ជាតិ
អ្នកជំនាញ​កសិកម្ម​៖ ការ​លាយ​ដី​ឲ្យ​ត្រឹមត្រូវ ទើប​ធ្វើ​ឲ្យ​ដំណាំ​លូតលាស់​បានល្អ​!
16, Apr 2020 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ ការដាំដុះ​ដំណាំ​ជា​រឿង​សំខាន់ ដែល​កសិករ​ត្រូវ​យកចិត្តទុកដាក់ ជាពិសេស​ការរៀបចំ​ដី និង​លាយ​ដី​ឲ្យ​បានល្អ​។ បើតាម​អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ ដើម្បី​បាន​ដី​ល្អ​សម្រាប់​ដាំ​ដុះ កសិករ​ត្រូវ​ចេះ​ស្វែងរក​ដី​មាន​ជីជាតិ​, ត្រូវ​លាយ​ដី​ជាមួយ​ធ្យូង​អង្កាម និង​លាយ​ជាមួយ​ជីធម្មជាតិ​។


 
​ការ​លាយ​ដី​ឲ្យ​បានល្អ វា​មាន​ប្រយោជន៍ និង​ជួយ​ដល់​ដំណាំ​របស់​កសិករ​ឲ្យ​លូតលាស់​បានល្អ​។ ម្យ៉ាងវិញទៀត ការ​លាយ​ដី មាន​ជីជាតិ​នៅ​ស្រទាប់​ខាងលើ ដែលមាន​ជាតិ​មមោក និង​សារធាតុសរីរាង្គ រួមទាំង​សារធាតុចិញ្ចឹម​នៅក្នុង​ដី​។ ដើម្បី​លាយ​ដី​ដាំ​ដំណាំ​ឲ្យ​បានល្អ គេ​ត្រូវការ​ដី​ដែលមាន​ជីជាតិ​, ធ្យូង​អង្កាម និង​ជីធម្មជាតិ​។ ក្នុង​បទ​សម្ភាស​ខ្លី​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម បញ្ជាក់ថា សារៈប្រយោជន៍​របស់​ធ្យូង​អង្កាម​ដែល​លាយ​ដី​សម្រាប់​ដាំ​ដំណាំ គឺ​ធ្យូង​អង្កាម ធ្វើ​ឲ្យ​ដី​ផុស រក្សា​សំណើម​បានយូរ និង​ជួយ​ដល់​ការលូតលាស់​របស់​ឫស​។ ចំណែកឯ ជីធម្មជាតិ ជា​ប្រភេទ​ជី​ដែល​បានមកពី​លាមក​សត្វ ហើយ​វា​ធ្វើ​ឲ្យ​ដី​ផុស​ល្អ​។​
 
​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​ដូចតទៅ​៖ 
 
 
​អ្នកជំនាញ​កសិកម្ម  លោក យ៉ង សាំង​កុមារ ពន្យល់ថា​៖ «​ជា​គោល​យើង​ផ្សំ​ជាមួយ​ដី ដែល​សម្បូរ​ដោយ​សារធាតុសរីរាង្គ និង​របស់​ដែលមាន​ជីវិត​, មាន​ជីជាតិ​, មាន​សារធាតុចិញ្ចឹម ដើម្បី​ផ្សំ​ចូលគ្នា ទើប​គេ​ហៅថា​ដី​ល្អ​»​។ បន្ថែម​លើ​នេះ ការរក្សា​ទុក​ដី​ឲ្យ​បានល្អ មុននឹង​យកទៅ​ដាំ​ដំណាំ​ផ្សេងៗ អាច​ប្រើពេល​រយៈពេល​មួយខែ ហើយ​កសិករ​អាច​ដឹងបាន​ដោយ​លូក​មើលថា បើ​ដី​នោះ​នៅ​ក្តៅ និង​ស្អិត គឺ​មិន​អាចយ​កវាម​កដាំ​បានទេ ព្រោះ​វា​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ដំណាំ​។ 
 
​ការ​លាយ​ដី​សម្រាប់​ដាំ​ដំណាំ​នេះ មាន​លំបាក​ក្នុង​ការរក​ធាតុ​ផ្សំ ដូចជា ត្រូវយក​អង្កាម​មក​ដុត​ឲ្យ​ទៅជា​ធ្យូង​អង្កាម​, ដី​ត្រូវ​ទៅយក​មកពី​ព្រៃភ្នំ ឬ​ប្រើ​ដី​ដែល​នៅ​ស្រទាប់​លើ​ដែលមាន​កាកសំណល់​ពី​ធម្មជាតិ​។ ជាមួយគ្នានេះ កសិករ​ក៏ត្រូវ​ការ​ជីកំប៉ុស​យកមក​លាយ ហើយ​ករណីខ្លះ អាច​យក​ផេះ ដែល​បានមកពី​ការដុត​ឈើ ឬ​អុស ដែល​នាំ​ឲ្យ​មាន​សារធាតុ​រ៉ែ​ជំនួយ​ដល់​ដី​ផងដែរ​៕
 

Tag:
 កសិកម្ម​
  ដី​
  យ៉ង សាំង​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com