អន្តរជាតិ
លោក មហាធៀ៖ មន្ត្រីរាជការ ត្រូវតែបម្រើសាធារណៈ ទើបប្រជាជនទុកចិត្ត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ថ្លែងក្នុងកិច្ចសន្ទនាពិសេស នៅ RUPP ថ្ងៃ ២ កញ្ញា
× ក្នុងនាមជាមន្ត្រីរាជការដែលបម្រើការក្នុងរដ្ឋាភិបាលនៃប្រទេសមួយ តាមក្បួនខ្នាត អ្នកមានកាតព្វកិច្ចបម្រើប្រទេសនោះ និយាយជារួម គឺ បម្រើសាធារណៈ ។ នេះជាលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ដោយព្រមានទៀតថា កាលណា មន្ត្រីរំលោភអំណាច ហើយភ្លេចកាតព្វកិច្ចខ្លួន ច្បាស់ណាស់ ប្រជាជននឹងទាញពួកគេទម្លាក់ ដូចករណីនៅម៉ាឡេស៊ី។
ឆ្លើយតបនឹងសំណួររបស់បុរសម្នាក់ដែលបានអះអាងថាជា «មន្ត្រីនៃក្រសួងការបរទេស» ក្នុងកិច្ចសន្ទនាពិសេស នាសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក មហាធៀ បញ្ជាក់ថា៖ «នៅពេលអ្នកនិយាយថា វាគឺជាសេវាសាធារណៈ វាត្រូវតែបម្រើសាធារណៈ»។
ដោយយកប្រទេសម៉ាឡេស៊ីជាឧទាហរណ៍ មេដឹកនាំចាស់វស្សារូបនេះ និយាយថា៖ «នៅពេលយើងទទួលបានឯករាជ្យ និងចាប់ផ្តើមគ្រប់គ្រងប្រទេសខ្លួនឯង។ យើង ត្រូវគិតគូរអំពីប្រជាជន»។ ត្រង់នេះ លោកបន្ថែមថា រដ្ឋាភិបាលត្រូវធ្វើការច្រើន ដើម្បីស្វែងរកមធ្យោបាយធ្វើឲ្យប្រទេសរីកចម្រើន និងពង្រឹងសេដ្ឋកិច្ចជាតិ ក្រោមរូបភាព កាត់បន្ថយនិកម្មភាព និងបង្កើតរោងចក្របន្ថែម ជាដើម។
នៅមុខនិស្សិត និងមន្ត្រីជិត១ពាន់នាក់ លោកនាយករដ្ឋមន្ត្រី មហាធៀ បញ្ជាក់ទៀតថា៖ «កាលណាអ្នក [មន្ត្រី] ធ្វើបែបនេះ ប្រជាជននឹងបន្តគាំទ្រអ្នក»។ យ៉ាងណាមិញ លោក សង្កត់ធ្ងន់ថា កាលណាមន្ត្រីរំលោភអំណាចដែលពួកគេមានហើយនោះ ដូច្នេះ ប្រជាជននឹងមិនទុកពួកគេធ្វើការបន្តទៀតឡើយ។
ករណីនេះ បានកើតឡើងលើរដ្ឋាភិបាលម៉ាឡេស៊ីមុនរបស់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ។ លោក មហាធៀ និយាយបែបនេះ ដោយបន្ថែមថា ប្រជាជនបានគាំទ្របក្សលោកណាជីបអស់រយៈពេល ៦១ឆ្នាំ ប៉ុន្តែនៅពេលមន្ត្រីក្នុងរដ្ឋបាលនោះភ្លេចកាតព្វកិច្ចពួកគេចំពោះសាធារណៈ ប្រជាជនបានបោះឆ្នោតទម្លាក់ចោលតែម្តង។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក មហាធៀ បែបនេះ ធ្វើឡើងក្នុងកិច្ចសន្ទនាពិសេសស្តីពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន» (Balancing Relations with the Superpowers in the context of ASEAN)» ដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី២ ខែកញ្ញា៕
Tag:
មហាធៀ
ម៉ាឡេស៊ី
មន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com