ជាតិ
សុខភាព
ការបាក់​ដី នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​កណ្តាល បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ផ្ទះ​ជិត​៩០​ខ្នង និង​ផ្លូវ
03, Sep 2019 , 5:06 pm        
រូបភាព
ការ​បាក់ដី​នៅ​​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ​ ​ដែល​ក្រុម​មន្ត្រី​កំពុង​តែ​​រៀបចំ​បាវ Geotextile Bags ដើម្បី​ទប់​ស្កាត់​ពី​ការ​បាក់ដី រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ការ​បាក់ដី​នៅ​​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​ត្បូង​ឃ្មុំ​ ​ដែល​ក្រុម​មន្ត្រី​កំពុង​តែ​​រៀបចំ​បាវ Geotextile Bags ដើម្បី​ទប់​ស្កាត់​ពី​ការ​បាក់ដី រូបភាពពីក្រសួងធនធានទឹក និងឧតុនិយម
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា​រយៈពេល​ថ្មីៗ​នេះ នៅតាម​បណ្តា​ខេត្ត​នានា​កំពុង​តែមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ទឹក​តាម​ដង​ទន្លេមេគង្គ​មានការ​ហក់​ឡើង​ខ្លាំង​ផងដែរ​។ ទន្ទឹមនឹង​ការ​ហក់​ឡើង​នូវ​ទឹកទន្លេ​នេះ ក៏​បណ្តាល​ឲ្យ​តំបន់​ដែល​នៅជាប់​ទន្លេ​រង​ការបាក់​ដី និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ ផ្ទះសម្បែង របស់​ប្រជាពលរដ្ឋ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។


 
​កាលពី​ថ្ងៃទី​០២ ខែកញ្ញា ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ដែល​ធ្វើ​ឲ្យ​ទឹក​តាម​ដង​ទន្លេ​ហូរ​ខ្លាំង និង​បានធ្វើ​ឲ្យ​បាក់​ច្រាំង​ដី​ជាច្រើន​កន្លែង​ផ្សេងគ្នា​ផងដែរ​។ តំបន់​ដែល​រង​ការប៉ះពាល់​ខ្លាំងជាងគេ​នោះ​គឺ​ស្ថិតនៅ​ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ប៉ះពាល់​ដល់ផ្ទះ​ចំនួន​២៨​ខ្នង​។ សម្រាប់​នៅ​ថ្ងៃទី​០៣ ខែកញ្ញា នេះ ការបាក់​ដី​នៅក្នុង​ស្រុក​ក្រូចឆ្មារ​នៅតែ​បន្ត​បាក់ បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះសម្បែង​ចំនួន​៣៨​ខ្នង​ទៀតផង​ដែរ​។ ចំណែក​នៅក្នុង​ឃុំ​ស្វាយ​ឃ្លាំង ខេត្ត​ត្បូងឃ្មុំ ក៏បាន​ប៉ះពាល់​ដល់ផ្ទះ​ចំនួន​១០​ខ្នង​ដែរ​។ 
 
​ខណៈពេល​ដែលមាន​បាតុភូត​នេះ​កើតឡើង ក្រុមមន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះទៅ​ក្រាល​ខ្សាច់​ទ្រនាប់​បាត​មាត់ច្រាំង រៀប​បាវ​ខ្សាច់ ដើម្បី​ទប់ស្កាត់ និង​ការពារ​ច្រាំង​ដែល​បាក់​នោះ​។ ម្យ៉ាងទៀត​ក៏មាន​ចាក់​ថ្ម​ល្អិត​ធ្វើ​ផ្លូវ ដើម្បី​បង្វែរ​ចរាចរណ៍​បណ្តោះអាសន្ន​។ 
 
​នៅ​ថ្ងៃទី​០២ ខែកញ្ញា កន្លងទៅ នៅ​ខេត្តកណ្តាល​ក៏មាន​ករណី​បាក់​ច្រាំងទន្លេ​ចំនួន​៣​កន្លែង​ផ្សេងគ្នា​ផងដែរ នៅ​ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ភូមិ និង​ផ្ទះសម្បែង​របស់​ពលរដ្ឋ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ 
 
​បើតាម​ការផ្សាយ​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​០៣ ខែកញ្ញា​នេះ ក្នុង​នៅ​ភូមិ​កំពង់​ឫស្សី ឃុំ​ជី​រោទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក៏មាន​ករណី​បាក់​ច្រាំង ដែល​ក្រុមមន្ត្រី​បាន​រៀប​បាវ Geotextile Bags ដើម្បី​ទប់ស្កាត់ និង​អាច​គ្រប់គ្រង​ស្ថាន​ការ​បាន​ហើយ​៕
 

Tag:
 បាក់​ដី​
 ​ទឹក​ហូរ​
 ​ទឹកភ្លៀង​
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com