អន្តរជាតិ
សប្តាហ៍​ថ្មី​នៃ​ការតវ៉ា​ប្រឆាំង​ថ្មី​នៅក្នុង​ទីក្រុង​ហុងកុង​
03, Sep 2019 , 1:39 pm        
រូបភាព
និស្សិត​ជាង​៣០.០០០នាក់​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​សាកលវិទ្យាល័យ Hong Kong Chinese University កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។
និស្សិត​ជាង​៣០.០០០នាក់​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ​នៅ​សាកលវិទ្យាល័យ Hong Kong Chinese University កាលពី​ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។
ដោយ: VOA
​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​មួយ និង​នៅក្នុង​ឧទ្យាន​មួយកន្លែង​នៅ​ជិត​មជ្ឈមណ្ឌល​រដ្ឋាភិបាល ពួក​សិស្ស​រាប់ម៉ឺន​នាក់ បាន​រួបរួមគ្នា កាលពី​ថ្ងៃ​ចន្ទ​នៅពេលដែល​ពួកគេ​ធ្វើពហិការ​មិន​ចូល​ថ្នាក់រៀន​ហើយ​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​ការទាមទារ​របស់​ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​បានធ្វើ​បាតុកម្ម​នៅតាម​ផ្លូវ​នានា​អស់​រយៈពេល​ជិត​៣​ខែ​។​

 
​ពួក​អ្នករៀបចំ​ចាត់ចែង បាន​និយាយថា សិស្សសាលា​មធ្យមសិក្សារ​ហូត​ដល់​១​ម៉ឺន​នាក់ មិន​ចូល​ថ្នាក់រៀន ហើយ​ប្រហែល​ពាក់កណ្តាល​នៃ​សិស្ស​ទាំងនោះ បានធ្វើ​បាតុកម្ម​នៅ​ជិត​មជ្ឈមណ្ឌល​របស់​ក្រុង​។​
 
​សិស្ស​ដែល​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ​ដែលជា​របស់​ចលនា​នោះ មុខ​របស់​ពួកគេ​គ្រប​ដោយ​កន្សែង​និង​របាំងមុខ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​ការទាមទារ​ចំនួន​៥​ចំណុច ដែល​រួមមាន​ការដកចេញ​ទាំងស្រុង​នូវ​សេចក្តីព្រាងច្បាប់​ដ៏​អាក្រក់​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​បត្យាប័ន​ទៅកាន់​ចិនដីគោក​ហើយ​និង​មានការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ពី​ការប្រើ​ហិង្សា​របស់​ប៉ូលិស​។ សិស្ស​ខ្លះ​បាន​និយាយថា បញ្ហា​នេះ នឹង​បន្ត បើ​មិន​លុបចោល​សេចក្តីព្រាងច្បាប់​បត្យាប័ន​នោះ​ទាំងស្រុង​ទេ​។​
 
​និស្សិត​ម្នាក់​មានឈ្មោះ Alex អាយុ​២២​ឆ្នាំ ដែល​ទើប​ប្រឡង​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​កាលពីពេល​ថ្មី​នេះ​ដែល​បាន​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ​គ្រប​តាំងពី​ក្បាល​ដល់​ជើង បាន​និយាយថា «​នៅពេលដែល​អ្នក មើល​បញ្ហា​នេះ វា​ជា​ប្រព័ន្ធ​។ បញ្ហា​គឺ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ ពលរដ្ឋ​នឹងមិន​ចុះចាញ់​ទេ​»​។​
 
​នៅពេលដែល​ពួកគេ ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​របស់​ទីក្រុង ពួក​និស្សិត និង​បាតុករ​ផ្សេងទៀត បាន​ជ្រើស​យក​មធ្យោបាយ​ហិង្សា​ដែល​ប៉ះទង្គិច​ជាមួយនឹង​កម្លាំង​ហួសប្រមាណ​របស់​ប៉ូលិស​ក្រុង​ហុងកុង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com