អំណាច​ឲ្យ​មានការ​រក្សា​សុខដុមរ​ម​នីយកម្ម​នៅ​សិង្ហ​បុរី​ដោយ​ផ្អែកលើ​គោលការណ៍​សំខាន់​ចំនួន​ពីរ​។ ទីមួយ គឺ​អ្នកដើរ​តាម​សាសនា​ផ្សេងគ្នា ត្រូវ​រក្សា​ការអត់ធ្មត់​ដាក់គ្នា​ទៅវិញទៅមក និង​ជំនឿ​សាសនា​ដទៃ និង​មិនត្រូវ​ឲ្យ​មាន​សត្រូវ​សាសនា​ឡើយ​។ ទី​ពីរ គឺ​សាសនា​ត្រូវ​នៅ​ឆ្ងាយ​ពី​នយោបាយ​៕ 

Tag:
 សិង្ហ​បុរី​
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com