អន្តរជាតិ
លោកស្រី ការី ឡាំ បញ្ជាក់ថា​មិន​ធ្លាប់​ពិភាក្សា​រឿង​លាលែង​តំណែង​ជាមួយ​ចិន​ឡើយ
03, Sep 2019 , 8:39 pm        
រូបភាព
ប្រធានប្រតិបត្តិក្រុងហុងកុង លោកស្រី ការី ឡាំ
ប្រធានប្រតិបត្តិក្រុងហុងកុង លោកស្រី ការី ឡាំ
ដោយ:
​មេដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ (Carrie Lam) បានបញ្ជាក់​នៅ​ថ្ងៃទី​៣ ខែកញ្ញា ថា លោកស្រី ពុំ​ធ្លាប់​ស្នើសុំ​រដ្ឋាភិបាល​ចិន អនុញ្ញាត​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​របស់​ទីក្រុង​នេះឡើយ​។ ការលើកឡើង​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ពាក់ព័ន្ធ​នឹង​ខ្សែអាត់​សំឡេង​របស់លោក​ស្រី​ដែល​និយាយថា លោកស្រី​នឹង​ដើរ​ចេញពី​កៅអី​កំពូល​នេះ ប្រសិនបើ​លោកស្រី​មានលទ្ធភាព​នោះ​។​

 
​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន តាមរយៈ​ទូរទស្សន៍​មួយ ប្រមុខ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង លោកស្រី ការី ឡាំ បានបញ្ជាក់​ឲ្យ​ដឹងថា លោកស្រី​ពុំ​ធ្លាប់​ពិចារណា​ស្នើសុំ​លាលែង​ពី​តំណែង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឡើយ​។ ត្រង់នេះ លោកស្រី សង្កត់ធ្ងន់ថា ជម្រើស​នៃ​ការចុះ​ចេញពី​តំណែង ស្ថិតក្នុង​ដៃ​លោកស្រី​។  
 
​ទន្ទឹមនេះ ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង​រូបនេះ បាន​និយាយ​ក្តែ​ងៗ​ទៀតថា ក្រុង​ប៉េកាំង ជឿជាក់ថា លោកស្រី​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ហុងកុង​ដែល​អូសបន្លាយ​រយៈពេល​៣​ខែ  ដោយ​គ្មាន​ការធ្វើអន្តរាគមន៍​ណាមួយ​ពី​សំណាក់​យោធា​ចិន​។ 
 
«​ក្នុង​រយៈពេល​៣​ខែ​កន្លងទៅនេះ ខ្ញុំ​ប្រាប់​ខ្លួនឯង​ម្តង​ហើយ​ម្តង​ទៀតថា ខ្ញុំ​និង​ក្រុម​ខ្ញុំ គួរ​នៅ​បន្ត​ដើម្បី​ជួយ​ក្រុង​ហុងកុង […] នេះ​ជា​ហេតុផល​ដែល​ខ្ញុំ​និយាយថា ខ្ញុំ​មិនទាន់​ផ្តល់​ជម្រើស​មួយ​ដល់​ខ្លួនឯង ដោយ​ជ្រើស​យក​ផ្លូវ​ងាយស្រួល ហើយ​វា​គឺជា​ការ​ដើរចេញ​»​។ លោកស្រី ការី ឡាំ លើកឡើង​បែបនេះ ដោយ​បន្ថែមថា លោកស្រី​អន់ចិត្ត​ចំពោះ​ការ​បែកធ្លាយ​ខ្សែអាត់​សំឡេង ដែល​លោកស្រី​ចែករំលែក​ពី​ដំណើរ​ផ្សងព្រេង​នៃ​បេះដូង​លោកស្រី​។  
 
​សូមបញ្ជាក់ថា យោងតាម​ខ្សែអាត់​សំឡេង​ដែល​បែកធ្លាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២ ខែកញ្ញា លោកស្រី ការី ឡាំ បាន​និយាយថា បច្ចុប្បន្ន សមត្ថភាព​លោកស្រី​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​ហុងកុង មាន​កម្រិត​ខ្លាំង ដ្បិតថា លោកស្រី បម្រើ​ម្ចាស់​ចំនួន​ពីរ ហើយ​បញ្ហា​នេះ បានក្លាយ​ទៅជា​កម្រិត​ថ្នាក់ជាតិ​។ ការលើកឡើង​របស់លោក​ស្រី​បែបនេះ ចង់​សំដៅ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
 
​តាម​ខ្សែអាត់​សំឡេង​ដដែល លោកស្រី បាន​ប្រាប់​មេដឹកនាំ​អាជីវកម្ម​ធំៗ​ក្នុង​ទីក្រុង​ហុងកុង កាលពី​សប្តាហ៍​ថា លោកស្រី បាន​បង្កើត​ការ​មហា​ចលាចល​ដែល​មិនអាច​លើកលែង​បាន ដោយ​ដាក់​ស្នើ​សេចក្តីព្រាងច្បាប់​ស្តីពី​បត្យាប័ន​។ ប្រសិនបើ​លោកស្រី​មាន​ជម្រើស លោកស្រី​នឹង​សុំ​អភ័យទោស និង​លាលែង​ពី​តំណែង​៕

Tag:
 ហុងកុង​
  ចិន​
  ការី​ឡាំ​
© រក្សាសិទ្ធិដោយ thmeythmey.com