រដ្ឋាភិបាល​កម្ពុជា​-​ម៉ាឡេស៊ី ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ដោះស្រាយ​បញ្ហា​សុខភាព​ពលករ​ខ្មែរ នៅ​ម៉ាឡេស៊ី​
ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​កម្ពុជា​-​ម៉ាឡេស៊ី ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ដោះស្រាយ​បញ្ហា​សុខភាព​ពលករ​ខ្មែរ នៅ​ម៉ាឡេស៊ី​
03, Sep 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា អំណរគុណ​ចំពោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​ផ្តល់ឱកាស​ការងារ​ដល់​ពលករ​ខ្មែរ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម អំពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក មហា​ធៀ មហាម៉ាត់ (Mahathir Mohamad)  នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មកកាន់​កម្ពុជា​ចាប់ពី​ថ្ងៃទី​២-៤​កញ្ញា ឆ្នាំ​២០១៩​។​

 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ​៩៤​ឆ្នាំ​រូបនេះ  បាន​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​សម្តេច ហ៊ុន សែន នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៣​កញ្ញា ដោយ​សម្រេចបាន​នូវ​សេចក្តីថ្លែងការណ៍​រួម​ចំនួន​១៧​ចំណុច​។  ក្នុងនោះ​ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​លើ​ចំណុច​ទី​១១ បាន​សរសេរ​ដូច្នេះ​ថា​៖«​ថ្នាក់ដឹកនាំ​ទាំងពីរ លើកទឹកចិត្ត​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ ដើម្បី​បន្ត​ពង្រឹង​ក្របខ័ណ្ឌ​ដែល​បាន​ព្រមព្រៀងគ្នា​ក្នុង​វិស័យ​ការងារ និង​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល​កាន់តែ​ជិតស្និទ្ធ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ការពារ​សិទ្ធិ និង​ដោះស្រាយ​បញ្ហា​សុខុមាលភាព​របស់​ពល​ករ​ចំណាកស្រុក​កម្ពុជា នៅ​ម៉ាឡេស៊ី​»​។​
 
​រដ្ឋាភិបាល​កម្ពុជា​-​ម៉ាឡេស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាថ្មី​ឡើងវិញ កាលពី​ថ្ងៃទី​១០​ធ្នូ ឆ្នាំ​២០១៥ ស្តីពី​ការបញ្ជូន​ពលរដ្ឋ​ខ្មែរ​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​បាន​ផ្អាក​អស់​រយៈពេល​ជាច្រើន ដើម្បី​សិក្សា​កែលម្អ​ឡើងវិញ​។ របាយការណ៍​ពី​ក្រសួង​ការងារ​ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ជាង​៣​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ម៉ាឡេស៊ី​៕ 
 

Tag:
 ការងារ​
  ពលករ​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com