អត្ថបទ៖ ស៊ីធី
លោក ជា រិទ្ធ ជាគ្រូបង្វឹកនិងជាម្ចាស់ ក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបបានបង្ហើបថា ដ្បិតក្លិបមិនសម្ភារទំនើបដូចក្លិបប្រដាល់មួយចំនួន ប៉ុន្តែ លោកនិងកូនសិស្សមានមហិច្ឆតាដើម្បីធ្វើឲ្យមានភាពរីកចម្រើន និង ធ្វើការដោយក្ដីស្រលាញ់លើវិស័យក្បាច់គុនខ្មែរ។
លោក ជា រិទ្ធ បានបញ្ជាក់ថា៖«ខ្ញុំនិងកូនសិស្សសុទ្ធតែបង្ហាញក្ដីស្រលាញ់រហូតដល់ខ្ញុំឈប់បង្រៀនសិស្សនៅសាលាដើម្បីបង្ហាត់សិស្សប្រដាល់។ ហើយកូនសិស្សខ្ញុំមា្នក់ៗក៏ខិតខំខ្លាំងក្លាដែរក្នុងដំណើររួមគ្នា។ ខ្ញុំមិនបោះបង់ងាយៗទេហើយចង់ពង្រីកក្លិបតទៅទៀតបើមានលទ្ធភាព។ បច្ចុប្បន្ន ខ្ញុំមានកូនសិស្ស ៨ នាក់ ហើយអ្នកដែលសកម្មជាងគេនិងឡើងសង្វៀនញឹកដូចជា គង់ សំបូរ, ឫទ្ធ សាស្ត្រវុធ, រឿន ឈី, ល័ក្ខ លាត និង រិទ្ធ វជិរៈ ជាដើម»។
គ្រូបង្វឹកដែលដឹកនាំគង់ សំបូរ ទៅប្រកួតនៅសង្វៀន ONE Championship កាលខែ កុម្ភៈ បានបន្តទៀតថា បច្ចុប្បន្នក្លិបមានតែបាវសាក់មួយ, ស៊ីបដៃមួយគូ, ហ្គង់ពីរបីគូ, ស៊ីបជើងមួយ តាពី និង ពិបាកពេលឡាំគ្នាដោយអត់មានសង្វៀនត្រឹមត្រូវ ហើយ ក៏អត់មានស្មងជើងពាក់ទាត់ដែរ។ បញ្ហានេះធ្វើឲ្យចាញ់ប្រៀបកីឡាករគូប្រជែងរបស់ក្លិបមួយចំនួនដែលមានសម្ភារហ្វឹកហាត់គ្រប់គ្រាន់។ យ៉ាងណាក្ដី កូនសិស្សរបស់លោក ខំក្រាញននៀល និង បង្ហាញខ្លួនលើសង្វៀនមិនចាញ់កូនសិស្សមកពីក្លិបផ្សេងៗដែលមានសម្ភារល្អសម្រាប់ហ្វឹកហាត់នោះឡើយ។
គ្រូបង្វឹករូបនេះសង្កត់ធ្ងន់ថា៖«យើងចាញ់ប្រៀបគេលើសម្ភារហាត់បន្តិច ប៉ុន្តែចិត្តសាស្ត្រ ក្បាច់ប្រយុទ្ធ និង ទឹកចិត្តអ្នកប្រយុទ្ធរបស់យើងមិនចាញ់គេទេ។ យើងត្រូវតែច្នៃ និង ហាត់ត្រៀមរួមទាំងការមើលចំណុចខ្លាំងរបស់គូបដិបក្ខ»។
អតីតកូនសិស្សលោក ទឹម ម៉ៃទី បានគូសបញ្ជាក់ទៀតថា៖«បើមានលទ្ធភាព ឬ ដៃគូសហការទៅថ្ងៃអនាគត ខ្ញុំចង់ពង្រីកនិងរៀបចំក្លិបឲ្យល្អដោយមានលក្ខណៈស្ដង់របៀបខ្មែរមួយ។ ប៉ុន្តែពេលនេះមិនទាន់មានលទ្ធភាព ហើយបន្តហ្វឹកហាត់ទៅទីតាំងជួលសិន។ ខ្ញុំមិនទាន់ដឹងថាអាចពង្រីកធំពេលណា។ ហើយទីតាំងបច្ចុប្បន្ន គឺ ជួលគេតម្លៃ ១០០ ដុល្លារអាមេរិកក្នុង១ខែ»។ ទោះជាក្លិបមិនទាន់រីកធំ ប៉ុន្តែ លោកនៅតែមានឆន្ទៈដើម្បីជ្រើសកីឡាករជំនាន់ក្រោយឲ្យមកហ្វឹកហាត់ដើម្បីស្នងកីឡាករចាស់ៗ។ សព្វថ្ងៃនេះមានកីឡាករវ័យក្មេងទម្ងន់ ៣០ គីឡូក្រាម ដែលមានឈ្មោះបោះសំឡេងដូចជា ខេន ចៅព្រិន និង រិទ្ធ វជិរៈ ហើយពួកគេបង្ហាញខ្លួនលើសង្វៀននៅរាជធានីភ្នំពេញហូរហែ។ ក្នុង ការជ្រើសរើសកីឡាករវ័យក្មេងឲ្យចូលហ្វឹកហាត់ប្រដាល់នៅក្លិប គុហារព្រហ្មជ័យខេត្តសៀមរាប លោក ជា រិទ្ធ ផ្ដោតលើក្ដីយុវជនមានក្ដីស្រលាញ់ពិតប្រាកដ ទេពកោសល្យ និង ពុះពារហ្វឹកហាត់ដើម្បីប្រយុទ្ធ មិនមែនយកអ្នកអត់មានឆន្ទៈមកហ្វឹកហាត់នោះឡើយ។
គួរបញ្ជាក់ថា ក្លិបប្រដាល់គុហារព្រហ្មជ័យខេត្តសៀមរាបស្ថិតនៅភូមិថ្មី ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប។ ក្លិបនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដែលមានលោក ជា រិទ្ធ ជាអ្នកផ្ដួចផ្ដើម និង ជាម្ចាស់ក្លិប។