អន្តរជាតិ
ស្ត្រីឆេកម្នាក់សម្រាលកូន ខណៈដែលខ្លួនស្ថិតក្នុងស្ថានភាពសន្លប់អស់១១៧ថ្ងៃ
× ស្ត្រីម្នាក់នៅសាធារណរដ្ឋឆេក ស្ថិតក្នុងក្រុង Brno ដែលស្លាប់ខួរក្បាលអស់រយៈពេល៤ខែមកហើយនោះ បែរជាបង្កើតបានកូនស្រីម្នាក់។ យោងតាម AFP ក្រុមគ្រូពេទ្យបានប្រកាសពីដំណឹងនេះ កាលពីថ្ងៃទី២ ខែកញ្ញា។
«ទារិកា Eliska បានកើតចេញពីផ្ទៃម្តាយ ដោយសារការវះកាត់ ក្រោយម្តាយពរពោះដល់សប្តាហ៍ទី៣៤»។ នេះបើតាមការអះអាងរបស់លោក Roman Gal អ្នកជំនាញវះកាត់នៅមន្ទីរពេទ្យក្រុង Brno នាសន្និសីទសារព័ត៌មានមួយ។
កាលពីឆ្នាំ២០១៦ អ្នកស្រី Eva Votavova អាយុ២៧ឆ្នាំ ដែលជាម្តាយរបស់ Eliska ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺខួរក្បាលធ្ងន់ធ្ងរ។ នៅថ្ងៃទី២១ ខែសីហា អ្នកស្រី Eva បានដួលសន្លប់ ហើយត្រូវបានពិនិត្យឃើញថា មានផ្ទៃពោះ១៦សប្តាហ៍។
ក្រុមគ្រូពេទ្យបានប្រកាសថា Eva មានជំងឺស្លាប់ខួរក្បាល ប៉ុន្តែក្រុមគ្រូពេទ្យ បន្តថែទាំសរីរាង្គរបស់ម្តាយរូបនោះ ជាពិសេសបេះដូង សួត ក្រពះ ពោះវៀន និងដំណើរការផ្សេងៗផ្នែកដង្ហើម។
Eliska កើតមកដោយជោគជ័យជាមួយនឹងទម្ងន់២,១៣គីឡូក្រាម និងកម្ពស់៤២សង់ទីម៉ែត្រ។ ក្រោយនៅពេទ្យបាន២សប្តាហ៍ ឪពុកបានយក Eliska ទៅថែរក្សានៅផ្ទះ ដោយមានបងប្រុសរបស់គេនៅទីនេះ ខណៈម្តាយបន្តព្យាបាលជំងឺប្រចាំកាយរបស់ខ្លួនរហូតដល់ជីវិតចុងក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com