ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញាំ​ភ្លាមៗ គេង​ភ្លែត ប្រយ័ត្ន​ដាច់​សរសៃឈាម​ខួរក្បាល រួមទាំង​បញ្ហា​សុខភាព​ច្រើន​ទៀត​
04, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ហេតុអ្វី​ទើប​អ្នក​មិនគួរ​គេង​ភ្លាមៗ ក្រោយពេល​ទទួលទាន​អាហារ​? បើទោះជា​ការ​គេង និង​ការ​ទទួលទាន​អាហារ​សំខាន់​ចំពោះ​សុខភាព ប៉ុន្តែ​ការ​គេង​ភ្លាមៗ ក្រោយពេល​ទទួលទាន​អាហារ​ពេល​ថ្ងៃត្រង់ ឬ​ល្ងាច​អាច​ជះឥទ្ធិពល​គួរ​ឲ្យ​ព្រួយបារម្ភ​។ ចន្លោះពេល​ដ៏​សមស្រប​បំផុត​នៃ​ការទទួល​ទាន​អាហារ និង​ការ​គេង គឺ​គម្លាត​ពី ២ ទៅ ៣ ម៉ោង​។​


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​បញ្ហា​សុខភាព​ដែល​អាច​កើតឡើង ប្រសិនបើ​អ្នក​បន្ត​ទម្លាប់​គេង​ភ្លាមៗ ក្រោយពេល​ទទួលទាន​អាហារ​រួច ៖
 
១. ឡើង​ទម្ងន់​
​ការ​គេង​ភ្លាម​ក្រោយពេល​ទទួលទាន​អាហារ គឺអាច​បណ្ដាលឱ្យ​ឡើង​ទម្ងន់​បាន​យ៉ាង​ងាយ​។ ដើម្បី​រក្សាបាន​នូវ​ទម្ងន់​សមតុល្យ​វា​ចាំបាច់​ក្នុងការ​ដុតបំផ្លាញ​កាឡូរី ប៉ុន្តែ​នៅពេល​យើង​គេង​ភ្លាមៗ បន្ទាប់ពី​អាហារ​ថ្ងៃ​ត្រង់នោះ​ការដុត​បំផ្លាញ​កាឡូរី គឺ​មិនអាច​កើតឡើង​បានឡើយ​។ ផ្ទុយទៅវិញ កាឡូរី​ទាំងអស់ គឺ​ត្រូវ​ស្ដុក​ទុក​ក្នុង​រាងកាយ​។ ប្រសិនបើ​អ្នក​បន្ត​អនុវត្ត​ទម្លាប់​មិនល្អ​នេះ​យូរ​ទៅ អ្នកនឹង​ជួបប្រទះ​នូវ​បញ្ហា​នៃ​ការឡើង​ទម្ងន់​យ៉ាងខ្លាំង​។​
 
២. ពិបាក​ក្នុង​ការរំលាយ​អាហារ​
 
​ជាធម្មតា​យើង​តែង​តម្រេក​ខ្នង​គេង​ផ្ងារ ឬ​បែរ​ទៅ​ម្ខាង​បន្ទាប់ពី​ទទួលទាន​។ ក្នុង​ទីតាំង​បែបនេះ​ឱកាស​ដែល​ទឹក​អាស៊ីត​ក្រពះ​ហូរ​ត្រឡប់​ទៅកាន់​បំពង់​អាហារ​វិញ គឺមាន​ខ្ពស់​ណាស់ ហើយ​វា​នឹង​បង្ក​ឲ្យ​មាន​ការផលិត​អាស៊ីត​លើស​កម្រិត​។ ដំណើរការ​នេះ​អាច​បណ្ដាលឱ្យ​អ្នក​ជួបប្រទះ​នូវ​បញ្ហា​ក្រហាយ​ទ្រូង ហើយក៏​រំខាន​ដល់​ការ​គេង​ផងដែរ​។​
 
៣. ច្រាល​អាស៊ីត​ក្រពះ​
 
​នៅពេល​អាហារ​ចូលដល់​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ការបញ្ចេញ​ទឹក​អាស៊ីត​នឹង​ចាប់​ផ្ដើមឡើង​។ ការ​គេង​ភ្លាមៗ​បន្ទាប់ពី​ទទួលទាន​អាហារ​នឹងធ្វើ​ឱ្យ​អាស៊ីត ហូរ​ត្រឡប់​ទៅក្នុង​បំពង់​អាហារ​វិញ​ដែល​បង្កបញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។​
 
៤. បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​
 
​ការស្រាវជ្រាវ​ជាច្រើន​បាន​បង្ហាញថា​គម្លាត​ពេល​រាល់ ២០ នាទី នៃ​ការ​គេង និង​ការ​ទទួលទាន​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដល់​ទៅ ២០ ភាគរយ​។​នៅពេល​យើង​គេង​ភ្លាម​ក្រោយពេល​អាហារ ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ទទួលបន្ទុក​ធ្វើការ​បន្ថែម​ដើម្បី​បំពេញ​ដំណើរការ​នៃ​ការរំលាយ​អាហារ​។ នេះ​អាច​ជះឥទ្ធិពល​ដល់​ការកើនឡើង​នៃ​ជាតិ​ស្ករ​នៅក្នុង​ឈាម​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែល​វា​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​សុខភាព ព្រមទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។​
 
៥. រំខាន​ដល់​ដំណេក​
 
​ការទទួល​ទាន​អាហារ​ច្រើន​ត្រូវការ​ពេល​យ៉ាងហោចណាស់ ពី ២ ទៅ ៣ ម៉ោង ដើម្បី​រំលាយ​ហេតុនេះ​វា​ត្រូវតែមាន​ចន្លោះ​ម៉ោង​រវាង​ការ​ទទួលទាន​និង​ការ​គេង​។ បើ​មិន​ដូច្នោះ​ទេវា​អាច​បណ្ដាលឱ្យ​ឈឺពោះ​ដោយសារតែ​ការពិបាក​រំលាយ​អាហារ ហើយ​បង្ក​ការរំខាន​ដល់​ដំណេក​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com