នៅថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការមកដល់នៃព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកលើកទី៣០ ដែលត្រូវនឹងលើកទី៧ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៨នេះ។ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា នៅក្នុងប្រទេសកម្ពុជា។
លោក គង់ នួន ប្រធានក្រុមហ៊ុន បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនេះថា ការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិកនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ នៅសាលសន្និសីទចតុមុខ។ បើតាមលោក គង់ នួន ការប្រគំតន្ត្រីនេះ នឹងមានការចូលរួមពីក្រុមតន្ត្រីដ៏ល្បីល្បាញ និងចំណាស់មួយដែលមានអាយុកាលប្រមាណជាជិត ១០០ឆ្នាំ មកពីចក្រភពអង់គ្លេស គឺក្រុម London Chamber Orchestra ក្រោមការដឹកនាំរបស់លោក Christopher Warren-Green។ ក្រៅពីនេះ ក៏មានការចូលរួមពីសិល្បករខ្មែរដ៏លេចធ្លោផងដែរគឺក្រុមតន្ត្រីសម័យ Small World Small Band ដែលជាក្រុមចម្រៀងប្រមូលផ្ដុំដោយ យុវជនវ័យក្មេង ពោរពេញដោយសមត្ថភាព ទេពកោសល្យ និងការតស៊ូក្នុងជីវិត។
លោក គង់ នួន បានបន្ថែមទៀតថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងយាងចូលរួមជាធិបតីភាព ដ៏ឧត្តុង្គឧត្តម ជាទីបំផុត នៅក្នុងការប្រគំតន្ត្រីសប្បុរសធម៌ តូយ៉ូតាក្លាស៊ិក នៅក្នុងខែវិច្ឆិកានេះ ហើយនេះគឺជាឆ្នាំទី៥ ដែលព្រះករុណា ទ្រង់ចូលរួមជាកិត្តិយសក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើមនេះ។
គួរបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានប្រារព្ធ តន្ត្រីសប្បុរសធម៌ តូយ៉ូតា ក្លាស៊ិក ជាលើកដំបូងនៅឆ្នាំ២០១៣។ គិតមកត្រឹមឆ្នាំ២០១៨ ថវិកាសប្បុរសធម៌ដែលប្រមូលបានពីការលក់សំបុត្រ និងការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន មានចំនួន ២១៤,៩០១ ដុល្លារសហរដ្ឋអាមេរិក។ ការប្រគំតន្ត្រី តូយ៉ូតា ក្លាស៊ិក នាឆ្នាំនេះ នឹងមានការចូលរួមសម្តែងពីបណ្តាប្រទេសចំនួន ៦ ក្នុងតំបន់អាស៊ីដូចជា៖ ប្រទេសឡាវ ថៃ ប្រ៊ុយណេ ម៉ាឡេស៊ី កម្ពុជា ម៉ាឡេស៊ី និងប្រទេសវៀតណាម។
សំបុត្រចូលរួមទស្សនា មានតម្លៃ ៣៥ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយសន្លឹក និងមានដាក់លក់ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ នេះតទៅ នៅគ្រប់សាខានៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក្នុងរាជធានីភ្នំពេញ និងនៅខេត្តបាត់ដំបង និងខេត្តសៀមរាប។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន តូយ៉ូតា ក៏នឹងលក់សំបុត្រតាម Onlineផងដែរ គឺតាមរយៈ Last 2 Ticket Asia។ រាល់ថវិកា ដែលទទួលបានពីការលក់សំបុត្រ ក្នុងការប្រគំតន្ត្រីក្នុងឆ្នាំនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបរិច្ចាគ ជាមូលនិធិសប្បុរសធម៌ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប និងមជ្ឈមណ្ឌលព្យាបាលកុមារ Japan Heart ដែលត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០០៩ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្រាប់ផ្តល់សេវាព្យាបាល និងបណ្តុះបណ្តាលអប់រំ លើតំហែទាំសុខភាព និងអនាម័យដល់ប្រជាជនក្រីក្រ នៅតាមតំបន់ដាច់ស្រយាលដោយពុំគិតកម្រៃ។
លោក ឧកញ៉ា គង់ នួន ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ទិញសំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីនេះ ឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកក្នុងកម្មវិធីសប្បុរសធម៌ ជួយសង្គ្រោះដល់ជីវិតកុមារកម្ពុជារាប់លាននាក់ ដែលកំពុងតែរងគ្រោះ និងត្រូវការជំនួយ។
លោក គង់ នួន បានថ្លែងឲ្យដឹងទៀតថា ឆ្នាំនេះក៏ជាឆ្នាំទី២ ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបន្តគម្រោង «អ្នកអាចធ្វើបាន» ឬ "Start Your Impossible” ជាមួយនឹងសកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ជាថ្មីម្តងទៀត ដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរនូវបទពិសោធន៍ តូរ្យតន្ត្រី រវាងក្រុម London Chamber Orchestra និងក្រុមនិស្សិតសកលវិទ្យាល័យផងដែរ។ ការសហការនេះ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ លោក គង់ នួន បញ្ជាក់ដូច្នេះ៖«ក្រុមហ៊ុន តូយ៉ូតាជឿជាក់ថា តាមរយៈសកម្មភាពផ្លាស់ប្តូរបទពិសោធន៍នេះ យើងជឿជាក់ថា ក្រុមនិស្សិត នឹងអាចពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួន សម្រាប់ចាប់យកឱកាសសម្តែងនៅលើឆាកជាតិ និងអន្តរជាតិ នៅថ្ងៃណាមួយជាក់ជាមិនខាន»។
ក្រៅពីការប្រគំតន្ត្រីសប្បុរសធម៌តូយ៉ូតា ក្លាស៊ិកនេះ ក្រុមហ៊ុន តូយ៉ូតា ក៏បានរួមចំណែកក្នុងកិច្ចការសង្គម ដូចជា ការប្រកួតគំនូររថយន្តតូយ៉ូតាក្នុងក្តីស្រមៃ ការបរិច្ចាគមូលនិធិសម្រាប់គាំទ្រលើផ្នែកសុខភាព និងវេជ្ជសាស្ត្រ ការផ្តល់អាហារូបករណ៍ ជូនដល់និស្សិតក្រីក្រ ការអប់រំលើសុវត្ថិភាពចរាចរណ៍ ការចូលរួមដាំកូនឈើ និងការប្រកួតកីឡាបាល់ទាត់សម្រាប់កុមារ ជាដើម។
(អត្ថបទពាណិជ្ជកម្ម)