អន្តរជាតិ
បេក្ខជន​ប្រធានាធិបតី​១០​នាក់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ជជែក​ដេញដោល​នៅ​ថ្ងៃទី​១២ ខែកញ្ញា​ខាងមុខនេះ​
04, Sep 2019 , 3:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​វ៉ាស៊ីនតោន ៖ បញ្ជី​សម្រាប់​ការជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ខែកញ្ញា​នេះ​ត្រូវ​បានរៀបចំ​រួចរាល់​ហើយ​។ បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​សរុប​ចំនួន ១០ នាក់ មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការជជែក​ដេញដោល​នៅក្នុង​ទីក្រុង Houston រដ្ឋ Texas នៅ​ថ្ងៃទី ១២ ខែកញ្ញា​ខាងមុខនេះ ដែល​ចំនួន​នេះ​ស្មើនឹង​ពាក់កណ្ដាល​នៃ​ចំនួន​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជជែក​ដេញដោល​គ្នា​កាលពី​ពីរលើក​មុន​ដែល​បានធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​យប់​។​

 
​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden ដែលជា​បេក្ខជន​នាំមុខគេ​ផ្អែកលើ​ការស្ទង់មតិ​សាធារណៈ​នានា មានឈ្មោះ​ដំបូង​គេ​នៅក្នុង​បញ្ជី​បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការជជែក​ដេញដោល​លើក​ទី​៣ របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នេះ​។​
 
​លោក Joe Biden និយាយ​ដូច្នេះ​ថា​៖ «​យើង​ត្រូវតែ​រួមគ្នា​បង្រួបបង្រួម​ប្រទេសជាតិ​ឡើងវិញ​។ ការ​ផ្ដួល​លោក Donald Trump គឺ​វា​នឹង​មិនទាន់​គ្រប់គ្រាន់​ទេ​។ នេះ​គឺ​គ្រាន់តែ​ជាការ​កម្ចាត់​ឧបសគ្គ​ដ៏​ធំ​បំផុត​ចេញ​តែប៉ុណ្ណោះ​។ ប៉ុន្តែ យើង​ត្រូវតែ​បង្រួបបង្រួម​ប្រទេសជាតិ​។ យើង​ត្រូវតែ​រួមគ្នា​បង្រួបបង្រួម​ប្រជាពលរដ្ឋ​ជាថ្មី​ឡើងវិញ​»​។​
 
​នេះ​គឺជា​លើកដំបូង​ហើយ ដែល​លោក Biden នឹង​ឡើងលើ​ឆាក​ជជែក​ដេញដោល​ជាមួយនឹង​គូប្រជែង​ដ៏​សំខាន់​របស់លោក ដែល​នោះ​គឺ​អ្នកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Massachusetts​។​
 
​អ្នកស្រី Warren ទទួលបាន​ការគាំទ្រ​កើនឡើង​នៅក្នុង​ការស្ទង់មតិ ដោយសារ​អ្នកស្រី​បាន​សន្យាថា​នឹង​នាំមក​នូវ​ការផ្លាស់ប្ដូរ​ដោយ​ឥត​ចន្លោះ​ចំពោះ​ប្រទេសជាតិ​។​
 
​អ្នកស្រី​ថ្លែង​ដូច្នេះ​ថា​៖ «​យើង​នឹង​មិនអាច​ដោះស្រាយ​បញ្ហា​ដោយ​ប្រើ​ច្បាប់​មួយ ឬក៏​ច្បាប់​ពីរ​បី​នោះទេ​។ វិធី​តែមួយគត់​ដែល​យើង​អាច​ដោះស្រាយ​បញ្ហា​បាន​គឺ​ត្រូវ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ដ៏​ធំ​មួយ​។ តើ​អ្នក​ត្រៀមខ្លួន​រួចរាល់​ហើយ​ឬ​នៅ​សម្រាប់​ការផ្លាស់ប្ដូរ​នេះ​?​​»​។​
 
​អ្នក​ដែល​នឹង​ឡើង​ជជែក​ដេញដោល​នៅលើ​ឆាក​ផងដែរ​គឺ​លោក Bernie Sanders ដែលជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont​។ លោក Sanders បន្ត​ប្រជែង​ជាមួយនឹង​អ្នកស្រី Warren ដើម្បី​ឲ្យ​បាន​ក្លាយជា​អ្នកមាន​ការគាំទ្រ​លំដាប់​ទី​ពីរ​បន្ទាប់ពី​លោក Biden​។​
 
​លោក Sanders និយាយ​ដូច្នេះ​ថា​៖ «​យើង​មិនមែន​និយាយ​អំពី​ឋាន​ល្អឥតខ្ចោះ​នោះទេ​។ យើង​និយាយ​អំពី​ប្រទេសជាតិ​មួយ​ដែល​មនុស្ស​រស់នៅ​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ និង​សេចក្ដីសុខ ហើយ​នេះ​គឺជា​អ្វីដែល​យើង​នឹង​សម្រេច​ឲ្យ​បាន​ទាំងអស់​គ្ន‍ា​»​។​
 
​បេក្ខជន​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការជជែក​ដេញដោល​នៅ​ខែកញ្ញា​នេះ​ផងដែរ​គឺ​អ្នកស្រី Kamala Harris សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ California លោក Pete Buttigieg អភិបាលក្រុង South Bend រដ្ឋ Indiana លោក Cory Booker សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ New Jersey លោក Beto O'Rourke អតីត​សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ Texas អ្នកស្រី Amy Klobuchar សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota លោក Julian Castro អតីតរដ្ឋមន្ត្រី​ក្រសួង​លំនៅឋាន និង​អភិវឌ្ឍ​ទីក្រុង និង​លោក Andrew Yang ដែលជា​សហគ្រិន​។​
 
​សម្រាប់​បេក្ខជន​ដទៃទៀត​ដែល​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ខកចិត្ត​ដ៏​ខ្លាំង​មួយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកស្រី Susan Page នៃ​កាសែត USA Today​។​
 
​អ្នកស្រី Susan Page និយាយ​ដូច្នេះ​ថា​៖ «​ដោយសារ​មាន​បេក្ខជន​ច្រើន​ដូចនេះ ពលរដ្ឋ​មានការ​លំបាក​ក្នុងការ​ស្វែងយល់ថា​បេក្ខជន​ណា​ល្អ ដើម្បី​សម្រេច​គាំទ្រ​បេក្ខជន​នោះ​។ ប្រសិនបើ​អ្នក​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​បាន​ឡើង​ឆាក​ជជែក​ដេញដោល​នោះទេ នោះ​វា​កាន់តែ​លំបាក​សម្រាប់​អ្នក​ទៅទៀត​»​។​
 
​អ្នកស្រី Kirsten Gillibrand សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ New York ស្ថិតក្នុង​ចំណោម​អ្នក​ដែល​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឡើង​ឆាក​ជជែក​ដេញដោល ហើយ​អ្នកស្រី​បានសម្រេច​ចិត្ត​បញ្ចប់​យុទ្ធនា​ការឃោសនា​របស់​អ្នកស្រី​ភ្លាមៗ​។​
 
​អ្នកស្រី​និយាយ​ដូច្នេះ​ថា​៖ «​វា​សំខាន់​ក្នុងការ​ដឹងថា​នៅពេលណា​ដែល​មិនទាន់​ដល់ពេល​របស់​អ្នក និង​ក្នុង​ការដឹង​អំពី​ថា​តើ​អ្នក​អាច​បម្រើ​សហគមន៍ និង​ប្រទេស​របស់​អ្នក​ឲ្យ​បាន​ប្រសើរ​តាម​វិធី​ណា​»​។​
 
​លក្ខខណ្ឌ​កាន់តែ​តឹងតែង​ឡើង​សម្រាប់​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​របស់​បេក្ខជន​នៅក្នុង​ការជជែក​ដេញដោល​នេះ​កំពុង​ចាប់ផ្ដើម​ចម្រាញ់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកវិភាគ​លោក Darrell West នៃ​វិទ្យាស្ថាន Brookings​។​
 
​លោក Darrell West និយាយ​ដូច្នេះ​ថា​៖ «​ចំនួន​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ចាប់ផ្ដើម​ធ្លាក់ចុះ នៅពេលដែល​រដូវ​ស្លឹកឈើ​ជ្រុះ​ឈានចូល​មកដល់ និង​ស្រប​ពេលដែល​ការប្រជុំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Iowa នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ កាន់តែ​ខិតជិត​ចូលមក​ដល់​។ នៅពេលនោះ ប្រហែល​ជាមាន​បេក្ខជន​ចំនួន ១២ នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​សម្រាំង​ដោយ​ហ្មត់ចត់​»​។​
 
​អ្នក​ដែល​មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការជជែក​ដេញដោល​នៅពេល​ខាងមុខនេះ​ទៀត​មានដូចជា​លោក Steve Bullock អភិបាលរដ្ឋ Montana អ្នកស្រី Tulsi Gabbard សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ Hawaii និង​លោក Tom Steyer ដែលជា​សកម្មជន​បរិ​ស្ថាន និង​ជា​មហាសេដ្ឋី​៕

© រក្សាសិទ្ធិដោយ thmeythmey.com