អន្តរជាតិ
លោក ឌូទើតេ ឲ្យអ្នកវិនិយោគចិនជួបលោកដោយផ្ទាល់ បើមានបញ្ហាក្នុងការរកស៊ីនៅហ្វីលីពីន
× ប្រមុខដឹកនាំហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានបំពេញទស្សកិច្ចផ្លូវការប្រាំថ្ងៃក្នុងទីក្រុងប៉េកាំងរបស់ចិន។ តាមរយៈដំណើរទស្សនកិច្ចនេះ ប្រមុខដឹកនាំប្រទេសរូបនេះ មិនត្រឹមតែចង់ពង្រឹង និងពង្រីកទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធក្នុងកម្រិតរដ្ឋាភិបាលប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែចង់បញ្ចុះបញ្ចូល និងទាក់ទាញអ្នកវិនិយោគធំៗដោយផ្ទាល់របស់ចិនទៅកាន់ហ្វីលីពីនផងដែរ។
ក្នុងដំណើរទស្សនកិច្ចលើកប្រាំទៅកាន់ចិន លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសជាចំហរពីគោលនយោបាយ និងលក្ខខណ្ឌអនុគ្រោះរបស់ហ្វីលីពីនសម្រាប់អ្នកវិនិយោគចិន ដើម្បីជាផ្នែកមួយ នៃការបង្កើនទំហំការវិនិយោគចិនទៅកាន់ហ្វីលីពីន ស្របពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរ ក៏កំពុងតែមានភាពស្អិតល្មួតស្រាប់ហើយនោះ។
តាមការចុះផ្សាយរបស់សារព័ត៌មានហ្វីលីពីន Philstar នៅចំពោះមុខក្រុមអ្នកវិនិយោគចិន លោកប្រធានាធិបតី បានកត់សម្គាល់ថា កន្លងមក ក្រុមអ្នកវិនិយោគ មានការស្ទាក់ស្ទើរក្នុងការចូលទៅរកស៊ីនៅក្នុងទឹកដីហ្វីលីពីន ដោយសារតែបញ្ហាធំៗមួយចំនួន ដូចជា អំពើពុករលួយរបស់ភ្នាក់ងារដ្ឋ សន្តិសុខ និងសណ្តាប់ធ្នាប់ជាដើម។
ក៏ប៉ុន្តែតាមរយៈវេទិកាធុរកិច្ចនោះ លោកប្រធានាធិបតី បានប្រកាសច្បាស់ថា ក្នុងអាណត្តិដឹកនាំរបស់លោក លោក មិនអនុញ្ញាតឲ្យមានអំពើពុករលួយ ឬការសូកប៉ាន់អ្វីឡើយ។ លោកប្រធានាធិបតី ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រសិនអ្នកវិនិយោគមានចម្ងល់ ឬបញ្ហាអ្វីមួយ អាចទៅជួបទាក់ទងជាមួយនឹងលោកផ្ទាល់តែម្តងក៏បាន។
ខណៈដាក់បញ្ជាឲ្យកាត់បន្ថយនីតិវិធីក្នុងដំណើរការសុំការអនុញ្ញាតការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេស ប្រមុខដឹកនាំរូបនេះ ក៏បានអះអាងទៀតថា លោក មិនអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាល ឬភ្នាក់ងាររដ្ឋណាមួយ រំខាន ឬបំផ្លាញកិច្ចការធុរកិច្ចរបស់អ្នកវិនិយោគបានឡើយ។
គួរជម្រាបថា ចិន ក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ហ្វីលីពីនផងដែរ។ នៅឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនដល់ ៥៥ ពាន់លានដុល្លារ។
ទំនាក់ទំនងប្រទេសទាំងពីរ បានមានភាពស្អិតល្មួតនឹងគ្នាខ្លាំង ក្នុងអាណត្តិដឹកនាំរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ។ ហើយនេះ ក៏ជាគោលនយោបាយឈ្នះ-ឈ្នះមួយរបស់លោកប្រធានាធិបតី ដែលមិនចាត់ទុកចិន ជាគូសត្រូវ ដ្បិតប្រទេសទាំងពីរ មានជម្លោះទឹកដី ខណៈព្យាយាមធ្វើសហប្រតិបត្តិការជាមួយចិនកាន់តែខ្លាំងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មដើម្បីធានាឲ្យនូវការអភិវឌ្ឍប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com